ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ខាតបង់​ទ្រព្យ​ដល់​ជាង​១​លាន​ដុល្លារ​ក្តី​​…​​ថៅកែ​ឃ្លាំង​ខោអាវ​ជជុះ​មិន​ប្តឹង​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​ដែល​បានបំផ្លាញ​ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​អស់​រាប់​ពាន់គីប និង​ធ្វើ​ឱ្យ​ផ្ទះ​ចំនួន​៧​ល្វែង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា នៅ​ក្បែរសាលា​ទួន​ហ្វា ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿងទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​១៣​ម៉ោង…

រាជធានី​ភ្នំពេញ ៖ គ្រោះ​អគ្គិភ័យ​ដែល​បានបំផ្លាញ​ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​អស់​រាប់​ពាន់គីប និង​ធ្វើ​ឱ្យ​ផ្ទះ​ចំនួន​៧​ល្វែង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា នៅ​ក្បែរសាលា​ទួន​ហ្វា ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿងទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​១៣​ម៉ោង ។ ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ថៅកែ​និង​ជា​ម្ចាស់ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​បាន​ខាតបង់​អស់ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ ដែល​គិត​ជា​ទឹកប្រាក់​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ ចំណែកឯ​គ្រួសារ​២​ទៀត​ ក៏រង​ការ​បាត់បង់​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិអស់ទាំង​ស្រុង​ដែរ ។

«​ថ្វីបើ​រង​ការ​ខូចខាត​អស់ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សន្ធឹក​បែប​នេះ​ក្តី ប៉ុន្តែគាត់​មិន​ធ្វើការ​ប្តឹងប្តល់​អ្នក​ណា​ម្នាក់​ឡើយ​» នេះបើ​យោង​តាម​ការ​អះអាង​របស់​លោក ឡេ​ង ឆ័​យលី ជា​ថៅកែ​ខោអាវ​ជជុះ​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ។ លោក ឡេ​ង ឆ័​យ​លី អាយុ​៧៧​ឆ្នាំ បាន​រៀបរាប់​ថា ករណី​អគ្គិភ័យ​កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា​នោះ បាន​បំផ្លាញ​អស់​ឃ្លាំង​ធ្វើ​ពី​ដែក​ប្រក់ស័ង្ក​សី​ទំហំ​១០​ម៉ែត្រ ​គុណ​នឹង​១៤​ម៉ែត្រ​មួយ​ខ្នង ដែល​មាន​ស្តុក​គីប​ខោអាវ​ជជុះ​ជា​ច្រើន​គីប​នៅ​ខាងក្នុង​នោះ​ទាំងស្រុង ។ ភ្លើង​បាន​ឆេះ​រាលដាល​មក​ដល់​ផ្ទះ​គាត់​៣​ល្វែង​ទៀត​មាន​ទំហំ​រួម១២​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ជា​ផ្ទះ​ស្នាក់​នៅ​របស់​គាត់ ស្ថិត​នៅ​តាម​មាត់​ប្រឡាយ​បណ្តាល​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង រួម​ទាំង​ខោអាវ​ជា​ច្រើន គីប​ដែល​ស្តុក​ទុក​នៅ​ជាន់​ខាងក្រោម​ផង ។

មិនតែប៉ុណ្ណោះ ភ្លើង​បាន​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​របស់​គាត់​៤​ល្វែង​ទៀត ដែល​នៅ​ខាង​មុខ​ជាប់​នឹង​ផ្លូវ​លេខ​១៧៣ បណ្តាល​ឲ្យ​ខូចខាត​អស់​មួយ​ចំនួន​ធំ​មិន​អាច​ជញ្ជូន​យក​ចេញ​បាន និង​គីប​ខោអាវ​មួយ​ចំនួន​ទៀត ។
លោក ឡេ​ង ឆ័​យ​លី រៀបរាប់​ទៀត​ថា ករណីអគ្គិភ័យ​នេះ បាន​ឆេះ​បំផ្លាញ​ខោអាវ​របស់​គាត់​រាប់​ពាន់
​គីប ។ ផ្ទះ​៣​ល្វែង​នៅ​ខាងក្រោយ​ដែល​គាត់​ស្នាក់​នៅ​និង​មាន​ស្តុក​ខា​អាវ​ជា​ច្រើន​គីប​នៅ​ខាងក្រោម​នោះ គឺ​ខូចខាត​ទាំងស្រុង​មិន​អាច​រស់នៅ​បន្ត​ទៀត​បាន​ឡើយ គឺ​មាន​តែ​វាយ​កម្ទេច​ចោល​និង​សាងសង់​ថ្មី​ប៉ុណ្ណោះ ។ ចំណែក​ផ្ទះ​៤​ល្វែង​នៅ​ខាង​មុខ ត្រូវ​ភ្លើង​ឆេះ​រោល​ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់​ដែរ ដែល​បើ​គិត​ជា​ទឹកប្រាក់​គឺ​រហូត​ទៅ​ដល់​ជាង​១​លាន់​ដុល្លារ​ឯ​ណ្ណោះ ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ គឺ​ឆេះ​ផ្តើម​ចេញពីផ្ទះ​លេខ​៣៥ ហើយ​ឆេះ​រាលដាល​មក​ដល់ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​របស់​គាត់ និង​ឆេះ​រាលដាល​ផ្ទះ​ដែល​នៅ​ក្បែរ​ខាង​ជា​បន្តបន្ទាប់ តែ​គាត់​នឹង​មិន​ធ្វើការ​ប្តឹងប្តល់​អ្នក​ណា​ម្នាក់​ទេ ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​ញាតិ​មិត្ត​ជិតខាង ធ្លាប់​រស់នៅ​រាប់អាន​គ្នា​តាំងពី​ឆ្នាំ​២០០០​មក​ម្លេ​៉ះ ។ ដូច្នេះ​ហើយ ពួក​គាត់​មិន​ចាំបាច់​ខ្លាចក្រែង ឬ​រត់គេច​ខ្លួន​ទៅ​ណា​ទេ ចំណែកឯ​បញ្ហា​គំនរ​ខោអាវ​ជជុះ​របស់​គាត់​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ទាំង​អស់នេះ​វិញ គាត់​នឹង​ចាត់ចែង​រក​ជួល​រថយន្ត​គេ​មក​ដឹក ។

ស្ត្រី​ឈ្មោះ អ៊ុ​ង ណា​វី អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់ផ្ទះលេខ​៣៥ ដែល​ផ្តើម​ឆេះ​ដំបូង​គេ រៀបរាប់​ថា មុន​​ពេល​កើត​ហេតុ រូប​គាត់​និង​ប្តី​បាន​បើក​រថយន្ត​ដឹក​អីវ៉ាន់​យក​ទៅ​ឱ្យ​គេ​នៅ​ម្តុំ​ត្រពាំង​ផ្លុ​ង ក្នុងខេត្ត​ត្បូងឃ្មុំ ដោយ​មាន​តែ​កូនប្រសា​ស្រី​២​នាក់ និង​ចៅ​តូច​ៗ៣​នាក់​នៅផ្ទះ ហើយ​ប្តី​ៗ​របស់ ពួក​គេក៏​រវល់​ចេញ​ទៅ​រកស៊ី​ខាង​ក្រៅ​អស់ មិន​នៅផ្ទះដែរ ។ ផ្ទះ​របស់​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់នេះ គឺជា​ប្រភេទ​ផ្ទះ​ធ្វើ​អំពី​ថ្ម​ខាងក្រោម​ឈើ​លើ និង​ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ហើយ​មូ​៉​តូ​ធំ​របស់​គាត់​ចំនួន​២​គ្រឿង រួម​ទាំង​ទ្រព្យ សម្បត្តិ​មួយ​ចំនួន​ទៀត​ឆេះ​អស់​គ្មាន​សល់ ដែល​ពេល​នេះ​នៅ​សល់​តែ​ខោអាវ​មួយ​ចង្កេះ​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ។

អ្នកស្រី អុ​៊​ង ណា​វី ក៏​បាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ឡេ​ង ឆ័​យ​លី ម្ចាស់​ផ្ទះល្វែង​ស្តុក​គីប​ខោអាវ​ដែល​មិន​ធ្វើការ​ប្តឹងប្ត​ល់​រករឿង​ដល់​ក្រុម​គ្រួសារ​គាត់ ។ បុរស​ម្នាក់​ឈ្មោះ គង់ រិ​ទ្ធី អាយុ​២៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ​លេខ​៣៥​ស្ទួន ដែល​រង​គ្រោះ​ដែរ​នោះ និយាយថា ផ្ទះ​គាត់​មួយ​ខ្នង​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១១​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ម៉ូតូ​ចំនួន​៣​គ្រឿង ឧ​បករ​ណ៍​លក់​ប្រហិត​ចៀន​សម្រាប់​រកស៊ី និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ដែរ ។ ក្រោម​ដំបូលផ្ទះ​តែ​មួយ​នេះ មានការ​រស់នៅ​ចំនួន​៥​គ្រួសារ និង​មាន​សមាជិក​ប្រុស ស្រី ក្មេង​ចាស់ រហូត​ដល់​១៧​នាក់ តែ​ពេល​នេះ​ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ចំណែក​ពួក​គាត់​ក៏​ខ្វះ​ជម្រក​ស្នាក់​នៅ និង​កំពុង​តែ​មានការ​ខ្វះខាត​ចំណីអាហារ​ហូប​ចុក​ផង ។

គាត់​បាន​ធ្វើការ​អំពាវនាវ​សុំ​ទៅ​ដល់​រាជរ​ដ្ឋាភិ​បាល កាកបាទក្រហមកម្ពុជា និង​អាជ្ញាធរ មេត្តាផ្តល់​ជំនួយ​ដល់​ក្រុម​គ្រួសារ​ពួក​គាត់​ទាំង​៥​គ្រួសារដែល​រង​គ្រោះ​កំពុង​ខ្វះខាត​នេះ​ផង ។ ពាក់ព័ន្ធ​ទៅនឹង​ករណី​អគ្គិភ័យ​នេះ​ដែរ ក្រុម​គ្រួសារ​គាត់​ក៏​មិនបាន​ធ្វើ​ប្តឹងប្តល់​ក្រុម​គ្រួសារ​ខាង​ផ្ទះ​ដើមហេតុ​ឡើយ ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​រស់នៅ​ក្បែរ​ខាង និង​រាប់អាន​គ្នា​ជា​យូរ​មក​ហើយ ។

គួរ​បញ្ជាក់​ថា ករណី​អគ្គិភ័យ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២៥​នាទីយប់​ថ្ងៃ​ទី​១ ខែកក្កដា ហើយ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ទើប​កម្លាំង​សម្ថ​កិច្ច​ធ្វើការ​ពន្លត់​បាន​ទាំ​ស្រុង ។ ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ កម្លាំង​មាន​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​៤០​គ្រឿង ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ទឹក​រហូត​ដល់​ជាង​២៥០​រថយន្ត និង​មាន​គ្រឿងចក្រ​ចំនួន​៣​គ្រឿង​មក​
ជួយ​ឈូស​ឆាយ និង​កាយ​កម្ទេច​ខោអាវ​ជជុះ​ដែល​ឆេះ​ផង​ដែរ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ