ប្រទេសរុស្ស៊ី ៖ យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍មានរាងដូចបក្សី ត្រូវបានពួកវិស្វកររុស្ស៊ីយកមកតាំងបង្ហាញ ក្នុងឱកាសនៃវេទិកាបច្ចេកទេសយោធាអន្តរជាតិឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល PATRIOT ស្ថិតក្នុងតំបន់ក្រុងមូស្គូ ពីថ្ងៃទី២៥ដល់៣០មិថុនាកន្លងមកនេះ។
យន្តហោះគ្មានមនុស្សបើកចារកម្មនេះ មានរាងដូចសត្វមៀមធំមួយ ដែលអាចហោះហើរចូលដល់ក្បែរបណ្ដាគោលដៅដោយពុំអាចចាប់ឃើញ។ យន្តហោះធុននោះត្រូវបានយកមកដាក់តាំងក្នុងឱកាសនៃវេទិកាអន្តរជាតិបច្ចេកទេសយោធាឆ្នាំ២០១៩នៅរុស្ស៊ី។ វាមានកាមេរ៉ាទំនើបមួយនៅចំពុះ។ វាមានរាងដូចសត្វមៀមពិតហើយអាចហោះដេញប្រមាញ់ឆ្កែឬចចកផង។
អ្នកផលិតយន្តហោះនោះលោកអាឡិចសីកូរ៉ូវីន ជាប្រមុខបណ្ឌិតសភាJOUKOVSKI GAGARINEនៃកងទ័ពអាកាសរុស្ស៊ី អះអាងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី SPUTNIKថា ដោយសារវាផលិតពីវត្ថុធាតុចម្រុះ ទើបយន្តហោះគ្មានមនុស្សបើកនេះ ស្ទើរតែមិនអាចចាប់បានដោយបណ្ដារ៉ាដា។ បែបនេះទើបវាអាចហោះហើរចូលដល់កៀកបណ្ដាគោលដៅ។ នោះជាប្រព័ន្ធស៊ើបការណ៍មួយរាងដូចបក្សី។ អាស្រ័យហេតុនេះបានជាវាអាចចូលស៊ើបការណ៍បានច្បាស់បំផុត ដោយប្រើតេឡេម៉ែត្រឡាស៊ែរនិងប្រព័ន្ធហោះហើរGLONASS ដែលដាក់ក្នុងយន្តហោះ។ វាក៏មានដែរប្រដាប់ទម្រង់ឡាស៊ែរសម្រាប់បណ្ដាគោលដៅលើអាកាស។
យន្តហោះគ្មានមនុស្សបើកនេះអាចហោះហើរបានរយៈពេល៤០នាទី ហើយរង្វង់ប្រតិការរបស់វាមានចម្ងាយ២០គីឡូម៉ែត្រ។ វាមានទម្ងន់រវាងពី៣ទៅ៥គីឡូក្រាមប៉ុណ្ណោះហើយអាចបញ្ជាដោយមនុស្សតែម្នាក់។ ដ្រូនប្រភេទនោះអាចហោះហើរក្នុងកម្ពស់ដល់ទៅ១០០០ម៉ែត្រ តែវាអាចចុះបានយ៉ាងទាបនិងអាចកំណត់គោលដៅបានច្បាស់។
បណ្ឌិតសភាJOUKOVSKI GAGARINEរបស់កងទ័ពអាកាសរុស្ស៊ីផលិតបណ្ដាដ្រូនចារកម្មមានរាងដូចបក្សី ចាប់់តាំងពីច្រើនឆ្នាំមកហើយ។ ក្នុងឱកាសនៃវេទិកាបច្ចេកទេសយោធាអន្តរជាតិឆ្នាំ២០១៨ យន្តហោះគ្មានមនុស្សបើករាងដូចសត្វឥន្ទ្រី ត្រូវបានដាក់តាំងបង្ហាញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ