ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្ឌួលក្រៃ…ជីវិត​ស្រីម្នាក់ដែល​​បាន​ជ្រើស​​ប្តីទី២​​មានចិត្តដ៏អគតិ​​បំផុត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​ស្រាវជ្រាវ​ជុំវិញ​​ផ្ទះឆេះនិងឆេះទាំងមនុស្ស៣នាក់មាន (ប្តីជាជនសង្ស័យ ប្រពន្ធ កូនង៉ែត)​ គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជាប្តីផ្ទាល់ ឈ្មោះ គង់ ចំណាន…

ខេត្តសៀមរាប ៖ តាម​ការ​ស្រាវជ្រាវ​ជុំវិញ​​ផ្ទះឆេះនិងឆេះទាំងមនុស្ស៣នាក់មាន (ប្តីជាជនសង្ស័យ ប្រពន្ធ កូនង៉ែត)​ គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជាប្តីផ្ទាល់ ឈ្មោះ គង់ ចំណាន ​ពិតប្រាកដ​មែន ។ គួរ​បញ្ជាក់​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​ព្រឹក និង​ឆក់​យក​ជីវិត​ប្តី​ ប្រពន្ធ ​និង​កូន ដោយ​បន្សល់​ទុក ​តែ​​សព​រោល​ខ្លោច​អស់​ទៅ​ហើយ ។ ខណៈអ្នក​ភូមិបាន​អាណិត​ស្ត្រីជាប្រពន្ធ​និង​កូនយ៉ាងខ្លាំង ដែល​មក​ត្រូវ​​អស់ជិវិត​ដោយស្នា​ដៃ​ប្តី​ក្រោយ ដែល​​មាន​ចិត្ត​ដ៏អគតិ​នេះ ។

នេះ​ជា​ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ ដែល​បាន​កើត​ឡើង​ ដោយសារ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​ នាំ​កូន​រត់​មក​ពួន​សម្ងំ​នៅផ្ទះ​ឪពុក​ម្តាយក្មេក​របស់​ខ្លួន ហើយ​ខណៈ​ពេល​ស្រវឹងស្រា​ជោកជាំ​ផង ក៏​ទិញ​សាំង​២​លី​ត្រមក​ដុត​ប្រពន្ធ​កូន និង​ដុត​ខ្លួនឯង ក្នុងផ្ទះ​របស់​ឪពុក​ម្តាយក្មេក បណ្តាល​ឱ្យ​ឆេះ​ស្លាប់​ទាំង​៣​នាក់​យ៉ាង​អាណោច​អាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ។

បើ​តាម​សម្តី​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ថា ការ​ចាក់​សាំង​ដុត​ប្រពន្ធ កូន និង​ដុត​ខ្លួនឯង​នេះ បាន​ធ្វើ​ឡើង ក្នុងផ្ទះ​របស់​ឪពុក​ម្តាយក្មេក ពេល​មក​តាម​ប្រពន្ធ​ឱ្យ​ត្រឡប់​​​​ទៅ​ផ្ទះ​វិញ តែ​ត្រូវ​បាន​បដិសេធ​ដាច់អហង្ការ ។

លោក​អធិការ​ថា ឪពុកក្មេក​មានឈ្មោះ ជី ជុំ អាយុ​៥៧​ឆ្នាំ និង​ម្តាយក្មេក​ឈ្មោះ មុ​យ រឿ​ត អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។ខណៈ​កើតហេតុ​នេះ ឪពុក​ម្តាយ​ដែល​ជា​ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​ទេ​រវល់​ទៅ​ផ្សារ ទុក​ឱ្យ​ម្តាយ​អាយុ​៨៦​ឆ្នាំ ដែល​ជា​ជីដូន​នារី​រង​គ្រោះ​នៅផ្ទះ ជាមួយ​ចៅប្រុស​២​នាក់ ដែល​ជា​កូន​ប្តី​មុន​របស់​នារី​រង​គ្រោះ ។

លោក​បាន​បញ្ជាក់​ថា ករណី​នេះ​ បង្ក​ឡើង​ដោយ​ជន​កំណាច​ជា​កូនប្រសា​ប្រុស​ឈ្មោះ គង់ ចំណាន អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ បាន​ទិញ​សាំង​ចំនួន​២​ដប មក​ចាក់​ដុត​ប្រពន្ធ​កូន​និង​ខ្លួនឯង​ក្នុងផ្ទះ ឪពុក​ម្តាយ​ក្មេក​ដោយ​ចាក់សោ​ទ្វារ​ពី​ខាងក្នុង​ផ្ទះ ។ ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ ជី ស្រី​មុំ អាយុ​៣៣​ឆ្នាំ កូនបង្កើត​របស់​ម្ចាស់ផ្ទះ និង​កូន​តូច​ដែល​ឆេះ​ស្លាប់​ដែរ​នោះ ឈ្មោះ មេត្តា ភេទ​ប្រុស អាយុ​២​ខែ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ករណី​ដុត​សម្លាប់​ខ្លួន​នេះ ​បណ្ដាល​ឱ្យ​ស្លាប់​ចំនួន​៣​នាក់ គឺ​ប្តី​-​ប្រពន្ធ​និង​កូន ។ ផ្ទះ​ដែល​ឆេះ​នេះ​មាន​ទំហំ​៦,៥​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ កម្ពស់​៤​មែ​៉​ត្រ ។ ទ្រព្យសម្បត្តិ​ដែល​មាននៅ​ក្នុងផ្ទះ​ត្រូវ​បាន​អន្តរាយ​អស់​គ្មាន​សល់​។ ចំណែក​ផ្ទះ​របស់​ប្តី​ប្រពន្ធ​ជា​កូន​នេះ ស្ថិត​នៅ​ពី​ខាងលិច​ផ្ទះ​ឪពុក ម្តាយក្មេក​ដែល​ឆេះ​នេះ​ប្រមាណ​៥០​ម៉ែត្រ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បុរស​ជា​ប្តី​កំណាច​នេះ​ជា​ប្តី​ក្រោយ​របស់​ស្ត្រី​រង​គ្រោះ ដែល​នាង​មានកូន​ប្រុស​២​នាក់ ក្នុង​នោះ​ កូនប្រុស​ច្បង​អាយុ​៩​ឆ្នាំ និង​កូន​ប្អូន​អាយុ​៦​ឆ្នាំ ដែល​ជា​កូន​ប្តី​មុន ដែល​បាន​លែងលះ​គ្នា ហើយ​កូនប្រុស​ទាំង​២​មិន​បាន​រស់នៅ​ជាមួយ​ម្តាយ​ទេ គឺ​នៅ​ជាមួយ​យាយទួត​ដែល​រស់នៅ​ក្នុងផ្ទះ​នោះ​ដែរ តែ​ពេល​កើតហេតុ​ពួក​គាត់​នៅ​ខាងក្រោម​។ ចំណែក​កូនពៅ​អាយុ​ ទើបតែ​បាន​២​ខែ ដែល​ស្លាប់​ក្នុង​ភ្នក់​លើង​ជាមួយ​ឪពុក​ម្តាយ​នោះ ជា​កូន​ប្តី​កំណាច​នេះ ។ អ្នក​ទាំង​២​យក​គ្នា​ជា​ប្តី​ប្រពន្ធ មិន​បាន​រៀប​ការ​ទេ​មិន​ខុស​ពី​ពាក្យ​មេម៉ាយ​ដណ្តឹង​ចិត្ត​នោះ​ឡើយ គឺ​ព្រមព្រៀង​គ្នា​ធ្វើ​ជា​ប្តី​-​ប្រពន្ធ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ រហូត​មានកូន​ប្រុស​អាយុ​២​ខែ​មក ពួក​គាត់​មាន​បញ្ហា​​រកាំរ​កុះ​នឹង​គ្នា រហូត​ដល់​មាន​ហិង្សា​ផង​ដែរ ទើប​ស្ត្រី​ដែល​ជា​ប្រពន្ធ​ ហាក់​អស់ចិត្ត​នឹង​ប្តី​កំណាច​នេះ ​ក៏​គេច​មកសំងំលាក់ខ្លួន​នៅផ្ទះ​ឪពុក​ម្តាយ ​មិន​វិល​ទៅ​រស់នៅ​ជាមួយ​បុរស​ជា​ប្តី​នោះ​ទៀត​ទេ ទើប​ធ្វើ​ឱ្យ​ប្តី​កំណាច​នេះ​មាន​កំហឹង​រហូត​តាម​មក​ចាប់​ដុត​សម្លាប់​ខ្លួន​ទាំងអស់​គ្នា​តែ​ម្តង​ទៅ ។

លោក​អធិការ​បន្ត​ទៀត​ថា ការ​ឆេះ​នេះ​ បាន​បាត់បង់​សរុប​រួម​មាន មាស​ចំនួន​៣​តម្លឹង ប្លា​ទី​ន​២​ជី ប្រាក់​អា​មេ​​រិ​ក​១០០០​ដុល្លារ ប្រាក់​ខ្មែរ​៣.៤០០.០០០​រៀល ។ ការ​ធ្វើ​អន្តរាគមន៍ ​ក្រោយ​ពេល​កើត​មាន​អគ្គិភ័យ​ត្រូវ​បាន​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​៣​គ្រឿង ក្នុង​នោះ ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​ខេត្ត​២​គ្រឿង និង​រថយន្ត​ស្រុក​១​គ្រឿង អស់​ទឹក​៤​ជើង ​រថយន្ត​ទើប​ភ្លើង​បាន​រលត់ តែ​មិន​សង្គ្រោះ​អាយុជីវិត​នរណា​ម្នាក់​បាន​ឡើយ ទីបំផុត ​ពួក​គេ​នៅ​សល់​តែ​សព​រោល​ខ្លោច​ក្រញង់​អស់​ទៅ​ហើយ ។ ​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ