ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​មាន​ផ្លូវ​រថភ្លើង​ក្រោម​ដី​ដូច​ប្រទេស​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​សិក្សា​គម្រោង​រថភ្លើង​ក្រោម​ដី ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​ពិចារណា​នោះ កម្ពុជា​អាច​នឹង​មាន​ផ្លូវ​រថភ្លើង​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន ។ លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​សិក្សា​គម្រោង​រថភ្លើង​ក្រោម​ដី ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​ពិចារណា​នោះ កម្ពុជា​អាច​នឹង​មាន​ផ្លូវ​រថភ្លើង​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន ។ លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ក្រសួង​កំពុង​ការ​សិក្សា​គម្រោង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ការ​សិក្សា​គម្រោង Monorail និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​ពិចារណា​នូវ​គម្រោង​ទាំងនេះ ។

លោក​ស៊ុន ចាន់​ថុ​ល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមេសា​-​ឧសភា ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ នៅ​ទីស្តីការក្រសួង​អំពី​ការ​សិក្សា​គម្រោង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ការ​សិក្សា​គម្រោង​Monorail និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិនិត្យ និង​ពិចារណា​ជ្រើសរើស​គម្រោង​ណាមួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​សព្វ​ថ្ងៃនេះ ។

ការ​លើក​ឡើង​របស់​ក្រសួង​សាធារណការ​ពី​ការ​សិក្សា​គម្រោង​ទាំងនេះ ក្រោយ​ពី​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃនេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ទើប​ក្រសួង​សិក្សា​គម្រោង​ទាំងនេះ ដើម្បី​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កកស្ទះ ជា​ពិសេស​បាន​ជួយ​ស្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី និង​បណ្តា​ខេត្ត​នានា​ផង​ដែរ ។

ឆ្លៀតឱកាស​នោះ​ដែរ​ទេស​រដ្ឋមន្ដ្រី​សាធារណការ គូសបញ្ជាក់​អំពី​ការងារ​ត្រួតពិនិត្យ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឲ្យ​ប្រើប្រាស់​ជាប់​បាន​យូរ និង​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​សម្រួល ដល់​វិស័យ​ឯកជន ដូច​ជា ការ​ផ្តល់​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​តាម គោលដៅ​កំពង់​ផែ និង​ការ​បើក​បង្រៀន​បើកបរ​យានយន្ត​ដឹក​ទំនិញ​ដោយ​ឥត​គិតថ្លៃ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​បណ្ដុះបណ្ដាល ពង្រឹង​ការ​អនុវត្ត ច្បាប់ យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព ការ​អប់រំ​តាម​សាលារៀន ការ​បំពាក់​ផ្លា​ក​សញ្ញា ភ្លើង​សញ្ញា គំនូស​សញ្ញា​ចរាចរណ៍ និង​ចំណាំងផ្លាត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ជាង​នេះ​ទៅ​ទៀត លោក ស៊ុន ចាន់​ថុ​ល ថ្លែងអំណរគុណ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​សហការ​យ៉ាង​ស្អិតរ​មួ​ត​កន្លង​មក ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ចំណែក​លោកស្រី មឹ​ណ មាណវី រដ្ឋលេខាធិការ​ក្រសួង​ដ៊​សាធារណៈ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានដឹង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមេសា និង​ខែឧសភា កាលពី​រសៀល​ថ្ងៃ​ទី​៨ កក្កដា​នេះ នៅ​ទីស្តីការក្រសួង​ថា រយៈពេល​២​ខែ គឺ​ខែមេសា និង​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​បាន​ត្រួតពិនិត្យ យានយន្ត​បាន​ចំនួន​៣១.៦០៣​គ្រឿង បាន​កាត់​ទ្រុង​យានយន្ត​៤៤​គ្រឿង ដោះ​រាន​ក្រោយ​រថយន្ត​៥៤​គ្រឿង រថយន្ត​គ្មាន​ស្លាក​លេខ​២១២​គ្រឿង អប់រំ​ណែនាំ​៥១៦​គ្រឿង ដោះ​ភ្លើង​បំភ្លឺ ខុស​បច្ចេកទេស ៦១​គ្រឿង រថយន្ត​ខ្វះ​ឯកសារ​១.៤៧១​គ្រឿង គ្មាន​ប័ណ្ណបើកបរ​១៩៧​នាក់ បណ្ណ​បើកបរ ខុស​ប្រភេទ​យានយន្ត ៣៦៨​នាក់ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​៤​នាក់ ប្រើប្រាស់​បណ្ណ​បើកបរ​ក្លែងក្លាយ​៣​នាក់ និង​បាន​ពិនិត្យ​ឃើញ​ថា ត្រឹមត្រូវ​ចំនួន​២៨.៨៣២ គ្រឿង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ