ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ឈើខ្មៅ លេច​ត្រដែត​ឡើង​ដូច​ប្រាសាទ លើ​ទីទួល​កណ្តាល​ព្រៃរនាម​បឹង​ទ​ន្ល​សាប

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ វត្ត​ឈើខ្មៅ ជាទី​អារាម​ព្រះពុទ្ធ​សាសនា​មួយ​ដែល​មាន​អាយុកាល​ជិត​២០០​ឆ្នាំ​មក​ហើយ ។ រាល់ អ្វី​ៗ​ដែល​បាន​បន្សល់​ទុក​នៅ​ទីនោះ​កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកទេសចរ​បរទេស​ទៅ​ទស្សនា ។ គេ​ចាប់អារម្មណ៍​សំណង់​បុរាណ​មាន​វ័យ​ចំណាស់ រួម​ទាំង​ទូកង​មួយ…

ខេត្តបាត់ដំបង ៖ វត្ត​ឈើខ្មៅ ជាទី​អារាម​ព្រះពុទ្ធ​សាសនា​មួយ​ដែល​មាន​អាយុកាល​ជិត​២០០​ឆ្នាំ​មក​ហើយ ។ រាល់ អ្វី​ៗ​ដែល​បាន​បន្សល់​ទុក​នៅ​ទីនោះ​កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកទេសចរ​បរទេស​ទៅ​ទស្សនា ។ គេ​ចាប់អារម្មណ៍​សំណង់​បុរាណ​មាន​វ័យ​ចំណាស់ រួម​ទាំង​ទូកង​មួយ និង​ព្រះ​វិហារ សង់​ឡើង​ពី​ដើមឈើ​ខ្មៅ ។

ក្នុងមួយ​ថ្ងៃ​ៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​មិន​ក្រោម​ពី​១០០​នាក់​ឡើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ម៉ក់ ស៊ី​ណា្ណ​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ វត្ត​បុរាណ​មួយ​ចំនួន​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង​មាន​ដូច​ជា​វត្ត​កែវ វត្ត​ដំរី​ស វត្ត​សំរោង​ក្នុង វត្ត កំផែង និង​វត្ត​ជា​ច្រើន​ទៀត​ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ទៅ​តំបន់​ទន្លេសាប ។ ចំពោះ​វត្ត​ឈើខ្មៅ ភ្ញៀវ​ទេសចរ​ភាគច្រើន​ប្រាកដជា​មិន​ដែល​បាន​ទៅ​ឡើយ ។

សព្វ​ថ្ងៃនេះ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ជា​ជនបរទេស​បាន​ទៅ​ទស្សនា​ទី​អារាម​មួយ​នេះ​មិន​ដែល​ដាច់ ។ ព្រះ​វិហារ​សាងសង់​ឡើង​អំពី​ឈើ​ក្នុង​ទំហំ​តូច​ល្មម​មួយ​ដែល​មាន​រាង​ខុស​ប្លែក​ពី​ព្រះ​វិហារ​ដទៃ ។ អ្វី​ដែល​អ្នកទេសចរ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ព្រះ​វិហារ​វត្ត​ឈើខ្មៅ​នេះ​បាន​កសាង​ឡើង​អំពី​ដើមឈើ​កម្រ​ម្យ៉ាង​ពណ៌​ខ្មៅ ។ មិនតែប៉ុណ្ណោះ​នៅ​ទី​អារាម​នេះ​ក៏​មាន​បន្សល់​ទុក​ទូកង​មួយ​ដែល​មាន​អាយុកាល​ស្មើនឹង​ព្រះ​វិហារ​ផង​ដែរ​មាន​បារមី​ខ្លាំង ពេល​ចេញ​ប្រណាំង​មិន​ដែល​ចាញ់​គេ​ឡើយ តែ​អកុសល​ពេល​កន្លង​មកនេះ​មាន​ដើមឈើ​រលំ​សង្កត់ ធ្វើ​ឲ្យ​ខូចខាត​ជួសជុល​មិន​ដូច​ដើម​ទេ ។

លោកតា​សោម ឡុ​ង អាយុ​៨១​ឆ្នាំ ប្រធាន​គណៈកម្មការ​វត្ត​នេះ​ឲ្យ​ដឹង​ថា តាម​តំណាល​ចាស់​ៗ​ពី​មុន​មក​មាន​ស្តេច​១​អង្គ​បាន​ទៅ​បន់ស្រន់​នៅ​លើ​ទីទួល​វត្ត​នៅ​ពេល​បាន​ឆ្លងកាត់ ។​ក្រោយមក​ស្តេច​អង្គ​នោះ​បាន​ចេញ​ទៅ​បោះទីតាំង​នៅ​លង្វែក​។ ជំនឿ​បន់ស្រន់​ចេះ​តែ​មាន​សម្រាប់​អ្នក​រស់នៅ​ទីនោះ ហើយ​ក៏​មាន​លោក​តា​ម្នាក់​ឈ្មោះ​លោកតា​សឿ មាន​អំណាច និង​ឫ​ទិ្ធ​បារមី​ខ្លាំង មិន​ខ្លាច​ពួក​បារាំង​ដែល​បាន​ជិះ​កប៉ាល់​ទៅ​ទីនោះ​ឡើយ បាន​កសាង​បោ​ដិ​ពី​ពេល​នោះ​មក​(​ប្រហែល​ឆ្នាំ​១៨០៤) ។

លុះ​លោកតា​ស្លាប់​ទៅ កូនចៅ​គាត់​ឈ្មោះ​លោកតា​គង់ និង​លោកតា​ឡា​ច បន្ត​កសាង​រៀបចំ​កន្លែង​សម្រាប់​​គោរព​បូជា​តាម​ជំនឿ គឺ​សាង​សង់​បាន​ព្រះ​វិហារ​ចំណាស់​មួយ​លេច​ត្រដែត​ឡើង​នៅ​លើ​ទីទួល​មួយ​ដែល​អ្នកស្រុក​ហៅ​ថា «​ទួល​អណ្តែត​»​។ នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ដើមឈើ​ខ្មៅ ចំណែកឯ​ព្រះ​វិហារ​វត្ត​ឈើខ្មៅ​ធ្វើ​ឡើង​អំពី​ដើមឈើ​ខ្មៅ​សុទ្ធសាធ លេចឡើង​នៅ​លើ​ផ្ទៃ​ទឹក​រដូវវស្សា​ប្រៀប​បាន​នឹង​ប្រាសាទ​មួយ​នៅ​កណ្តាល​តំបន់​ព្រៃរនាម ។

នៅ​វត្ត​ឈើខ្មៅ​មិន​មាន​សមិទ្ធផល​ពុទ្ធសាសនា​អ្វី​កើតឡើង​ច្រើន​ទៀត​ទេ ពីព្រោះ​ទីនោះ​ជា​ព្រៃរនាម​ឆ្ងាយ​ពី​ខេត្ត ។ បើ​ទោះបីជា​វត្ត​ឈើខ្មៅ​នៅ​ដាច់​ស្រយាល​ក៏​ពិតមែន ក៏​ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​តែងតែមាន​ជន​បរទេស​​ទៅ​ទីនោះ​ជា​ហូរហែ ជា​ពិសេស​នៅ​រដូវ​ទឹក​ឡើង​ពួក​គេ​ជិះទូក​ទស្សនា​ព្រៃរនាម និង​សំណង់​ព្រះ​វិហារ​លិចឡើង​កណ្តាល​ផ្ទៃ​ទឹក​រនាម​នៃ​មាត់បឹង​ទន្លេសាប ក្នុង​ខេត្តបាត់ដំបង ។

ប្រសិនបើ​ក្រឡេក​មើល​ទិដ្ឋភាព​រួម​នៅ​វត្ត​ឈើខ្មៅ គឺ​ឃើញ​មាន​សភាព​ធម្មជាតិ​ខៀវ ស្រងាត់​នៅ​ជុំវិញ មាន​ដើមឈើ​តូច​ធំ ពិសេស​ដើមឈើ​ខ្មៅ​ដុះ​ចោល​ជា​ម្លប់​យ៉ាង​ត្រជាក់​ទទួល​រាក់ទាក់​ទៅ​រក​អ្នក​ដែល​បាន​ទៅ​ដល់ និង​មានព្រៃ​ជម្រក​សត្វ​ព្រែក​ទាល់​នៅ​ជិត​វត្ត​ផង​ដែរ ។

លោកតា​សោម ឡុ​ង បាន​អំពាវនាវ​ពុទ្ធបរិស័ទ ឬ​សប្បុរសជន អាជ្ញាធរ​ជួយ​ជំរុញ​រៀបចំ​ថែរក្សា​វត្ត​ឈើខ្មៅ ព្រមទាំង​-​សាងសង់​បន្ត​ទៀត​លើ​ទីទួល​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ព្រោះ​ទេសភាព​ស្អាត​ទាំង​ខែប្រាំង និង​វស្សា ដែល​ពី​អតីតកាល​ទីទួល​នោះ​គឺជា​ទួល​សក្តិ​សិទ្ធិ​នៅ​ក្នុង​កណ្តាល​តំបន់​ព្រៃរនាម​ដៃ​បឹង​ទន្លេសាប ទោះបីជា​មាន​ទឹកធំ ឬ​ជន់​បែប​ណា ក៏​ទីទួល​ព្រះ​វិហារ​ពុំដែល​លិច​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ