ក្រសួង​វប្បធម៌​គ្រោង​ពង្រីក​សារមន្ទីរ​ជាតិ​ឱ្យ​​កាន់តែ​មាន​ភាព​ធំ​ទូលាយ​បន្ថែម​ទៀត


រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​ពង្រីក​សារមន្ទីរ​ជាតិ ឲ្យ​កាន់តែ​មាន​ភាព​ធំ​ទូលាយ​​បន្ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​តាំង​បង្ហាញ​នូវ​វត្ថុ​បុរាណ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង អន្ដរជាតិ​ចូល​ទស្សនា និង​សិក្សា​ស្វែង​យល់​។

លោក គង់ វី​រៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអោយ​ដឹង​ថា សារមន្ទី​ជាតិ​នឹង​ធ្វើការ​ពង្រីក​បន្ថែម​ទៅ​កាន់​ទីតាំង​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ ក្រោយ​ពេល​ក្រសួង​រៀបចំ​រួចរាល់​នូវ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ​។

លោក​បន្ត​ថា ការ​ពង្រីង​ទីតាំង​ឲ្យ​កាន់តែ​មាន​ភាព​ធំ​ទូលាយ​បន្ថែម​នេះ គឺ​ដើម្បី​ដាក់​តាំងនូវ​វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន សម្រាប់​បង្ហាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ចូល​មក​ទស្សនា​ឈ្វេង យល់​ពី​ប្រវត្តិសាស្ដ្រ​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​សម្រាប់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ​ពី​វប្បធម៌ អរិយធម៌ ទំនៀមទំលាប់​ប្រពៃណី​របស់​ខ្មែរ​ផង​ដែរ​។

លោក គង់ វី​រៈ បាន​ឲ្យ​ដឹង​ទៀត​ថា សារមន្ទីរ​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ​ជា​សារមន្ទីរ​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ដែល​ជាទី​តាំង​ប្រមូលផ្ដុំ​សម្បត្តិ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​។

សារមន្ទីរ​ជាតិ​នេះ មាន​រក្សា​ទុក​រូបសំណាក និង​ភស្ដុ​តាង​ប្រវត្តិសាស្ត្រ​កម្ពុជា ចំនួន​ជាង​១​ម៉ឺន​៤​ពាន់ តាំងពី​សម័យ​បុរេប្រវត្តិ សម័យ​អង្គរ និង សម័យ​ក្រោយ​ៗ​មក​ទៀត​។ សូម​បញ្ជាក់​ថា សា​រម​នី្ទ​រ​ជាតិ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១៧ នា​សម័យ​អាណានិគម​បារាំង​មក​លើ​ប្រទេស​កម្ពុជា ដោយ​មាន​បណ្ដោយ​៥៤​ម៉ែត្រ និង​ជម្រៅ​៦៦​ម៉ែត្រ ហើយ​សង់​លើ​ខឿន​ដែល​មាន​កម្ពស់​២,៥០​ម៉ែត្រ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ