រាជធានីភ្នំពេញ ៖ តាមរយៈមេធាវីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយទារសំណង៤ពាន់លានរៀល ឬស្មើ១លានដុល្លារអាមេរិក ។
យោងតាមពាក្យដែលកោះសន្តិភាពទទួលបានបានឲ្យ សហមេធាវី៣រូប មានដូចជា ហាក់ សៀកលី, មេធាវី ពេជ្រសូរិយា និងមេធាវី ចៅ ប៊ុនហួន ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង បានដាក់ពាក្យប្តឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្តឹងពី សម រង្សី ថ្ងៃខែឆ្នាំកំណើត១០-០៣-១៩៤៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី៣១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍: តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។ យោង មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងប្តឹងលោក សម រង្ស៊ី ពាក់ព័ន្ធឯកសារពាក់ព័ន្ធការបង្ហោះសារលើបណ្ដាញសង្គមទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ។
មេធាវីសម្តេច ស ខេង បានឲ្យដឹងថា យោងតាមលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា«តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយស សូមជម្រាបជូនលោកព្រះរាជអាជ្ញាថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ សម រង្ស៊ី បានបង្ហោះសារលើបណ្ដាញសង្គមទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួនអំពីការទទួលមរណភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិដែលមានខ្លឹមសារថា «ឥឡូវនេះ លោក ឌី វិជ្ជា ដឹងច្បាស់ពីឃាតកម្មលើបិតារបស់លោក ។ លោក ឌី វិជ្ជា កំពុងគិតគូរអំពីផែនការសងសឹកបិតារបស់លោក ។ ផែនការនេះមានការគាំទ្រពីលោក ស ខេង ពីព្រោះលោក ស ខេង ដឹងខ្លួនថាលោក ហ៊ុន សែន កំពុងតែរៀបចំផែនការដកតំណែងរបស់គាត់ ឬក៏កម្ចាត់គាត់តែម្តង ដើម្បីឲ្យកូនប្រុសបង្កើតរបស់លោកហ៊ុន សែន គឺលោកហ៊ុន ម៉ាណែត លោកហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តវេនពីលោកហ៊ុន សែន ដោយមិនមាននរណាអាចរារាំងបានចំពោះនយោបាយគ្រួសារនិយមរបស់លោកហ៊ុន សែននេះ។»
ប្រភពបានបន្តថា ក្រោយមកទៀតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះសម រង្ស៊ី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសមំឡេងសហរដ្ឋអាមេរិក VOA ដោយក្នុងបទសម្ភាសន៍នោះឈ្មោះ សម រង្ស៊ី បាននិយាយនូវខ្លឹមសារប្រហាក់ប្រហែលនឹងសារលើហ្វេសប៊ុករបស់ខ្លួនដែរ ។ ការប្រឌិតព័ត៌មានទម្លាក់កំហុស និងមួលបង្កាច់របស់ឈ្មោះ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមានការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុងដែលអាចធ្វើឲ្យមានវិវាទផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ។
ទង្វើទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្សី មានចេតនាទុច្ចរិតក្នុងការញុះញង់បំផុសបំផុលធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលក៏ដូចជា ជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញដល់ស្ថេរភាពនយោបាយ និងសន្តិភាពរបស់ជាតិទាំងមូល ។ មេធាវីគូសបញ្ជាក់«សេចក្តីដូចបានបញ្ជាក់ជូនខាងលើ យើងខ្ញុំសុំប្តឹងឈ្មោះ សម រង្សី និងសំណូមពរដូចខាងក្រោម ៖ ១-សុំឱ្យតុលាការធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះសម រង្ស៊ី ឲ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់ ។ ១- ទាមទារឲ្យឈ្មោះ សម រង្ស៊ី សងសំណងជំងឺចិត្តជាប្រាក់ចំនួន៤,០០០,០០០,០០០ (បួនពាន់លានរៀល) ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សូមជម្រាបថាលោក សម រង្ស៊ី បានកំពុងជាប់ពាក្យបណ្តឹងជាច្រើននៅកម្ពុជា ប៉ុន្តែលោកមិនបានទទួលនោះទេ ផ្ទុយទៅវិញចោទថា តុលាការនៅកម្ពុជា ជាតុលាការតេឡេទៅវិញ ។ លោក សម រង្ស៊ី មិនដែលឲ្យតម្លៃចំពោះស្ថាប័នតុលាការកម្ពុជានោះទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ