ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU តាមដាន​ការ​អនុវត្តន៍​គម្រោង​ជំនួយ៨៧លាន​អឺ​រ៉ូ​របស់​ខ្លួន​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​វិស័យ​ស្នូល​សម្រាប់​ជួយ​ដល់​កសិករ​នៅ​តាម​ដង​ទន្លេ សហភាព​អឺរ៉ុប បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ ៨៧ លាន​អឺ​រ៉ូ ដោយ​ផ្ដោត​ទៅ​លើ​គម្រោង​សំខាន់​ចំនួន ០៣…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​វិស័យ​ស្នូល​សម្រាប់​ជួយ​ដល់​កសិករ​នៅ​តាម​ដង​ទន្លេ សហភាព​អឺរ៉ុប បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ ៨៧ លាន​អឺ​រ៉ូ ដោយ​ផ្ដោត​ទៅ​លើ​គម្រោង​សំខាន់​ចំនួន ០៣ ។ ហើយ​កាលពី​ថ្ងៃ​ទី ០៣ ខែកក្កដា ២០១៩ កន្លង​ទៅ​នេះ អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ហ្កា បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​តាមដាន​គម្រោង​ដែល​ជា​ជំនួយ​របស់​ខ្លួន​នៅ​កម្ពុជា ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ជំនួយ​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​មាន​ចំនួន ៨៧​លាន​អឺ​រ៉ូ សម្រាប់​អនុវត្ត​គម្រោង​រយ​:​ពេល ៦០ ខែ (២០១៩- ២០២៣) និង​សហការ​អនុវត្ត​ដោយ​អង្គការ FAO UNESCO និង UNIDO ដោយ​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ទទួលខុសត្រូវ ។ គម្រោង​នេះ​មាន​គោលបំណង​ចំបង​គឺ​គាំទ្រ​លើ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ចេតនា​ចង់​ធ្វើការ​អភិវឌ្ឍ​វិស័យ​ជលផល​ឱ្យ​មាន​និរន្តរភាព ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន​តាម​រយ​:​ការ​អនុវត្ត​ផែនការ​សកម្មភាព​សំខាន់​ៗ​ចំនួន ៣ ។

សកម្មភាព​សំខាន់​ទាំង ៣ នោះ​រួម​មាន ទី​១. ការ​កែ​លម្អ​ការ​ដឹកនាំ ការ​គ្រប់គ្រង​លើ​ការ​អនុវត្ត​ច្បាប់ និង​បច្ចេកទេស ការ​គ្រប់គ្រង​អភិរក្ស ត្រួតពិនិត្យ និង​អង្កេត​ធនធាន​ជលផល​ទាំង​ទឹកសាប និង​សមុទ្រ ។ ទី​២. ធ្វើការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​តាម​រយ​:​ការ​ពង្រឹង និង​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម (​ចិញ្ចឹម​-​កែ​ច្នៃ​) ដែល​រួមចំណែក​បង្កើត​ការងារ និង​បង្កើន​ចំណូល​គ្រួសារ និង​ទី​៣. ធ្វើការ​កាត់​បន្ថយ​គម្លាត​សេដ្ឋកិច្ច និង​សង្គម​រវាង​ប្រជា​នេសាទ ជាមួយ​ប្រជាពលរដ្ឋ​មិនមែន​ជា​អ្នកនេសាទ ។
សេចក្តី​ប្រកាស​របស់​ក្រសួង​ដដែល​នេះ​បានឱ្យ​ដឹង​ទៀត​ថា ការ​អនុវត្ត​ផែនការ​សកម្មភាព​សំខាន់​ៗ​ទាំង ៣ ខាងលើ​នឹង​ផ្តល់​លទ្ធផល​តាម​ការ​រំពឹង​ទុក​ដែល​ក្នុង​នោះ​មាន​ជា​អាទិ៍ ពង្រឹង​ការ​អនុវត្ត​ច្បាប់ បច្ចេកទេស ការ​គ្រប់គ្រង​ការ​នេសាទ ការ​កែ​ច្នៃ ការ​ការពារ​ដែន​នេសាទ ការ​បង្កើត​ជម្រក​ត្រី​ពូជ ការ​បណ្តុះបណ្តាល​សហគមន៍ និង​ផ្សព្វផ្សាយ ការ​ផ្តល់​សេវាកម្ម ការ​គ្រប់គ្រង​មូលនិធិ ការ​កាត់​បន្ថយ​ការ​បាត់បង់​ក្រោយ​ពេល​ប្រមូល​ផល ការ​បង្កើន​បរិមាណ​ផល​នេសាទ​ក្នុង​ទីផ្សារ ធានា​ស្តង់ដារ​គុណភាព សុវត្ថិភាព​ទីផ្សារ​ជាតិ​-​អន្តរជាតិ ការ​កសាង​សមត្ថភាព​មន្ត្រី​ជំនាញ​អំពី​ការ​ត្រួតពិនិត្យ​គុណភាព និង​អនាម័យ ។

ទន្ទឹម​នឹង​នេះ ផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ​វារីវប្បកម្ម និង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ដើម្បី​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម ។ ក្រៅពី​នេះ គម្រោង​ក៏​នឹង​ជួយ​គាំទ្រ​ដល់​សេវា​ទឹក​ស្អាត អនាម័យ និង​ការ​គ្រប់គ្រង​កាក​សំណល់​ថាមពល និង​ការ​អប់រំ​នៅ​តំបន់ដីសើម និង​តំបន់ឆ្នេរ គាំទ្រ​ដល់​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​ផង​ដែរ ។ ជា​រួម​ទាំង​គោលបំណង និង​លទ្ធផល​ដែល​រំពឹង​ទុក​នៃ​គម្រោង​ទាំងមូល នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី «​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត​» ដែល​សេចក្តីព្រាងច្បាប់​នេះ​ទើបតែ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី ០១ ខែកក្កដា​កន្លង​មក ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសា​ន​ស៍​ថា គម្រោង​នេះ នឹង​អាច​ជួយ​អភិវឌ្ឍន៍​វិស័យ​ជលផល ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វារីវប្បកម្ម ។ លោក​សង្ឃឹម និង​ជឿជាក់​ថា​គម្រោង​នេះ​នឹង​បង្កើត​បាន​នូវ​ធាតុ​ចូល​សំខាន់​ៗ​តាម​ការ​រំពឹង​ទុក ហើយ​លទ្ធផល​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ជលផល ក៏​ដូច​ជា​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នា​ពេល​អនាគត ។

លោក​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​ផង​ដែរ​ថា តាម​យៈ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​នេះ​ដែរ នឹង​ធ្វើ​ឱ្យ​កម្ពុជា អាច​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ផលិតផល​វារីវប្បកម្ម​ពី​ប្រទេស​ជិតខាង​បាន​មួយ​ចំណែក​ផង​ដែរ ខណៈ​បច្ចុប្បន្ន កម្ពុជា​បាន​នាំ​ចូល​ច្រើន ជា​ពិសេស​ពី​ប្រទេស​វៀតណាម និង​ថៃ ។ លោក​ថា ៖ «​រយៈពេល​ប្រមាណ ៥ ឆ្នាំ​នេះ ការ​នាំ​ចូល​ត្រី​ពី​ក្រៅប្រទេស មក​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​តួលេខ​នាំ​ចូល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​រហូត​ដល់​ជាង ៦ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​បាន​ធ្លាក់​ចុះ​មក​នៅ ៤ ម៉ឺន​តោន ហើយ​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ កម្ពុជា​នាំ​ចូល​ត្រី​តែ​ប្រមាណ​ជាង ២ ម៉ឺន​តោន​ប៉ុន្មាន​ប៉ុណ្ណោះ ហើយ​ក្រសួង​នឹង​ជំរុញ​ដល់​ការ​ចិញ្ចឹម​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្គត់ផ្គង់​ឱ្យ​គ្រប់គ្រាន់​ក្នុងស្រុក និង​សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​» ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ជំនួយ​ដែល​កម្ពុជា​ទទួល​បាន​សម្រាប់​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម មិន​តិច​ជាង ១៥០ លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​អង្គការសហប្រជាជាតិ​បាន​ជួយ​ផ្ដល់​ជា​បច្ចេកទេស​ចិញ្ចឹម និង​កែ​ច្នៃ​ផលិតផល​ត្រី​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ