ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​បា​សែត​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​គួរ​ឱ្យ​ទាក់ទាញ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រាសាទ​បា​សែត​ពី​ដួល​រលំ​ទាំងស្រុង​កាលពី​សម័យ​ប៉ុ​ល ពត ក្លា​យមក​ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​មួយ ដែល​សង់​លើ​ទីទួល​ស្ថិត​នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ មាន​ចំងាយ​១៤,៣៦​គីឡូម៉ែត្រ ដោយ​គិត​ចាប់ពី​សាលាខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ប្រាសាទ​បា​សែត​ពី​ដួល​រលំ​ទាំងស្រុង​កាលពី​សម័យ​ប៉ុ​ល ពត ក្លា​យមក​ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​មួយ ដែល​សង់​លើ​ទីទួល​ស្ថិត​នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ មាន​ចំងាយ​១៤,៣៦​គីឡូម៉ែត្រ ដោយ​គិត​ចាប់ពី​សាលាខេត្ត​បាត់ដំបង ។

​ប្រាសាទបាសែត​នេះ​បាន​​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ (១០០២-​១៥៥០​) ដែល​ជា​ស្ថាបត្យ​កម្ម​សតវត្ស​ទី​១១ កំឡុង​ឆ្នាំ​១០៣៦-១០៤២ ដែល​នៅ​ក្នុង​បរិវេណ​ប្រាសាទ មាន​ស្រះ​បុរាណ​មួយ​ដែល​មាន​បណ្តោយ​២០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ និង​ជំរៅ​១០​ម៉ែត្រ ដែល​មាន​ជណ្តើរ​ជុំវិញ ធ្វើ​អំពី​ថ្មបាយ​ក្រៀម ហើយ​បាន​ផ្តល់​ទឹក​ខួប​ប្រាំង ខួប​វស្សា​នៅ​ក្នុង​ទីធ្លា​វត្ត​អារាម​(​វត្ត​បា​សែត​) និង​ផ្ទះ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​តំបន់​នេះ ដែល​មាន​អ្នក​ភូមិ​តែងតែ​ធ្វើការ​បន់ស្រន់​ផ្សង​ទៅ​នឹង​បំណង​ផ្សេង​ៗ ដែល​ខ្លួន​ចង់បាន ។

ជា​យុទ្ធសាស្ត្រ​ដាក់​កំណត់​គោលដៅ​អភិរក្ស​ទី​ប្រាសាទបុរាណ​ចេញពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​រយៈ​គម្រោង​ជួសជុល​ប្រាសាទបុរាណ​ដ៏​ល្អ​ប្រណីត​ជា​ច្រើន​ដំណាក់កាល​ធំ​ៗ​មក​នោះ ទីបំផុត​ប្រាសាទ​បា​សែត​បាន​រំលេច​ចេញ​រូបរាង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បណ្តើរ​ៗ​ហើយ ក្រោម​ការ​ប្រឹងប្រែង​យ៉ាង​ដុតដៃដុតជើង​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង ចាប់តាំងពី​ឆ្នាំ​២០១៥ មក​ដល់​ឆ្នាំ​២០១៨​កន្លង​មកនេះ ។

លោក​ជិន ភី អាយុ​៧០​ឆ្នាំ ជា​មន្ត្រី​ចូល​និវត្តន៍​របស់​មន្ទីរ​វប្បធម៌ និង​ជា​ឆ្មាំ​អភិរក្ស​នៅ​ក្នុង​ប្រាសាទ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​បា​សែត សាងសង់​ឡើង​ក្នុង​គោលបំណង​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា ហើយ​ផ្អែក​តាម​សម័យ​កាលនោះ​ជា​ព្រហ្មញ្ញសាសនា​ពេញ​និយម​លើ​ទេវ​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ ដែល​មាន​ឯកសារ​បាន​តំណាល​ត​ៗ​គ្នា​អំពី​រឿង​ប្រាសាទ​បា​សែត​ល្បី ពី​សម័យកាល​មាន​រចនា​បទ​ល្អ​ប្រណីត តែ​ប្រាសាទ​ត្រូវ​បាន​ដួល​រាបស្មើ​ដី​ក្នុង​សម័យ​ខ្មែរក្រហម ដោយ​យក​បំណែក​ថ្ម​ប្រាសាទ​ទៅ​សាងសង់​ទំនប់​ទឹក​ក្នុង​ស្ទឹង​នៅ​សាលា​តា​អន និង​ផ្នែក​ខ្លះ​ទៀត​ត្រូវ​បាន​កប់​បាត់​រូបរាង​តែ​ម្តង ទើបតែ​ថ្មី​ៗ​នេះ គំរោង​របស់​រាជរដ្ឋាភិបាល លើក​ស្ទួយ​វិស័យ​វប្បធម៌ ទាក់ទាញ​វិស័យ​ទេសចរណ៍ ប្រាសាទ​ត្រូវ​បាន​ស្ដារ​តាម​រយៈ​គម្រោង​ជួល​ជុល​នា​ដំណាក់កាល​ចុង​ក្រោយ​។

លោក​ជឹ​ម សោភ័ណ ជា​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្ហាញ​គម្រោង​នៃ​ការ​ជួសជុល​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង លើ​ប្រាសាទ​បា​សែត​បាន​ចាប់ផ្តើម​ធ្វើការ​ជួសជុល​មាន​៤​ដំណាក់កាល​ធំ​ៗ ដោយ​ដំណាក់កាល​ទី​១ យើង​ធ្វើការ​រៀបរយ​ទៅ​លើ​សំណង់​ប្រាង្គ​ប្រាសាទតូច​មួយ ដែល​នៅ​ដាច់​ពី​គេ​កាលពី​ឆ្នាំ​២០១៥ ហើយ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​នេះ ដែល​មាន​៣​ដំណាក់​ទៀត គឺ​យើង​ជួសជុល​ទៅ​លើ​សំណង់​ប្រាង្គ​ធំ​ៗ នៃ​ប្រាសាទ​បា​សែត​ទាំងស្រុង ដែល​ត្រូវ​បញ្ចប់​គម្រោង​ជួសជុល​នៅ​ឆ្នាំ​កន្លង​ទៅ​នេះ​។

លោក​ជិន ភី ជា​ឆ្មាំ​អភិរក្ស​នៅ​ទី​នេះ​ក៏​បង្ហាញ​ពី​ក្តី​រំពឹង​ទុក​ពី​សន្ទុះ​នៃ​ភ្ញៀវ​ទេសចរ​អាច​មក​ទស្សនា​ប្រាសាទ​បា​សែត ដែល​ក្រោយ​បញ្ចប់​គម្រោង​ជួសជុល​ឆ្នាំ​២០១៨​មក​នោះ​ថា ភ្ញៀវ​ទាំងអស់​ដែល​បាន​មក​ឃើញ​ហើយ​ក៏​មានការ​ស្ញប់ស្ញែង​ពី​ភាព​អស្ចារ្យ​នៃ​រូបរាង​ប្រាសាទ​បា​សែត​បន្សល់​ទុក​ពី​ដូនតា​សម័យ​ដើម​មក ទោះបីជា​យើង​ពុំ​ទាន់​កំណត់​ថ្ងៃ​បើក​ស្វាគមន៍​ជា​ផ្លូវការ​នៃ​ការ​បើក​ឲ្យ​ភ្ញៀវ​ទស្សនា​ប្រាសាទ​នេះ​ក្តី តែ​មួយ​ផ្នែក​ធំ នៃ​បរិវេណ​ប្រាសាទ អាច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា ថតរូប​កម្សាន្ត​លេង​បាន​ហើយ​។

លោកជិន ភី​ ក៏​សង្ឃឹម​ដែរ​ថា នឹង​មាន​បងប្អូន​ខែ្ម​រទាំង​ទី​ជិត​ឆ្ងាយ​ឆៀង​ចូល​មក​ទស្សនា​ប្រាសាទ​បា​សែតឱ្យ​បាន​ច្រើន ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​សក្តានុពល​ថ្មី​មួយទៀត​ក្នុង​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ថ្នាក់​លេខ​១ ទទួល​បាន​ពានរង្វាន់​រំដួល​៣​ទង ដ៏​ស្រស់​ស្អាត​របស់​ខេត្តបាត់ដំបង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ