រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា ត្រៀមបញ្ជូនកីឡាករ៤រូប កីឡាការិនី២រូបនិងគ្រូបង្វឹក២រូបទៅចូល រួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ាន លើកទី១១ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី ។
ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ដល់២៥ កក្កដា នៅមជ្ឈមណ្ឌលកីឡាSemareng-Centerl Javaប្រទេសឥណ្ឌូaណេស៊ី។ លោក ជា ពៅ អគ្គលេខាធិការរងសហ ព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឱ្យដឹងថា ការទៅចូលរួមប្រកួតលើកនេះកីឡាករ-កីឡាការិនីកម្ពុជាត្រៀមប្រកួតលើវិញ្ញាសាវាយទោលបុរស-នារី ប្រកួតវាយគូបុរស-នារី និងប្រកួតវាយក្រុមផ្នែកបុរស ។ លោកបន្តថា សម្រាប់គ្រូបង្វឹកទាំង២រូបដែលដឹកនាំទៅចូលរួមប្រកួតលើកនេះ គឺលោក ឡុង ជំនិត គ្រូបង្គោល និងលោកឡុង សំនៀង គ្រូជំនួយ ។
រីឯកីឡាករវិញ មានសម ដេវីត, ឃ្លាំង ពន្លក, ម៉ន ភក្ដី, និងទេព ណូឡាន ឯកីឡាការិនីមាន ហូរ ស្រីណុច និងឈីវ អប្សរា។
គួររំលឹកផងដែរ ព្រឹត្តិការណ៍កីឡាសិស្សអាស៊ាននេះ កម្ពុជាទៅចូលរួមប្រកួតភាគច្រើនជាកីឡាករថ្នាលដែលពួកគេទាំងអស់នោះ ក្រៅពី ហ្វឹកហាត់នៅក្នុងប្រទេស ក៏មានបំណងស្វែងរកបទពិសោធន៍ពីក្រៅប្រទេសបន្ថែមទៀតផងដែរ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ