សហរដ្ឋអាមេរិក-តៃវ៉ាន់ ៖ ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារប្រទេសអាមេរិកអះអាងនាថ្ងៃទី៨កក្កដាថា ក្រសួងការបរទេសបានអនុម័តហើយលើការលក់គ្រឿងសព្វាវុធដ៏សំខាន់ឲ្យកោះតៃវ៉ាន់ ដែលមានទឹកប្រាក់សរុប២,២ពាន់លានដុល្លារ។
ការលក់អាវុធនោះដែលរួមមានជាពិសេសរថក្រោះប្រយុទ្ធធុន M1A2 ABRAMSចំនួន១០៨គ្រឿងនិងមីស៊ីលដី-អាកាសរយៈខ្លីធុនSTINGERចំនួន២៥០ ត្រូវបានបញ្ជូនឲ្យសភា។ សភាមានពេល៣០ថ្ងៃដើម្បីអាចជំទាស់តែមើលទៅហាក់គ្មានទេ។
ការប្រកាសពីការលក់គ្រឿងសព្វាវុធនោះរបស់អាមេរិក គឺចង់បង្កឲ្យចិនខឹងសម្បា ដោយចិនចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ ការប្រកាសលក់គ្រឿងសព្វាវុធនោះក៏កើតមាន ក្នុងកាលៈទេសៈដែលក្រុងប៉េកាំងនិងក្រុងវ៉ាស៊ិនតោន កំពុងមានសង្គ្រាមពាណិជ្ជកម្មមួយចាប់តាំងពីច្រើនខែមកហើយ។
កោះតៃវ៉ាន់ធ្លាប់អះអាងកាលពីដើមខែមិថុនា ពីចេតនារបស់ខ្លួន បញ្ជាទិញគ្រឿងសព្វាវុធទាំងនេះពីសហរដ្ឋអាមេរិក។ ក្រុងប៉េកាំងនាពេលនោះ បានសម្ដែងពីការព្រួយបារម្ភខ្លាំងរបស់ខ្លួនចំពោះរឿងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកSENG SHUANGគូសបញ្ជាក់ថា យើងបានទទូចជាច្រើនលើកលើប្រការដែលសហរដ្ឋអាមេរិក ត្រូវតែយល់ច្បាស់លើរឿងដ៏រសើបនៃការសម្រេចរបស់ខ្លួន លក់អាវុធឲ្យតៃវ៉ាន់ ហើយត្រូវគោរពគោលការណ៍ចិនតែមួយ។
យោងតាមក្រសួងការពារប្រទេសអាមេរិកថា ការលក់អាវុធទាំងនេះនឹងគ្រាន់ជាការធ្វើឲ្យទំនើបគ្រឿងឧបករណ៍យោធារបស់តៃវ៉ាន់ ហើយនឹងពុំប៉ះពាល់ ដល់តុល្យភាពនៃកម្លាំងយោធាក្នុងតំបន់ឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ