ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​ថៃទិញកណ្តូបពីខ្មែរក្នុង១ថ្ងៃ​ចន្លោះ​ពី​៥០០​គីឡូ​ទៅ​១​តោន​ឯណោះ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រដូវវស្សា​នេះ​បន្ទាប់​ពី​ផុត​រដូវ​លក់​ផ្សិត​ប៉ក់​ព្រៃ​អាជីវករ​លក់ដូរ​នៅ​លើ​ផ្សារ​ច្រក​ទ្វា​អានសេះ ព្រំដែន​កម្ពុជា ថៃ នៃ​ខេត្តព្រះវិហារ​កំពុង​កាក់កប​នឹង​ការ​លក់​សត្វ​កណ្តូប​ឲ្យ​ប្រជាជន និង​ឈ្មួញ​ថៃ​ក្នុង​១​ថ្ងៃ​ចន្លោះ​ពី​៥០០​គីឡូក្រាម​ទៅ​១​តោន​ដែល​ផ្តល់​ប្រាក់​ចំណេញ​ឲ្យ​ពួក​គាត់​បាន​ច្រើន​គួរសម​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។ អ្នកស្រី ថន…

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រដូវវស្សា​នេះ​បន្ទាប់​ពី​ផុត​រដូវ​លក់​ផ្សិត​ប៉ក់​ព្រៃ​អាជីវករ​លក់ដូរ​នៅ​លើ​ផ្សារ​ច្រក​ទ្វា​អានសេះ ព្រំដែន​កម្ពុជា ថៃ នៃ​ខេត្តព្រះវិហារ​កំពុង​កាក់កប​នឹង​ការ​លក់​សត្វ​កណ្តូប​ឲ្យ​ប្រជាជន និង​ឈ្មួញ​ថៃ​ក្នុង​១​ថ្ងៃ​ចន្លោះ​ពី​៥០០​គីឡូក្រាម​ទៅ​១​តោន​ដែល​ផ្តល់​ប្រាក់​ចំណេញ​ឲ្យ​ពួក​គាត់​បាន​ច្រើន​គួរសម​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

អ្នកស្រី ថន ស្រី​មុំ បាន​លើក​ឡើង​ថា ក្នុង​មួយ​ថ្ងៃ​ៗ​អាជីវករ​ម្នាក់​ៗ​ដែល​កំពុង​លក់ដូរ​នៅ​លើ​ច្រក​ទ្វា​អានសេះ​ទឹកដី​កម្ពុជា​ពួក​គេ​អាច​លក់​សត្វ​កណ្តូប​នេះ​ទៅ​ឲ្យ​ថៃ ក្នុង​ម្នាក់​ចន្លោះ​ពី​២០​ទៅ​២៥​គីឡូក្រាម ក្នុង​តម្លៃ​ចាប់ពី​១២០​បាត ទៅ​១៧០​បាត ក្នុង​១​គីឡូក្រាម​គិតថ្លៃ​ទិញ​សត្វ​កណ្តូប​ពី​ឈ្មួញ​ក្នុងស្រុក​មក​លក់​បន្ត​អាច​ឲ្យ​រូប​គាត់​ចំណេញ​ប្រាក់​ចន្លោះ​ពី​៦​ម៉ឺន​រៀល​ទៅ​៨​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃ ។

អ្នកស្រី​បន្ថែម​ថា សត្វ​កណ្តូប​នេះ​ពួក​គាត់​ទិញ​មក​លក់​បន្ត​ពី​ប្រជាជន​នៅ​ខេត្តព្រះវិហារ​ដែល​ចាប់​សត្វ​នេះ​ពី​តាម​ចម្ការ​អំពៅ​ជាដើម និង​មាន​រដូវ​ពេល​ប្រមាណ​ជិត​២​ខែ​ប៉ុន​នោះ សត្វ​កណ្តូប​នេះ​នឹង​អស់ ។ អ្នកស្រី​បន្ត​ថា ក្រោយ​ពេល​ផុត​រដូវ​សត្វ​កណ្តូប​ពួក​គាត់​ទិញ​ទំនិញ​ក៏​ដូច​ជា បន្លែ​ព្រៃ ផ្សេង​ៗ​ទៀត​ទៅ​តាម​រដូវ​ដូច​ជា ចុង​ផ្តៅ ស្លឹក​ព្រិច ផ្សិត ដំឡូងទៀន និង​កសិផល​កសិកម្ម​ផ្សេង​ៗ​ជាដើម ។

ជាមួយ​គ្នា​នេះ​លោក ម៉ក់ បារាំង ជា​អ្នកលក់​កណ្តូប​បាន​លើក​ឡើង​ថា ក្នុង​មួយ​ថ្ងៃ​អាជីវករ​ទាំងអស់​នៅ​ទីនោះ អាច​លក់​ទៅ​ឲ្យ​ថៃ​ចន្លោះ​ពី​៥០០​គីឡូ​ទៅ​១​តោន​ឯណោះ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ពុំ​សូវ​មាន​សត្វ​កណ្តូប​ដូច​ឆ្នាំ​មុន​នោះ​ទេ ។ លោក​ថា សត្វ​កណ្តូប​ដែល​ពួក​គាត់​យក​មក​លក់​នេះ​ភាគច្រើន​ឈ្មួញ​ពី​ខេត្តកំពង់ធំ​ជា​អ្នក​ដឹក​ជញ្ជូន​មក​ដល់​លើ​ភ្នំ​ដងរែក​តែ​ម្តង ដើម្បី​លក់​ឲ្យ​ពួក​គាត់​ជា​អ្នកលក់​បន្ត​ឲ្យ​ជនជាតិ​ថៃ ។

ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ចូល​មក​ទិញ​សត្វ​កណ្តូប​បាន​ប្រាប់​ថា សត្វ​កណ្តូប​នេះ​ជនជាតិ​ថៃ​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​យក​ទៅ​ធ្វើ​ជា​អាហារ ដែល​មាន​រសជាតិ​ឆ្ងាញ់​ដូច​ជា យក​ទៅ​បំពង ហូប​ជាមួយ​បុកល្ហុង​ជាដើម ។ ជនជាតិ​ថៃ​ដដែល​លើក​ឡើង​ទៀត​ថា មូលហេតុ​ដែល​ពួក​គេ​ចូល​មក​ទិញ​សត្វ​កណ្តូប​ពី​ជនជាតិ​ខ្មែរ​តាម​ច្រក​ទ្វា​អានសេះ​នេះ​ដោយសារ នៅ​ប្រទេស​ថៃ​ពុំ​មាន​សត្វ​កណ្តូប​ដូច​កម្ពុជា​នោះ​ទេ ហើយ​កណ្តូប​នេះ​ភាគច្រើន​មាននៅ​តាម​ចម្ការ ពិសេស​ចម្ការពោត ប៉ុន្តែ​នៅ​ថៃ​កសិករ​ប្រើប្រាស់​ថ្នាំ សម្លាប់​សត្វល្អិត​ច្រើន​ទើប​ធ្វើ​ឲ្យ​ស្រុក​ពួក​គេ​ពុំ​មាន​សត្វ​កណ្តូប​ដូច​កម្ពុជា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ