រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ទៀតហើយដែលព្យាយាមរត់គេចខ្លួនក្រោយពេលយកដាវគំរាមកាប់បុរសម្នាក់ប្លន់យកម៉ូតូបានសម្រេចកាលពី៥ថ្ងៃមុននោះ ត្រូវបានបុរសដែលជាម្ចាស់ម៉ូតូប្រទះឃើញកំពុងទិញមីឆានៅតាមផ្លូវ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានកម្លាំងប្រជាការពារភូមិកប់គង ជួយដេញតាមចាប់បាន។
បន្ទាប់មកជនសង្ស័យម្នាក់ខាងលើត្រូវបាននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ២ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណៈដែលបក្ខពួកម្នាក់ត្រូវនគរបាលចាប់ខ្លួនបានក្រោយពីពេលធ្វើសកម្មភាព១ថ្ងៃមកម្ល៉េះ ហើយរហូតមកដល់ពេលនេះបានតុលាការចេញដីការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃសទៅហើយនោះ។
ការចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះឈ្មោះអេង រ៉ានុត ហៅអាខ្នូត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១HI-៨៨០៩ ដែលជនសង្ស័យបានខ្ចីគេជិះ រួមជាមួយនិងថ្នាំញៀន១កញ្ចប់ថែមទៀតផង។
ដោយឡែកបក្ខពួកម្នាក់ទៀតដែលត្រូវចាប់ខ្លួនក្រោយពេលធ្វើសកម្មភាព១ថ្ងៃ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសនោះឈ្មោះ សុវណ្ណ រតនា ហៅអាតាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីធូលន ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពយកដាវគំរាមកាប់ប្លន់បុរសម្នាក់យកម៉ូតូ១គ្រឿងបានសម្រេច ខណៈជនរងគ្រោះកំពុងដើរមកពីបត់ជើងតូចចូលផ្ទះ នៅក្នុងបុរី ធូលន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ។
ចំណែកម៉ូតូមួយគ្រឿងដែលក្រុមជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HH-៨៥៥៩ ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ៅ ងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរី ធូលន ។
បន្ទាប់ពីកើតហេតុ បុរសរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ជួយអន្តរាគមន៍។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម នគរបាលបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទើបឈានដល់ការចាប់ខ្លួនបានម្នាក់ឈ្មោះ សុវណ្ណ រតនា ហៅអាតាក់ ហើយជននេះក៏ជាអ្នកកាន់ដាវគម្រាមកាប់ទៅលើជនរងគ្រោះផងដែរ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានម្នាក់ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានចេញដីកាឃុំខ្លួនជនសង្ស័យកាលពីថ្ងៃទី៧ ខែកក្កដា លុះដល់វេលាព្រឹកថ្ងៃទី៨ ខែកក្កដា ទើបត្រូវបាននគរបាលនាំទៅកាន់ពន្ធនាគារព្រៃសដើម្បីឃុំខ្លួន។
ចំណែកជនសង្ស័យម្នាក់ឈ្មោះអេង រ៉ានុត ហៅអាខ្នូត ដែលគេចខ្លួនរួចនោះក៏ត្រូវអស់លក្ខណ៍ នៅវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែកក្កដា ដោយជនសង្ស័យម្នាក់នេះបានខ្ចីម៉ូតូអ្នកជិតខាងជិះទៅទិញមីឆានៅតាមផ្លូវបេតុងក្នុងភូមិកប់គង ហើយត្រូវបានម្ចាស់ម៉ូតូប្រទះឃើញក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារភូមិកប់គងជួយដេញតាមចាប់បានភ្លាមៗតែម្តង ។
បន្ទាប់មក សមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ