ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា…មាន​ខេត្ត​៤ហើយដែល​ផ្ទុះ​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែកក្កដា បាន​រាលដាល​និង​ផ្ទុះឡើង​នៅ​ខេត្ត​២​ទៀត​គឺ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ។ សម្រាប់​កម្ពុជា មាន​ខេត្ត​ចំនួន​៤ហើយ…

រាជធានី​ភ្នំពេញ ៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែកក្កដា បាន​រាលដាល​និង​ផ្ទុះឡើង​នៅ​ខេត្ត​២​ទៀត​គឺ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ។ សម្រាប់​កម្ពុជា មាន​ខេត្ត​ចំនួន​៤ហើយ ដែល​ផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយ​រៀង និង​តាកែវ ។

លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹង​ថា នៅខេត្តស្វាយរៀង​ជំងឺប៉េស្ត​ជ្រូក​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​ឫស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ។ចំណែក​នៅ​ខេត្តតាកែវ ជំងឺ​នេះ​ផ្ទុះ​ឡើង​នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ។
ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ផ្ញើ​លិខិត​ទៅ​កាន់​អភិបាលខេត្ត​ទាំង​២​ខាងលើ ដើម្បី​ស្នើ​ឲ្យ​មានការ​ចាត់ វិធានការ​ទប់ស្កាត់​ចលនា​ជ្រូក សាច់​ជ្រូក និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​ពី​កន្លែង​ផ្ទុះ​ជំងឺ ។

ជ្រូក​ងាប់​កើន​ដល់​33​ក្បាល​ដោយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​អូរ​រាំង​ឪ
ខេត្ត​ត្បូងឃ្មុំ ៖ ក្រោយ​ពី​មានការ​ផ្ទុះ​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក​នៅ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ ជ្រូក​ងាប់​បាន​កើន​ដល់​៣៣​ក្បាល និង​កំពុង​ឈឺ​ចំនួន​៥៨​ក្បាល​។

ជាមួយ​គ្នា​នេះ គេ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើការ​ផ្សព្វផ្សាយ​តាម​ឃុំ​ផ្សេង​ទៀត​ក្នុង ស្រុក​អូរ​រាំង​ឪ ឲ្យ​មាន​វិធានការ​ទប់ស្កាត់ ចៀសវាង​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រីក​រាលដាល​កាន់តែ​ធំ​ឡើង​ៗ ។លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪបាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ធ្វើតេស្ត​សំណាក​នៅមន្ទីរពិសោធន៍​ឯ​រាជធានី​ភ្នំពេញ បាន​រក​ឃើញជ្រូក​នៅ​ភូមិ​ទាំង​២​ខាងលើ​កើត​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក ។

បន្ទាប់​មក អា​ជ្ញា ធរពាក់ព័ន្ធ​និងមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានបើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ដង​ផ្លូ​ង និង​តាម​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ​ដោយ​មាន​សកម្មភាព​យ៉ាង​ផុលផុស ។

លោក​អភិបាលស្រុក​ថ្លែង​ទៀត​ថា នៅ​ថ្ងៃ​ទី​៦ ខែកក្កដា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​អម​ដំណើរ​​ដោយ​សហការី​ជា​ច្រើន​រូប បាន​អញ្ជើញចុះ​ផ្ទាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ដោយ​ធ្វើការ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ត្រូវ​បង្កើនការ​ប្រុង​ប្រយ័ត្ន ។ ប្រ​សិន​មាន​ជ្រូក​ណា​ឈឺ ត្រូវ​បំបែកចេញ​ដាក់​ឲ្យ​ឆ្ងាយ តាមដាន​មើល​ពី​ស្ថានភាព​ជំងឺ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ឆ្លង​ទៅ​ជ្រូក​ផ្សេង​ទៀត ដោយ​ហាម​មិន​ឲ្យ​ចរាចរណ៍​សត្វ​ក្នុង​រង្វង់​ផ្ទុះ​ជំងឺ​៣​គីឡូម៉ែត្រ​បួន​ជ្រុង​ហាម​លក់ ។

ក្រោម​កិច្ចសហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​ទៅ​ដល់​ឃុំ​
មួយ​ចំនួន​ទៀត​ក្នុងស្រុក​អូរ​រាំង​ឪ ឲ្យ​មានការ​យល់​ដឹង​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឲ្យ​កាន់តែ​មាន​ភាព​ផុលផុស ហើយ​ជំងឺ​នេះ​បើសិន​ឆ្លង​ទៅ​ជ្រូក​ផ្សេង​នោះ​នឹង​ត្រូវ​ងាប់​១០០​ភាគរយ មិនមាន​ថ្នាំ​ព្យាបាល​ទេ តែ​វា​មិន​ចម្លង​មក​មនុស្ស​ឡើយ ។

ផ្ទះ​ដែល​បាន​រក​ឃើញ​ជ្រូក​មាន​មេរោគ​នេះមុនគេ​គឺ​ផ្ទះ​របស់​ឈ្មោះ ហោ ឈឿ​ង ប្រពន្ធ​ឈ្មោះ ឆុ​ម យឹ​ម នៅ​ភូមិ​កំពូល​សេរី និង​ឈ្មោះសំ ចេ​ន ប្រពន្ធ​ឈ្មោះ ប៊ុត ថុ​ន នៅ​ភូមិ​សោយ​។លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ ថា ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែមិថុនា​ដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ ជ្រូក​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ បាន​ងាប់​ជា​បន្តបន្ទាប់​កើន​ដល់​៣៣​ក្បាល និង​ឈឺ​ចំនួន​៥៨​ក្បាល ។

រូប​លោក​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​ឃុំ​ចំនួន​៧​នៃ​ស្រុក​អូរ​រាំង​ឪ តាម​រយៈ​លោក​មេឃុំ ហើយ​សម្រាប់​ស្រុក​-​ក្រុង​ចំនួន​៧​ក្នុង​ខេត្ត​ត្បូងឃ្មុំ នឹង​មាន​ផែនការ​ចុះ​បេសកកម្ម​បន្ត​ទៀត ដោយ​មាន​ចែក​ថ្នាំ​សម្រាប់​បាញ់​សម្លាប់​មេរោគ​ឲ្យ​ពលរដ្ឋ​មានការ​យល់​ដឹង​កាន់​ខ្ពស់ និង​ចេះ​ពិធី​ការពារ ។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​មិន​ឆ្លង​មក​មនុស្ស​ទេ តែ​វា​ឆ្លង​ដល់​ជ្រូក​ដូច​គ្នា​ដែល​ធ្វើ​ឱ្យ​មានការ​បង់ខាត​ដល់​ម្ចាស់​ជ្រូក ពិសេស​ម្ចាស់​កសិដ្ឋាន​ហើយ​ការ​ផ្គត់ផ្គង់​សាច់​នឹង​ខ្វះខាត​នៅ​លើ​ទីផ្សារ ។ នៅ​ប្រទេស​វៀតណាម ការ​ផ្គត់ផ្គង់​សាច់​កំពុង​ប្រឈម​លើ​ទីផ្សារ​ដោយសារ​ពាណិជ្ជកម្ម​សាច់ ជ្រូក​នេះ​ត្រូវ​បាន​ប្រទេស​នានា​ហាមឃាត់ ។ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ