ខេត្តបៃលិន ៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានបញ្ជាក់យ៉ាងមុតមាំថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពុងតែខិតខំយកចិត្តទុកដាក់ ជាពិសេសគឺនៅតាមបណ្ដាខេត្តជាប់ព្រំដែននេះតែម្ដង ។
នេះបើតាមប្រសាសន៍របស់លោកដែលបានថ្លែងនៅក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះនៅបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន
លោកបន្តទៀតថា ចំពោះខេត្តប៉ៃលិនវិញកន្លងមកកម្លាំងសមត្ថកិច្ចចម្រុះបានចុះធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើតេស្តទឹកនោមរកសារធាតុញៀននៅតាមដងផ្លូវ និងនៅកន្លែងកម្សាន្តនានាផងដែរ ។ ក្នុងនោះខេត្តប៉ៃលិនធ្វើតេស្តដល់អ្នកធ្វើដំណើរ ឃើញថាមាន 50% ផ្ទុកនូវសារធាតុញៀន ។
លោក ផាន់ ចាន់ធុល ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិនសូមអំពាវនាវដល់កងកម្លាំង និងស្ថាប័នពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំមន្ត្រី នៅក្នុងសាលាខេត្តផងដែរ ត្រូវចូលរួមធ្វើតេស្តទាំងអស់គ្នា ពិសេសព្រះសង្ឃដែលគង់នៅគ្រប់វត្តក៏ត្រូវតែធ្វើតេស្តដើម្បីភាពស្អាតស្អំ ដើម្បីបង្ហាញថា ព្រះសង្ឃនៅខេត្តប៉ៃលិនគ្មានផ្ទុកសារធាតុញៀនទេ ។ បើសិនជាមាននឹងចាត់វិធានការចាប់ផ្សឹករួចទទួលទោសតាមផ្លូវច្បាប់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ