ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក និង​ឧតុនិយម និង JICA ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ៩ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង ឯកឧត្តម លឹ​ម គាន​ហោ…

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ៩ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញ្ញាត​ឲ្យ​លោក​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា ចូល​ជួប​សំដែង​ការ​គួរសម ដើម្បី​ណែនាំ​ខ្លួន​ជាទី​ប្រឹក្សា​ផ្នែក​គោល​នយោបាយ​នៃ JICA ដែល​ទើបបាន​តែងតាំង​ថ្មី បម្រើ​ការងារ​នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​លោក Sugano Yuichi ប្រធាន JICA ប្រចាំ​កម្ពុជា និង​សហការី ព្រមទាំង​បាន​អបអរសាទរ ចំពោះ​លោក Doi Yoshihilo ដែល​ត្រូវ​បាន​ជ្រើសតាំង​ជាទី​ប្រឹក្សា​គោលនយោបាយ​ផ្នែក​ធារាសាស្ត្រ និង​ប្រព័ន្ធ​ដោះ​ទឹក​នៃ JICA ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្ត​ពី​លោក Shiozawa Kenichi ដែល​នឹង​ត្រូវ​ចប់​អណ​ត្តិ​ការងារ​នៅ​កម្ពុជា នា​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​លោក Shiozawa Kenichi ខិតខំ​ប្រឹងប្រែង​បំពេញ និង​សម្រេច​បាន​ក្នុង​អណ​ត្តិ​ការងារ​របស់​លោក​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​បាន​ល្អ​ប្រសើរ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង JICA តាម​រយៈ​ការ​គាំទ្រ​លើ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ធនធានទឹក​នៅ​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជូនពរ​ដល់​លោក Shiozawa Kenichi ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត ក្នុង​ការងារ​ថ្មី​របស់​លោក និង​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង ក្នុង​ការ​បន្ត​កិច្ចសហការ​ល្អជា​មួយ​លោក Doi Yoshihilo ដើម្បី​នាំ​មក​នូវ​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​ធនធានទឹក ដែល​ក្រសួង​បាន​និង​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន និង​នា​ពេល​ខាង​មុខ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ តាម​រយៈ​លោក Sugano Yuichi ប្រធាន JICA ប្រចាំ​កម្ពុជា ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ដែល​បាន​និង​កំពុង​រួមចំណែក​ជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ធនធានទឹក​ផង​ដែរ ឲ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ ។

លោក​ប្រធាន JICA ប្រចាំ​កម្ពុជា បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​រូប​លោក និង​សហការី បាន​ចូល​ជួប​សំដែង​ការ​គួរសម​ដើម្បី​ណែនាំ​ទីប្រឹក្សា​គោលនយោបាយ​ថ្មី លោក Doi Yoshihilo សម្រាប់​អណ​ត្តិ​ការងារ​រយៈពេល ០២ ឆ្នាំ (២០១៩-២០២១) ។

តាង​នាម លោក Shiozawa Kenichi ដែល​ត្រូវ​ចប់​អណ​ត្តិ​ការងារ និង​លោក Doi Yoshihilo ដែល​នឹង​ត្រូវ​ទទួល​ការងារ​បន្ត លោក​ប្រធាន JICA ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ធនធានទឹក និង​ឧតុ​និយម ជា​ពិសេស ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល និង​ផ្តល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ដល់​រូប​លោក​ទាំង​ពីរ​ក្នុង​ការ​បំពេញការងារ​នា​ពេល​កន្លង​មក និង​សម្រាប់​ពេល​ខាង​មុខ ។

តាម​រយៈ​កិច្ច​ពិភាក្សា​ក្នុង​ជំនួប ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​ប្រធាន JICA ប្រចាំ​កម្ពុជា បាន​ផ្តោត​លើ​ការងារ​ជា​អាទិភាព​ក្នុង​វិស័យ​ធនធានទឹក និង​ការ​រួមចំណែក​ជួយ​គាំទ្រ​របស់​ជប៉ុន​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ធនធានទឹក​នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​ប្រធាន JICA ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង JICA ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ធន​ធានទឹក ដើរតួ​នាទី​ជា​ស្នូល​កាន់តែ​សំខាន់​ក្នុង​ការ​រួមចំណែក​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មានការ​រីក​លូតលាស់​ជា​បន្ត ប្រកបដោយ​ចីរភាព ។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ សម្រាប់​វិស័យ​ធន​ធានទឹក​នៅ​កម្ពុជា ជប៉ុន​បាន​ជួយ​គម្រោង​ពាក់​ព័ន្ធ​មួយ​ចំនួន​មាន​ជា​អាទិ៍​៖ ការ​ស្តារ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​, ការ​ប្រើប្រាស់​ធនធានទឹក​អាង​ទន្លេ​, ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ជំនួយ​ផ្នែក​បច្ចេកទេស​តាម​រយៈ​ការ​ចាត់​បញ្ជូន​ជំនាញការ ទីប្រឹក្សា​​រយៈពេល​ខ្លី និង​មធ្យម បម្រើ​ការ​ជួយ​ក្នុង​គម្រោង ក៏​ដូច​ជា​សម្រាប់​ក្រសួង ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ