រាជធានីភ្នំពេញ ៖ កីឡាករកម្ពុជា២រូបដែលជាបេក្ខភាពប្រកួតដណ្ដើមប្រាក់លាននៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីមិនអាច សម្រេចមហិច្ឆតារបស់ខ្លួនដូចគ្នា បន្ទាប់ពីប្រកួតចាញ់កីឡាករថៃកាលពីរសៀលថ្ងៃសៅរ៍ទី៦ កក្កដា ។ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡា បានចាញ់កីឡាករថៃ Kao Thap ដោយពិន្ទុ ខណៈ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវកីឡាករថៃPhat Nam Ngarm វាយឱ្យសន្លប់នៅត្រឹមទឹកទី៣។
ទោះជាយ៉ាងណា សម្រាប់ការប្រកួតរវាង វ៉ាន់ វឿន ជាមួយកីឡាករថៃ Kao Thap បានធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការប្រកួតស្វិតស្វាញ ។ ថ្វីដ្បិតតែ វ៉ាន់ វឿនមានប្រៀបជាងគូប្រកួតនៅដើមទឹកទី១និងទឹកទី២បន្តិចមែន តែចាប់ពីទឹកទី៣រហូតទៅគេបានចាញ់ប្រៀបកីឡាករថៃដាច់តែម្ដង។ជាពិសេសនៅក្នុងទឹកទី៥គេបានត្រឹមតែការពារខ្លួនទាំងលំបាក។
ចំណែកឃីម បូរ៉ា បានបង្ហាញឱ្យឃើញពីភាពកំសោយរបស់ខ្លួនក្នុងជំនួបប្រកួតជាមួយកីឡាករថៃPhat Nam Ngarm ។ គ្រាន់តែនៅទឹកទី១ ឃីម បូរ៉ា ត្រូវកីឡាករថៃសម្រុកចូលវាយសន្ធាប់ស្ទើរតែការពារខ្លួនមិនបានទៅហើយ។
លុះចូលដល់ទឹកទី៣ភ្លាម ឃីម បូរ៉ា ភ្លាត់ស្នៀតត្រូវកីឡាករថៃបុកកែងចូលមុខនិងពោះទឹកជាច្រើនជង្គង់ថែមទៀតរហូតដួលក្រោកលែងរួចតែម្ដង ។ ដូច្នេះនៅក្នុងសប្ដាហ៍នេះ កីឡាករកម្ពុជាទាំង២គ្មានសំណាងបានចាយប្រាក់លានក្រុមហ៊ុនខារ៉ាបាវនោះឡើយ។
រីឯគូប្រកួតមិត្តភាពវិញមានកីឡាករ សេង សាយ មកពីក្លិបវិបុលដារិទ្ធពោធិសែនជ័យ ចាញ់អេលីត គឹមហុង មកពីក្លិបឆ្មាសសែនសុខគុនខ្មែរដោយពិន្ទុ ខណៈរិទ្ធ សាស្ត្រាវុធមកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ស្មើពិន្ទុជាមួយ កីឡាករ យិប ឌុក មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ