មកស្តាប់ចម្លើយក្រុមចោរសម្លាប់​មនុស្ស​ប្លន់​យកឡាន…


ខេត្តកណ្តាល ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ជនសង្ស័យ​ជា​ចោរប្លន់​ទាំង​បី​នាក់​បាន​សារភាព​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​មនុស្ស​ប្លន់​យក​រថយន្ត កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​លើ​ផ្លូវជាតិ​លេខ​6A ចំណុច​ស្ពាន​លេខ​២០ ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ពួក​គេ​សារភាព​ថា បាន​រឹត​.​ក​សម្លាប់​ម្ចាស់​រថយន្ត​ដោយ​ខ្សែក្រវាត់ ហើយ​បាន​យក​សាកសព​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៨ (​ស្ពាន​ព្រែក​រូង​) ស្ថិត​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​យក​រថ យន្ត​ជន​រង​គ្រោះ​ទៅ​ប្លុង​ចោល​នៅ​កាស៊ីណូ​សៀង​ហៃ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ហើយ​ក៏​នាំ​គ្នា​រត់គេច​មក​លាក់ខ្លួន​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។ សម្រាប់វត្ថុ​តាង​ ដែលបានចាប់​យក​មាន​រថយន្ត​១​គ្រឿង ម៉ាក Highlander ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AS-2309 ដែល​ផ្លា​ក​លេខ​នេះ​ ត្រូវ​ក្រុម​ចោរ​ដោះ​ចេញ ។

ជនសង្ស័យ​ទាំង​៣​នាក់ ​មាន​៖១-​ឈ្មោះ ម៉ី តាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទី​នៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ២-​ឈ្មោះ ម៉ី សា​រិ ហៅ​អា​គិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ជន​ទាំង​២​ជា​បងប្អូន​នឹង​គ្នា ។

លុះដល់​ម៉ោង​១៩​និង​២៧​នាទី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ជា គង់​ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​និង​ជា​មេខ្លោង​នៃ​ផែនការ​ប្លន់​សម្លាប់​នេះ ។

​សូមរំលឹកថា ជន​៣​នាក់​ដែល​បាតដៃ​ប្រឡាក់​ឈាម​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក បន្ទាប់​ពី​ការ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ ត្រូវ​គេ​ចងដៃ​ដឹក​មក​ប្លុង​ចោល​ក្នុង​ប្រឡាយ​អែប​ផ្លូវ​ក្បែរ​ស្ពាន​ព្រែក​រូង​ទី​២ លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ។

បន្ទាប់​ពី​ការ​ស៊ើប អង្កេត​ស្រាវជ្រាវ​អស់​រយ​:​ពេល​ប្រមាណ​បី​ថ្ងៃ កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ ដឹកនាំ​ដោយ​លោក​ឧត្តម សេនីយ៍ត្រី សំ តុលា មេបញ្ជាការ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង និង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ទើប​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដោយ​ការ​រឹត​ក​សម្លាប់​ប្លន់​យក​រថយន្ត​​យក​ទៅ​លាក់​ទុក​នៅ​កាស៊ីណូ​មួយ​ក្នុងស្រុក​ច​ន្ទ្រា ខេត្ត ស្វាយ​រៀង ។

សូម​បញ្ជាក់​ទៀតថា ក្រោយ​ពី​មានការ​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៨ ស្ពាន​ព្រែក​រូង​ទី​២ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល និង​ស្រុក​ខ្សាច់កណ្តាល បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សាក​សព​តាម​រយៈ​ការ​ប្រកាស​ផ្សាយ​ព័ត៌មាន​ស្តី​ពី ​(​ភិនភាគ​និង​សម្លៀក​បំពាក់​របស់​សព) ។

ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ មឿ​ក សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ រថយន្ត​ជន​រង​គ្រោះ​ដែល​ក្រុម​ចោរប្លន់​សម្លាប់​ម្ចាស់​យក​ទៅ​បាន​ចត​ប្លុង​ចោល​នៅ​កាស៊ីណូ ​យីហោ​សៀង​ហៃ ក្នុង ស្រុក​​ច​ន្ទ្រា ខេត្តស្វាយរៀង ។

ដោយឡែក​ នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ភូមិ-ឃុំ​បាន​ធ្វើការ​ត្រួតពិនិត្យ​វត្ថុ​តាង​ជុំវិញ​កន្លែង​កើតហេតុ​ និង​បាន​ធ្វើ​កោសល្យវិច័យ លើ​សាកសព​ឃើញ​មាន​ខ្សែ​ភ្លើងពណ៌​លឿង ប្រវែង​២,៦៤​ម៉ែត្រ ត្រូវ​បាន​ចង​.​កដៃ​ទាំង​សងខាង ចំនួន​៣​ជុំ និង​មាន​ខ្សែក្រវាត់​រឹត​.​ក​ប្រវែង​១.០៩​ម៉ែត្រ ។

តាម​ការ​សន្និដ្ឋាន​ដំបូង ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ករណី​នេះ ​គឺជា​ឃាតកម្ម ហើយ​សាក​សព​ត្រូវ​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​លេចឮ​ព័ត៌មាន​ដែល​បាន​ផ្សាយ ។

ក្រោយ​ពី​កម្លាំង​ជំនាញ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​បាន​ហើយ ទើប​ឈាន​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ដែល​ជា​ក្រុម​ចោរប្លន់​យក​រថយន្ត ហើយ​បាន​ធ្វើការ​ពន្លាត​ដែនដី​សមត្ថ​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ។

ក្រោម​ការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា​ស្តីទី​អម​សាលាដំបូង​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តស្វាយរៀង រហូត​ឈាន​ដល់​ការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​៣ កក្កដា នៅ​ចំណុច​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ (សម្រួលដោយ៖​ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ