ក្រុមហ៊ុនហុងដាបានផ្អាកការផលិតរថយន្ដក្នុងរោងចក្រចំនួន២ដែលផលិតរថយន្ដ និងទោចក្រយានយន្ដ ព្រោះតែមានភាពជួលច្របល់ធ្ងន់ធ្ងរផ្នែកនយោបាយក្នុងទីក្រុងបាងកក។ នេះបើតាមការបង្ហើបឱ្យដឹងរបស់បុគ្គលិកក្រុមហ៊ុនកាលពីថ្ងៃទី២០ ឧសភា ។ អ្នកនាំពាក្យក្រុមហ៊ុនហុងដាឱ្យដឹងថា ក្រុមហ៊ុនបានបញ្ឈប់ការផលិតក្នុងរោងចក្រផលិតរថយន្ដ១ និងរោងចក្រផលិតទោចក្រយានយន្ដ១កន្លែងទៀតនៅប្រទេសថៃក្នុងថ្ងៃទី២០ ឧសភា ប៉ុន្ដែជាការផ្អាកផលិតបណ្ដោះអាសន្នប៉ុណ្ណោះ។ ក្នុងពេលអនាគតនឹងសំរេចចិត្ដស្របទៅតាមស្ថានការណ៍ក្នុងទីក្រុងបាងកក ។
ក្រុមហ៊ុនហុងដាមានរោងចក្រផលិតរថយន្ដក្នុងប្រទេសថៃ ស្ថិតក្នុងទីក្រុងបុរាណនៅខេត្ដអយុធ្យា និងរោងចក្រមួយទៀត ផលិតទោចក្រយានយន្ដក្នុងតំបន់ជាយក្រុងបាងកក ។ សំរាប់រោងចក្រនៅក្នុងខេត្ដអយុធ្យាមានសក្ដានុពលផលិតរថយន្ដចំនួន២៤០.០០០គ្រឿង ដោយភាគច្រើនជារថយន្ដធុនតូចម៉ាកអេកខត និងស៊ីវិកសំរាប់លក់នៅក្នុងប្រទេសថៃដោយផ្ទាល់ ។
ក្រុមហ៊ុនហុងដា បានបិទការិយាល័យក្នុងក្រុងបាងកកកាលពីថ្ងៃទី១៩ ឧសភា ព្រោះ មានហេតុការណ៍ជ្រួលច្របល់កើតឡើង ក្នុងខណៈពេលកងទ័ពចូលទៅរំលាយក្រុមបាតុករអាវក្រហម និងបិទការធ្វើបាតុកម្ម ដែលមានរយៈពេល៦សបា្ដហ៍របស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកកដោយធ្វើឱ្យកើតហេតុដុតបំផ្លាញ និងប៉ះទង្កិចគ្នាកាន់តែខ្លាំងរហូតធ្វើឱ្យអង្គការអន្ដរជាតិមួយចំនួនធ្វើការព្រមាន ៕
ចែករំលែកព័តមាននេះ