រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់វ័យ28ឆ្នាំសង្ស័យមានវិបត្តិស្នេហា ឬវិបត្តិគ្រួសារ បានសម្រេចចិត្តគិតខ្លីលោកទឹកសម្លាប់ខ្លួននៅជ្រោយចង្វារត្រើយខាងកើត ប៉ុន្តែសំណាងល្អពេលលោតចុះទៅទើរនៅគុម្ពត្រែងរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង3ទៀបភ្លឺឈានចូលថ្ងៃទី9 ខែកក្កដា ឆ្នាំ2019 តាមបណ្តោយផ្លូវមាត់ទន្លេនៅចំណុចមាត់ទន្លេផ្លូវទៅអូតែលសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ស្រី ចិន ភេទស្រី អាយុ28ឆ្នាំ ស្នាក់នៅម្តុំជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បើតាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនដឹងថា គាត់មានវិបត្តិគ្រួសារ ឬមួយវិបត្តិស្នេហានោះទេ បានជាគិតខ្លីជិះម៉ូតូកង់បីមកឈប់នៅមាត់ទន្លេត្រើយខាងកើត រួចផឹកស្រាក្រឡុកអស់ មួយសន្ទុះក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អពេលលោតទៅមិនបានចូលទៅក្នុងទន្លេនោះទេ ក៏ទើរចំគុម្ពត្រែង បណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹង និងចេញឈាមតាមច្រមុះ ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារ និងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះ ដោយយកខ្សែមករឹត និងចងទាញឡើងលើគោកវិញ ទើបសមត្ថកិច្ចទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់គ្លីនិកមកដឹកយកទៅព្យាបាលបាត់ទៅ ។
ក្រោយពេលកើតហេតុ បងប្អូនសាច់ញ្ញាតិជនរងគ្រោះបានមកដល់ និងឡើងទៅលើរថយន្តសង្គ្រោះជាមួយជនរងគ្រោះបាត់ទៅ ព្រោះខ្លាចមានបញ្ហាតាមផ្លូវទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ