ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ថ្នាំ​គីមី​លាយ​គ្នា​ច្រកចូល​ក្នុង​ប៊ីដុង​​… ផ្ទុះ​​លាន់​យ៉ាង​កក្រើក

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​ប៊ីដុង​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា​ដែល​សម្រាប់​ដាក់​ដើម​តា​ង៉ែ​ន​ឱ្យ​ចេញ​ផ្កា​ផ្លែ​បាន​ផ្ទុះ​យ៉ាង​កក្រើក​ដូច​ផ្ទុះ​គ្រាប់​មីន បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​-​ស្រាល​៤​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​ប៊ីដុង​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា​ដែល​សម្រាប់​ដាក់​ដើម​តា​ង៉ែ​ន​ឱ្យ​ចេញ​ផ្កា​ផ្លែ​បាន​ផ្ទុះ​យ៉ាង​កក្រើក​ដូច​ផ្ទុះ​គ្រាប់​មីន បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​-​ស្រាល​៤​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ ធី​ម រឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា (​របួសធ្ងន់​) ២-​ឈ្មោះ អ៊ុត សុវណ្ណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា (​របួសធ្ងន់​) ៣-​ឈ្មោះ ធី​ម រតនា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា (​រង​របួសស្រាល​) និង​៤- ឈ្មោះ ខាត់ សា​ឡែ​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា (​រង​របួសស្រាល​) ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ បាន​ចាប់​ផ្តើម​លាយ​ជីគីមី​ប​ញ្ជូ​ល​គ្នា​បង្កើត​ជា​អ័រម៉ូន ឬ​ភាសា​ថៃ​ហៅ​ថា​(​សាន​) ដើម្បី​យក​ទៅ​ដាក់​ដើម​តា​ង៉ែ​ន​ឲ្យ​ចេញ​ផ្កា​ផ្លែ បន្ទាប់​ពី​លាយ​ប​ញ្ជូ​ល​គ្នា​រួច​ជន​រង​គ្រោះ​យក​ទៅ​ក្រឡុក ដើម្បី​ឲ្យ​ចូល​សាច់​តែ​មួយ ស្រាប់តែ​បង្ក​ឲ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ដូច​ផ្ទុះ​គ្រាប់​មីន​ធ្វើ​ឲ្យ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​រង​របួស​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ព្រមទាំង​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ផ្សេង​ទៀត​រង​របួស​ជាមួយ​គ្នា​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​វត្តមាន​លោក ចេ​ន ញ៉ា​ន់ អភិបាលរង​ខេត្ត និង​អធិការ​ក្រុងប៉ៃលិន​ដឹង​នាំ​មន្ត្រី​ក្រោម​ឱវាទ ព្រមទាំង​មន្ត្រី​កំចាត់​មីន​(​ស៊ី​ម៉ាក់​) ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​នឹង​កន្លែង ។ ចំណែក​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង ។

បើ​តាម​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ករណី​ផ្ទុះ​ផ្អើល​នេះ គឺ​ដោយសារ​តែ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​យក​ថ្នាំ​គីមី​លាយ​ប​ញ្ជូ​ល​គ្នា បង្កើត​ជា​អ័រម៉ូន ឬ​ជី​សាន​ច្រក​ដាក់​ក្នុង​ប៊ីដុង​រួច​ក្រឡុក ទើប​ធ្វើ​ឱ្យ​ផ្ទុះ​រង​របួស​តែ​ម្តង ។ ហើយ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​ជន​រង​គ្រោះ​ដែល​របួសស្រាល គឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ចំពោះ​ករណី​នេះ​ក៏​មានការ​លើក​ឡើង​ពី​មន្ត្រី​ជំនាញ​ផង​ដែរ​ថា ថ្នាំ​គីមី​ដែល​ជន​រង​គ្រោះ​យក​​មក​លាយ​បញ្ជូន​គ្នា​ជា​ប្រភេទ​ថ្នាំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ហើយ​ប្រសិនជា​យើង​មិន​ចេះ​ជំនាញ​ច្បាស់លាស់​នោះ​ទេ ដូច្នេះ​សូមកុំ​ប្រថុយ​លាយ​បញ្ជូន​គ្នា​ឲ្យ​សោះ ព្រោះ​អាច​គ្រោះថ្នាក់​ជាយថា​ហេតុ​​ដូច​ករណី​ខាងលើ​ផង​ដែរ ហើយ​នេះ​ជា​លើក​ទី​១ ដែល​មាន​ករណី​ផ្ទុះ​បែប​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ