រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា លោកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ចម្លើយសារភាពរបស់ជនសង្ស័យជាចោរកាច់សោ.កម៉ូតូក្រោយពេលចាប់ខ្លួនបានភ្លាមៗថា មកពីអត់លុយឲ្យកូនរៀន ទើបដាច់ចិត្តលួចម៉ូតូនោះ គឺជាការកុហក សូម្បីតែឈ្មោះពិតរបស់ខ្លួនក៏ជននេះកុហកដែរ។
តាមពិតជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងធ្លាប់ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចាប់ខ្លួនបញ្ជូនទៅតុលាការដាក់ពន្ធនាគារ និងទើបតែចេញបាន៣ខែប៉ុណ្ណោះ។ បើមើលមួយភ្លែតច្បាស់ជាច្រឡំថា ជននេះជាចិនមិនខាន ហើយក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញជនម្នាក់នេះ មានឈ្មោះពិតផ្សេងមួយទៀត។
លោកអធិការថ្លែងបន្តទៀតថា ជនសង្ស័យត្រូវចាប់ខ្លួនកាលពីម៉ោង១០ព្រឹកថ្ងៃទី៥ កក្កដា ខណៈលួចម៉ូតូនៅចំណុចមុខផ្ទះលេខ៥១ ផ្លូវ២០A ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ។ ក្រោយចាប់ខ្លួនបានភ្លាមៗ ជនសង្ស័យសារភាពថា ខ្លួនឈ្មោះសុខ ឆេង អាយុ៤៥ឆ្នាំ មុខរត់ម៉ូតូកង់បី មានស្រុកកំណើតក្នុងភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងនិយាយថា ខ្លួនអត់មានលុយដើម្បីឲ្យកូនរៀនសូត្រ ទើបសម្រេចចិត្តលួចកាច់សោ.កម៉ូតូដើម្បីយកទៅលក់យកលុយឲ្យកូនរៀនប៉ុន្តែកម្លាំងរបស់លោកមិនជឿជាក់ឡើយ និងបន្តធ្វើការស្រាវជ្រាវរហូតដឹងការពិត។
ប្រភពដដែលបន្តថា បើផ្អែកតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញថា ជននេះឈ្មោះចាន់ វី អាយុ៤៥ឆ្នាំ មានឪពុកឈ្មោះ ឃី ចាន់ និងម្ដាយឈ្មោះតាំង មួយ មានទីលំនៅក្នុងភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងមានប្រពន្ធឈ្មោះ ថា ធារ៉ា ប៉ុន្តែបានលែងលះគ្នាទៅហើយ។ មិនតែប៉ុណ្ណោះជនខាងលើ ធ្លាប់ត្រូវនគរបាលខណ្ឌជ្រោយចង្វារ ចាប់ខ្លួនកាលពីថ្ងៃទី២៦ ឧសភា ២០១៨ ខណៈលួចម៉ូតូ១គ្រឿងនៅតាមផ្លូវជាតិលេខ៦អា ស្ថិតក្នុងក្រុមទី៣ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ចំណែកឯឈ្មោះសុខ ឆេង គឺជាឈ្មោះក្លែងក្លាយប៉ុណ្ណោះ ហើយការសារភាពថា លួចព្រោះគ្មានលុយឲ្យកូនរៀននោះ ក៏ជាការកុហកដែរ មិនពិតឡើយ រីឯអ្វីដែលពិតគឺជនសង្ស័យជាមុខសញ្ញាចាស់លួចយ៉ាងសកម្មតែម្ដង។
សូមរំលឹកថា ៖ ក្រោយស្តាប់ចម្លើយសារភាពរបស់លោកចោរ…ចង់ដាច់ផ្ងារ ! ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ