ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋម បុរសម្នាក់ជាតៃកុងអ៊ិចស្កាវិចទ័រ ខណៈកំពុងបើកបញ្ជាកាយដី ស្រាប់តែជនសង្ស័យម្នាក់ពុំដឹងមានមូលហេតុអ្វីឡើងមក រួចយកកណ្ដៀវគម្រាមអារ.ក ធ្វើឲ្យតៃកុងភ័យស្លន់ស្លោ រត់ទៅប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៥ ខែកក្កដានេះ នៅចុងព្រែកឌុច ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បានបន្ត មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហាក់ វែង អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ វុទ្ធី កុសល់ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។
ដោយឡែកវត្ថុតាងដកហូតបានមាន កណ្តៀវដងឈើចំនួន១ ចំណែកប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុជនរងគ្រោះកំពុងតែបើកអ៊ិចស្កាវិចទ័រកាយដី ភ្លាមនោះស្រាប់តែជនសង្ស័យ បានដើរមកដោយដៃកាន់កណ្តៀវ រួចឡើងលើអ៊ិចស្កាវិចទ័រចាប់ជនរងគ្រោះអារ.ក ភ្លាមនោះជនរងគ្រោះបានរើបម្រាស់ រួចក៏រត់ទៅអោយគេជួយ និងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ករណីនេះយើងមិនទាន់ដឹងថា មកពីមូលហេតុអ្វីឡើយបានជាគាត់យកកណ្តៀវទៅរកអារ.កបុរសម្នាក់ដែលជាតៃកុងបែបនេះ ។
ក្រោយពីទទួលព័ត៌មានភ្លាមនោះកម្លាំងប៉ុស្តិ៍ព្រែកអំបិលបានចុះទៅកន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ