រាជធានីភ្នំពេញ ៖ អ្នករៀបចំកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍CTN លោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ បានយល់ស្របការសុំទៅបួសមួយជីវិតរបស់តារាកំប្លែងនាយតាក់ស៊ី ប៉ុន្តែលោកសម្តែងការសោកស្តាយនូវទេពកោសល្យរបស់តារារូបនេះ ។
ក្នុងនាមជាមេក្រុមកំប្លែងលោកវ៉ិចទ័រ កាលពីពេល ថ្មីៗកន្លងមកនេះបានសម្តែងការសោកស្តាយទេពកោសល្យរបស់នាយតាក់ ស៊ី ខណៈពេលដែលនាយបែរជាសម្រេចចិត្តទៅបួសមួយជីវិត ដោយលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនបានតស៊ូពីមុនមក ។
លោកសុវណ្ណ រិទ្ធី បានអះអាង លោកបានទទួលពាក្យសុំឈប់ពីនាយតាក់ ស៊ី តាំងពីថ្ងៃទី១៧ ខែឧសភា មកម្ល៉េះ ហើយលោកក៏បានសម្រេចចិត្តធ្វើតាមបំណងរបស់នាយដែលបានទទូចសុំ ។
បើតាមលោកតាវ៉ិចទ័រ ចាប់តាំងពីប្រឡូកក្នុងក្រុមកំប្លែងរបស់CTN តាំងពីឆ្នាំ២០០៩មក នាយតាក់ស៊ី គឺជាតារាមួយរូបដែលមានការចាប់អារម្មណ៍ពីទស្សនិកជន ដោយសារតែនាយមានទេពកោសល្យសម្តែងល្អ និងអាចជួយក្រុមឲ្យផ្ទៃរឿងមានការផ្ទុះសំណើច ។ លោកថា ការសុំឈប់ពីនាយតាក់ស៊ី ដើម្បីបួសនាពេលនេះគឺជាការបាត់បង់នូវធនធានមនុស្សមួយដ៏ល្អរបស់ក្រុមកំប្លែងលោក ក្នុងពេលដែលលោកកំពុងតែមានការរៀបចំនូវឈុតឆាកសម្តែងថ្មីបន្ថែមទៀត ។
ទោះបីជាយ៉ាងណាក្តីអវត្តមានតារាកំប្លែងនាយតាក់ស៊ី ចេញពីក្រុមនោះ លោកសុវណ្ណ រិទ្ធី ថានឹងមិនរកតារារូបណាម្នាក់មកជំនួសតំណែងរបស់នាយឡើយ ពោលដោយសារក្រុមកំប្លែងរបស់លោកមានសមាជិនប្រមាណជាង២០នាក់ ដូចនេះមិនមានបញ្ហាចោទរឿងតួសម្តែងនោះឡើយ ។
តារាកំប្លែងនាយ តាក់ ស៊ី បានសម្រេចចាកចេញពីអាជីពសិល្បៈកណ្ដាលទី ហើយងាកទៅរកព្រះធម៌ជំនួសវិញ ខណៈពេលដែលលោកនឹងមិនយកអ្វីដុំកំភួនទៅជាមួយឡើយ ពោលគឺទៅតែខ្លួនប៉ុណ្ណោះ ។ មិនត្រឹមប៉ុណ្ណឹងលោកបានសុខចិត្តបើកផ្លូវឲ្យនាងភីម ជាភរិយា រកអ្នកថ្មីជំនួសខ្លួនថែមទៀត ។នាយតាក់ស៊ី អះអាងថា ការសម្រេចចិត្តបួសនេះព្រះអង្គ និងភរិយា មិនមានបញ្ហាល្អក់កករអ្វីនឹងគ្នា ដោះស្រាយមិនចេញរហូតគេចទៅរកព្រះធម៌នោះឡើយ ។ ហេតុផលសំខាន់ៗ គឺមានតែបញ្ហាសុខភាព និងឧបនិស្ស័យជាមួយព្រះធម៌ប៉ុណ្ណោះ ក្នុងនោះលោកបានដាក់ចិត្តថានឹងទៅបួសជាយូរមកហើយ។
តារាកំប្លែងនាយតាក់ស៊ី មានជំងឺទឹកនោមផ្អែមប្រមាណ១០ឆ្នាំកន្លងមកហើយ ។ ជំងឺនេះចាប់ផ្តើមធ្វើទុក្ខខ្លាំងចាប់ពីអំឡុងឆ្នាំ២០១៣មក ដែលជាហេតុធ្វើឲ្យជីវភាពគ្រួសារតារាកំប្លែងមួយនេះមិនមានលក្ខណៈល្អប្រសើរ ព្រោះតែត្រូវការចំណាយលើការព្យាបាល ។ នាយតាក់ស៊ី ធ្លាប់ឆ្លងកាត់ជីវិតជាក្មេងកំព្រាឪពុក ដើររើសអេតចាយ តែនាយខំតស៊ូ រហូតបានក្លាយជាតារាកំប្លែងល្បីឈ្មោះ បន្ទាប់ពីបានប្រឡងជាប់ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងក្រុមកំប្លែង CTN នៅឆ្នាំ២០០៩-២០១០ ។ នាយបានដូរឈ្មោះពីមុល សារឿន មកនាយតាក់ស៊ី ឯភរិយាប្តូរឈ្មោះពីសុភាន់ មកជានាងភីម សម្រាប់ហៅក្នុងអាជីពសិល្បៈ ។
នាយតាក់ស៊ី មានស្រុកកំណើតនៅភូមិវត្តរំដួល ស្រុកសង្កែ ខេត្តបាត់ដំបង ។ នាយបានរៀបការនៅឆ្នាំ២០០៦ និងមានកូនប្រុសម្នាក់ ៕ (កែ សម្រួលដោយ៖ បុប្ផា)
ចែករំលែកព័តមាននេះ