ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​នៅ​ឧទ្យាន​ ​ដើម្បី​ការពារ​ដំរី

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នៅ​តំបន់​រម​នី​យ​ដ្ឋា​ន ឧទ្យាន​ជាតិ កុស​មៈ គិរី​រម្យ​មាន​រៀបចំ​កម្មវិធី​រត់ប្រណាំង​ឆ្លងកាត់​ឧបសគ្គ ដោយ​ប្រសិទ្ធ​នាម​ថា CANBODIA…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នៅ​តំបន់​រម​នី​យ​ដ្ឋា​ន ឧទ្យាន​ជាតិ កុស​មៈ គិរី​រម្យ​មាន​រៀបចំ​កម្មវិធី​រត់ប្រណាំង​ឆ្លងកាត់​ឧបសគ្គ ដោយ​ប្រសិទ្ធ​នាម​ថា CANBODIA ELEPHANT TRAIL 2019 ។ កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋ លេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គ លេខាធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ព្រឹត្តិការណ៍​រត់ប្រណាំង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលរួម​រត់​ប្រមាណ​ជា​១២០​នាក់ ក្នុង​នោះ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាងគេ បន្ទាប់​មក​វៀតណាម ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ហ្វី​លី​ពី​ន និង​បារាំង ។ សម្រាប់​ការ​ប្រកួត​នេះ​ទៀត​មាន​តែ​២​វិញ្ញាសា​ប៉ុណ្ណោះ គឺ​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ មាន​អ្នកចូលរួម​៧៧​នាក់ បុរស​៥៨​នាក់ និង​នារី​១៩​នាក់ និង​រត់​ចម្ងាយ​១២​គីឡូម៉ែត្រ​មាន​អ្នកចូលរួម​៤៣​នាក់ បុរស​២៦​នាក់ នារី​១៧​នាក់​។

លោក វ៉ា​ត់ ចំរើន បន្ត​ថា គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ឱ្យ​មាន​កម្មវិធី​រត់ប្រណាំង​នេះ​ឡើង ដើម្បី​ទាក់ទាញ​និង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​តំបន់​ទេសចរណ៍​រម​នី​យ​ដ្ឋា​ន​ឧទ្យាន​ជាតិ​កុស​មៈ​គី​រី​រម្យ​ឱ្យ​បាន​ច្រើន ។ ម្យ៉ាងវិញទៀត​ដើម្បី​ចូលរួម​អភិរក្ស​បរិស្ថាន​និង​អភិរក្ស​សត្វ​ដំរី​ដែល​នៅ​សេសសល់​ប្រមាណ​ជាង​៣០​ក្បាល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន
ជាតិ​នេះ ។ ទោះបីជា​យ៉ាងណា គេ​សង្ឃឹមថា​សកម្មភាព​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​រត់ប្រណាំង​ប្រចាំឆ្នាំ​ដែល​អាច​អូស​ទាញ​អ្នកចូលរួម​កាន់តែ​ច្រើន សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ