ប្រទេសចិន-អង់គ្លេស ៖ ភាពតានតឹងខាងការទូតរវាងចិន និងអង់គ្លេស កើតចេញពីការគាំទ្ររបស់ក្រុងឡុងដ៏ ដល់ពួកបាតុករក្រុងហុងកុង កាលពីថ្ងៃទី៣ កក្កដា បានឡើងដល់កម្រិតខ្ពស់ ជាមួយការកោះហៅឯកអគ្គរដ្ឋទូតចិនដែលបានអំពាវនាវឲ្យចៀសវាងរាល់ការលូកដៃចូលជ្រៀតជ្រែក ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអង់គ្លេសថ្លែងថា កោះហៅមកកាន់ក្រសួងការទេសអង់គ្លេស ឯកអគ្គរដ្ឋទូតចិនត្រូវបានប្រាប់ថា ពាក្យពេចន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន ជះលើអង់គ្លេសមិនអាចទទួលយកបាន និងមិនត្រឹមត្រូវ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shung ប្រកាសថា សម្រាប់ក្រុងប៉េកាំងយល់ថា ក្រុងឡុងដ៏ហាក់ដូចជាបន្តលូកដៃចូលក្នុងបណ្ដាអតីតដែនដីអាណានិគម ។ លោកគូសបញ្ជាក់ទៀតថា អង់គ្លេសលែងមានអធិបតេយ្យបន្តិចណាទៀតឡើយលើដែនដីពាក់កណ្ដាលស្វយ័តនោះ ។
ការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេសដល់សិទ្ធិ និងសេរីភាពនៅហុងកុង ដែលរយៈពេលចុងក្រោយនេះឆ្លងកាត់បាតុកម្មដ៏ធំ ចាប់តាំងពីខែមិថុនាមក បណ្ដាលឲ្យក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ ក្នុងសន្និសីទសារព័ត៌មានមួយឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស លោក Liu Xiaoming ថ្លែងនាថ្ងៃទី៣ កក្កដា ថា ខ្ញុំយល់ថាទំនាក់ទំនងរវាងក្រុងឡុងដ៏និងក្រុងប៉េកាំង រងការប៉ះពាល់ដោយសារការជ្រៀតជ្រែករបស់រដ្ឋាភិបាលអង់គ្លេសចូលក្រុងហុងកុង ។
លោកអំពាវនាវដល់អង់គ្លេសឲ្យឈប់ធ្វើការជ្រៀតជ្រែកថ្មី ដែលអាចបំផ្លាញថែមទៀតដល់ទំនាក់ទំនងរវាងចិននិងអង់គ្លេស។ លោកបន្តថាលោកមានការខកចិត្តដែលប្រមុខការទូតអង់គ្លេស លោក Jeremy Hunt បង្ហាញពីការគាំទ្ររបស់លោក ចំពោះពួកមនុស្សដែលមិនគោរពច្បាប់។
លោក Jeremy Hunt ធ្លាប់សម្ដែងកាលពីថ្ងៃទី១កក្កដា នាឱកាសខួបលើកទី២២នៃការប្រគល់ដែនដីហុងកុងទៅឲ្យចិនវិញ ពីការគាំទ្រមិនងាករេរបស់ប្រទេសលោក ចំពោះក្រុងហុងកុងនិងចំពោះសេរីភាពរបស់ខ្លួន ខណៈមានការលុកចូលអុកឡុកនិងបំផ្លិចបំផ្លាញ ក្នុងសភាហុងកុងពីសំណាក់ពួកបាតុករ ដែលប្រទូស្តរ៉ាយចំពោះរដ្ឋាភិបាលស្និទ្ធក្រុងប៉េកាំង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ