រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដោយសារប្រើប្រាស់គ្រឿងញៀនរហូតដល់ថ្នាក់រវើរវាយ បាត់បង់ម្ចាស់ការ លែងដឹងខុសត្រូវ ស្រែកឲ្យគេឯងជួយ និងគោះចាន បោកឆ្នាំង ផ្អើលអស់អ្នកភូមិ និងធ្វើឱ្យសាច់ញាតិភ័យខ្លាចក៏មកប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។
យុវជនម្នាក់ខាលើឈ្មោះ គី ពិសី អាយុ២៨ឆ្នាំ មុខរបរលក់សាច់ក្រក មានទីលំនៅកន្លែងកើតហេតុខាង
លើ ។
តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា យុវជនខាងលើបានប្រើប្រាស់ថ្នាំញៀនអស់ជាច្រើនខែឆ្នាំកន្លងមកហើយ ដែលពីមុនយុវជនខាងលើបានបែកថ្នាំរវើរវាយ ស្រែកឡូឡា រករឿងក្នុងគ្រួសារម្តងដែរ តែត្រូវចាប់ឃាត់ ទុក ហើយក៏បាត់ស្ងប់ស្ងាត់ទៅវិញ ។
តាមប្រភពដដែលបានបន្តថា ដោយសាច់ញាតិនឹកថាអស់អីហើយ តែផ្ទុយទៅវិញ យុវជនម្នាក់នេះនៅតែសេពគ្រឿងញៀនដដែល លុះមកដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្រាប់តែឥទ្ធិពលគ្រឿងញៀនធ្វើទុក្ខ ធ្វើឱ្យយុវជនខាងលើស្រែករវើរវាយ ឲ្យគេឯងជួយ ដោយយុវជនម្នាក់នេះនិយាយថា «មានយក្សមកចាប់ហើយ» និងគោះចាន បោកឆ្នាំង ទាញបណ្តាច់ខ្សែភ្លើង បង្កការឲ្យភ័យខ្លាច និងព្រួយបារម្ភ មានតែប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនតែម្តង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីក្រុមគ្រួសារយុវជនខាងលើភ្លាម សមត្ថកិច្ចបានចុះឃាត់ខ្លួនយុវជនម្នាក់នោះដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ។
សាច់ញាតិរបស់យុវជនខាងលើ ក៏ដូចជាសមត្ថកិច្ចសូមផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យ ចូរឃ្លាតឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ