ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ កំពុងមានការព្រួយបារម្ភចំពោះសំណង់ដែលរីកដុះដាលដូចផ្សិត ទាំងសំណង់របស់ខ្មែរនិងសំណង់របស់ជនជាតិចិន ពិសេសសំណង់ចិននៅក្នុងក្រុង ព្រះ សីហនុ ដោយសារតែមន្ត្រីជំនាញមិនបានគិតគូរពីលក្ខណៈបច្ចេកទេសឱ្យបានដិតដល់ ។
បច្ចុប្បន្ន នៅក្រុងព្រះសីហនុមានក្រុមហ៊ុនខ្សាច់ជាច្រើនកំពុងកាក់កបលើមុខរបរលក់ខ្សាច់ ដោយសារវិស័យសំណង់ហក់ឡើងយ៉ាងគំហុកធ្វើឲ្យពួកគេជាម្ចាស់អាជីវកម្មទាំងនោះនាំគ្នាលេង ល្បែងថ្ពឹនភ្នែក យកខ្សាច់សមុទ្រឬខ្សាច់បូមពីព្រែកដែលតភ្ជាប់ទៅសមុទ្រ ឬខ្សាច់ក្នុងស្ទឹងលាយដី យកមកលាយគ្នាជាមួយខ្សាច់ក្នុងស្រុក(ខ្សាច់មកពីខេត្តកំពង់ស្ពឺ)តិចតួច បណ្តាលឱ្យគុណភាពបេតុងមិនមានលក្ខណៈត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនៅតាមការដ្ឋាននានា។ បញ្ហាខ្សាច់លាយនេះ មិនមែនទើបតែកើតមានការព្រួយបារម្ភនាពេលនេះទេ គឺបញ្ហានេះបានកើតមានប៉ុន្មានឆ្នាំមកហើយ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមតីរវិថីសម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញក្រុមហ៊ុនមួយ ដែលមានទីតាំងនៅជិតមណ្ឌល៣ (ទំនប់រលកចាស់) សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាក្រុមហ៊ុនផ្គត់ផ្គងខ្សាច់ដ៏ធំមួយ បាននាំខ្សាច់តាមសាឡង់មកពីស្រែអំបិល-កោះកុង និងខ្សាច់មកពីខេត្តកំពង់ស្ពឺតិចតួច យកមកលាយចូលគ្នា ធ្វើឱ្យបាត់បង់គុណភាពសំណង់ ដែលអាចបង្កជាហានិភ័យដល់ម្ចាស់សំណង់ដូចជាការដួលរលំ
បាក់រងគ្រោះដល់ជីវិតទៅថ្ងៃខាងមុខ ។
ប្រភពខាងលើបានឲ្យដឹងទៀតថា បច្ចុប្បន្ននៅក្នុងសង្កាត់លេខ៣ មានទីតាំងក្រុមហ៊ុនខ្សាច់ ចំនួន៣កន្លែងកំពុងធ្វើសកម្មភាពដឹកខ្សាច់សមុទ្រតាមសាឡង់ យកមកលាយនឹងខ្សាច់មកពីខេត្តកំពង់ស្ពឺគឺ ១-ក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២-ខាងមុខផ្លូវចូលផែច្រកទី១ និង៣-ជិតស្នាក់ការមណ្ឌល៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ក្រុមហ៊ុនខ្សាច់ទាំង៣ខាងលើនេះ មិនមានមន្ត្រីជំនាញ ចុះមកពិនិត្យអំពីគុណភាពខ្សាច់
ម្តងណាឡើយ គឺធ្វើតាមតម្រូវការទីផ្សារតែប៉ុណ្ណោះ ។ មិនបានគិតគូរពីគុណភាពបេតុងសំណង់ទេ ព្រោះតម្រូវការបេតុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
អ្នកបច្ចេកទេសសំណង់ម្នាក់និយាយថា ប្រសិនបើដឹកខ្សាច់មានគុណភាពយកមកផ្គត់ផ្គង់តាមតម្រូវការឲ្យរោងចក្រក្រឡុកសុីម៉ង់ត៍មិនទាន់ទេ ដូច្នេះត្រូវបូមយកខ្សាច់សមុទ្រឬព្រែកជាប់ដៃសមុទ្រមកលាយ ទើបអាចយកមកផ្គត់ផ្គង់ឱ្យរោងចក្រនិងអតិថិជនបានទាន់ពេលវេលា ដោយមិនខ្វល់ពីគុណភាព ដែលជាការប្រឈមទៅនឹងការរលំបាក់អគារនិងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទៅថ្ងៃក្រោយមិនខាន បើប្រើខ្សាច់ដូចសព្វថ្ងៃតើអនាគតសំណង់រឹងមាំដែរអត់ ?
ដោយឡែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក ក្នុងឱកាសតែងតាំងផ្លាស់ប្តូរអភិបាលខេត្តព្រះសីហនុថា សំណង់មានគុណភាពបាន ខ្សាច់ក៏ត្រូវមានគុណភាព គឺខ្សាច់មកពីខេត្តកំពង់ស្ពឺ ។ ប៉ុន្តែបើយកខ្សាច់សមុទ្រ ខ្សាច់ពីព្រែកតភ្ជាប់សមុទ្រទឹកសាប និងទឹកប្រៃ និងខ្សាច់លាយដីយកមកធ្វើសំណង់ មិនអាចធានាគុណភាពសំណង់បានទេ ។ ដូច្នេះ រាល់ការដ្ឋានសំណង់ត្រូវធានាខ្សាច់មានគុណភាពក្នុងការប្រើប្រាស់បានយូរ ។
គួររំឭកថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានសំណង់ធ្វើពីគ្រោងឆ្អឹងដែកចំនួន៣កន្លែងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ក្នុងឱកាសនោះ លោកអភិបាលខេត្តបានឲ្យម្ចាស់ការ ដ្ឋានសំណង់ទាំង៣ទីតាំងផ្អាកសកម្មភាពសាងសង់ ដោយរង់ចាំក្រុមបច្ចេកទេសត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសំណង់ ទើបអាចបន្តការសាងសង់បាន ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចស្វែងរកការពន្យល់ពីមន្ត្រីជំនាញបានទេ ជុំវិញបញ្ហាគុណភាពខ្សាច់នេះ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ