រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់៧ចំណុចស្នើសមាជិក និងប្រទេសជាដៃគូអង្គការពាណិជ្ជកម្មពិភពលោក (WTO) គាំទ្រកម្ពុជាចំពោះគោលដៅផ្លាស់ប្តូរនៅកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នា២០៥០ ។ សម្តេចតេជោក្នុងឱកាសចូលរួមថ្លែងសន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅរសៀលថ្ងៃទី៣ ខែកក្កដានេះ ។
នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងថា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅផ្លាស់ប្តូរពីប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួចឲ្យអាចចាកចេញពីភាពក្រីក្របានឆាប់រហ័សស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ សម្តេចបានអំពាវនាវដល់សមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀត តាមវិស័យមួយចំនួន ។
វិស័យដែលសម្តេចបានស្នើឲ្យគាំទ្រនោះរួមមានទី១-ការពង្រឹងភាពប្រកួតប្រជែងរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនឹងធ្វើដំណើរចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទាំងនោះហើយ ។ ទី២-ការបន្ដ និងបង្កើតការផ្ដល់ភាពអនុគ្រោះនានាតាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឯកតោភាគី ហើយសុំធ្វើការពិចារណាឲ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ ឬការដកនេះនឹងធ្វើឲ្យប្រទេសទាំងនោះមិនអាចជួយពិភពលោកឲ្យសម្រេចបាននៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព និងមិនអាចជួយពួកគេឲ្យចាក់ចេញពីឋានប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ។
ទី៣-ការកសាងសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ។ ទី៤-រៀបចំយុទ្ធសាស្ត្រធ្វើពិធិធកម្មសេដ្ឋកិច្ច និងផលិតផលចម្រុះ ។ ទី៥-ការតភ្ជាប់គោលនយោបាយ យុទ្ធសាស្ត្រ និងចក្ខុវិស័យនានារបស់ប្រទេសអភិវឌ្ឍន៍តិចតួច ។ ទី៦-ការរបង្កើតនវានុវត្ត និងជំរុញលើកកម្ពស់ការអនុវត្តថ្មីៗ និងទី៧-ការបន្តផ្តល់ជំនួយនានាសម្រាប់ការកែទម្រង់ និងសម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ពិសេសលើការងារកែទម្រង់លិខិតបទដ្ឋានគតិយុត្តិនានា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ