ខេត្តសៀមរាប ៖ បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ។ ព្រឹត្តិការណ៍រកឃើញបដិមានេះស្ថិតក្នុងស្ថានភាពចៃដន្យដោយប្រជាជនដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ ។
លោក ថៃ មិច ដែលជាប្រជាពលរដ្ឋរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាង ខេត្តសៀមរាប ជាអ្នកប្រទះឃើញបដិមាបានឱ្យដឹងថា កន្លងមកលោកតែងជីកយកដីនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់ ។
លោកបន្តថា ដំបូងឡើយមិននឹកស្មានថា ជាបដិមានោះទេតែមើលតាមសណ្ឋានថ្មលោកមានការសង្ស័យរួចក៏បានកាយដីបន្តទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ។
លោកអនុសេនីយិ៍ទោ អួន យ៉ង់ នគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួសបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាមលោកបានស្នើសុំឱ្យផ្អាកសកម្មភាពរង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ ។
អនុសេនីយិ៍ទោរូបនេះបានបញ្ជាក់ថា កន្លងមកមានប្រជាជនបានជួបប្រទះនូវបដិមាផ្សេងៗដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំ ដែលនេះជាសកម្មភាពដ៏គំរូគួរយកតម្រាប់តាម ។ លោកបានអំពាវនាវដល់ប្រជាជនក៏ដូចជាសាធារណជនទាំងអស់ដែលបានប្រទះឃើញនូវបដិមា សំណល់បុរាណវត្ថុនៅកន្លែងណាក៏ដោយ សូមប្រគល់ឬរាយការណ៍ដល់អាជ្ញាធរកុំបីខាន។
លោក ឈូក សុម៉ាឡា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថាជាទ្វារបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង នោះទេ ដោយហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន ។
ជាកិច្ចការបន្តដើម្បីអភិរក្សរូបបដិមានេះលោក សុម៉ាឡា ក៏បានឱ្យដឹងថា ក្រុមការងារនឹងគូររូបថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ ។
សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅ រក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដោយមានការចូលរួម ពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាល ប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តសៀមរាប ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ