ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ដាំ​សាវម៉ាវ

13 ឆ្នាំ មុន

សាវម៉ាវ​ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយប្រភេទ ដែល​មាន​អាយុ​កាល​យូរ​ឆ្នាំ​ហើយ​ ។ គេសង្កេត​ឃើញ​កសិករ​និយម​​ដាំ​នៅ​ខេត្ត​កំពត កំពង់សោម កំពង់​ចាម (មេមត់) កោះកុង រតន​គិរី និង​មណ្ឌល​​គិរី។ល។​​យ៉ាង​ណា​មិញ លោក​​ពូ​កាង លាទ រស់​នៅ​​ភ្នំ​​មា​អ៊ូ ​សង្កាត់​បឹង​​តា​ព្រហ្ម ខណ្ឌ​ព្រៃ​នប់ ក្រុង​ព្រះសីហនុ មានបច្ចេក​ទេស​ដាំ​​សាវ​ម៉ាវ​​បាន​យ៉ាង​ល្អ ដែល​បទពិសោធន៍​​នេះ​ ជា​គំនិត​​​ច្នៃ​ប្រឌិត​​​របស់គាត់​ផ្ទាល់ ។​
១-​ពេលវេលា​​ដាំ​ដុះ និងពូជ

សាវម៉ាវ​ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយប្រភេទ ដែល​មាន​អាយុ​កាល​យូរ​ឆ្នាំ​ហើយ​ ។ គេសង្កេត​ឃើញ​កសិករ​និយម​​ដាំ​នៅ​ខេត្ត​កំពត កំពង់សោម កំពង់​ចាម (មេមត់) កោះកុង រតន​គិរី និង​មណ្ឌល​​គិរី។ល។​​យ៉ាង​ណា​មិញ លោក​​ពូ​កាង លាទ រស់​នៅ​​ភ្នំ​​មា​អ៊ូ ​សង្កាត់​បឹង​​តា​ព្រហ្ម ខណ្ឌ​ព្រៃ​នប់ ក្រុង​ព្រះសីហនុ មានបច្ចេក​ទេស​ដាំ​​សាវ​ម៉ាវ​​បាន​យ៉ាង​ល្អ ដែល​បទពិសោធន៍​​នេះ​ ជា​គំនិត​​​ច្នៃ​ប្រឌិត​​​របស់គាត់​ផ្ទាល់ ។​
១-​ពេលវេលា​​ដាំ​ដុះ និងពូជ​
ពេលវេលា​​ដែលដាំ​ដុះ​​ល្អ​សំរាប់​ដំណាំ​សាវម៉ាវ គឺនៅដើម​រដូវ​វស្សា ដែលក្នុងពេលនេះ​ដី​មាន​សំណើម​​កាត់បន្ថយ​ការស្រោច​ទឹក ។ ចំពោះពូជ​ដែល​គាត់​យកមក​ដាំ​ គឺ​ជាពូជ​​ដែល​​មាន​សាច់ច្រើន ​រស​ជាតិ​ផ្អែម សាច់មិនជាប់ជា​មួយគ្រាប់ ផ្លែ​មាន​រោមវែង ​ជា​ពូជ​​ដែលនាំ​មក​ពី​ប្រទេស​ថៃ ។
២-​ការ​រៀបចំ​ដី និងការ​ដាំ
លោក​ពូ​បានដាំ​នៅ​តំបន់​ដីព្រៃ ។ មុន​ដាំ​គាត់​​បាន​​ឈូស​ឆាយ​​ដី​សំអាត​​ស្មៅ និង​គាស់​គល់​​ឈើ និង​​ភ្ជួរ​ឱ្យបាន​​២-៣​​សា ដើម្បី​​ឱ្យ​ដី​ផុស​ល្អ ។​
ក្នុងការ​ដាំ​​ គាត់​​បានជីក​រណ្តៅ​​ ដែល​មាន​ទំហំ​​កន្លះ​ម៉ែត្រ​​៤ជ្រុង និងមាន​ជំរៅ​កន្លះ​ម៉ែត្រ​ ។ ក្នុង​​១រណ្តៅ​គាត់បាន​ដាក់ជី​លា​មក​គោ​​​ចំនួន​៤​បង្គី និង​ទុក​ចន្លោះ ​ពីរណ្តៅ​​មួយ ទៅ​មួយ​​​ប្រវែង​៦​ម៉ែត្រ ។
ក្រោយពី​​កាប់​រណ្តៅ​រួច គាត់បានយក​កូន​សាវម៉ាវ ​​ដែល​បាន​ទិញ ​យក​មក​ដាំ​ក្នុងរណ្តៅ រួច​​ស្រោច​ទឹក​ឱ្យជោក​ ។
៣-​ការ​ថែ​ទាំ
នៅពេល​​សាវម៉ាវ​​នៅតូច គាត់ស្រោច​ទឹក ជា​ពិសេស​ពេល​ដែលគ្មាន​ភ្លៀង (ស្រោច​​១​អាទិត្យ​​ម្តង) ។ នៅពេល​សាវម៉ាវ​ធំ គាត់ស្រោច​​២​អាទិត្យ ឬ​​១ខែ​ម្តង (នៅ​រដូវប្រាំង) ។
ការដាក់​​ជីធ្វើឡើង​រយៈ​ពេល​​១​ឆ្នាំ​ម្តង ឬ​​២ដង ។ នៅឆ្នាំ​​ទី​២ និង​ទី​៣ គាត់​ដាក់ជីលាមក​​គោ​ចំនួន​​៤-៥​បង្គី ។ ការ​ដាក់ជី គឺ​គាត់​បាន​ជីក​​ចង្អូរ​ជុំវិញ​​ដើម​ចំងាយ​​ពីគល់​​០,៥​ម៉ែត្រ បន្ទាប់​មក​​លប់​ដី​​ គ្រប​ចង្អូរ​ឱ្យជិត​​វិញ ។​
លុះ​ចាប់​ពី​ឆ្នាំ​​ទី​៤ ឡើង​ទៅ គាត់បាន​ដាក់ជី​លាមក​សត្វ​​ចំនួន​​៥-៦​បង្គី ។ ចំពោះ​​វិធីសាស្ត្រ​នៃការ​ដាក់​ជី​ធ្វើ​​ដូច​ឆ្នាំ​ទី​១ ដោយ​​កាប់​ចង្អូរ​ជុំ​វិញ​ដើម (ចំងាយ​​១ម៉ែត្រ​ពីគល់) ។
នៅជុំ​វិញ​​គល់ គាត់បាន​​សំអាត​ស្មៅ និង​​កាប់​មែកណា​ដែលងាប់ និង​ដុះ​ប្រជ្រៀត​គ្នា​​ខ្លាំង​​ចោល ដើម្បី​ឱ្យ​ពន្លឺ​ចាំង​ចូលដល់​គល់ និងកុំ​ឱ្យ​កើត​​ជា​ជម្រក​សត្វ​ល្អិត ។
៤-​ការប្រ​មូល​ផល
សាវម៉ាវ​​ចាប់​​ផ្តើម​​ផ្តល់​​ផល​ពី​អាយុ​​៤-៦​ឆ្នាំ ​បន្ទាប់​​ពីដាំ ។ ​ប៉ុន្តែ​​ចំពោះ​ដើម​ដែល​បំបៅ ផ្តល់​​ផល​នៅ​អាយុ​​២-៤​ឆ្នាំ ។ នៅពេល​​សាវម៉ាវ​​ចាប់​ផ្តើម​​ផ្លែ​ដំបូង គាត់​បេះ​ចោល ព្រោះ​ដើម​​សាវ​ម៉ាវ​​នៅតូច គាត់ចង់​ទុក​​ឱ្យ​សាវម៉ាវ​បន្ត​​ការលូត​លាស់​ដើម​បន្ត​ទៀត ។ នៅឆ្នាំ​ទី​​៥ គាត់ទុក​​ផ្លែ​ខ្លះ​ (ផ្លែ​​ណាដែលធំៗ) ។ លុះ​ដល់ឆ្នាំ​ទី​៦ ទើបគាត់​​ទុក​ផ្លែ​​ទាំងអស់ ។​
សរុប​​មក បច្ចេក​ទេស​​សំខាន់​ៗ ក្នុង​ការដាំ​​សាវ​ម៉ាវ​មាន ៖
-​ជ្រើស​រើស​​ពូជ​ដាំ​​ឱ្យ​បាន​ល្អ (ផ្អែម​​សាច់​ក្រាស់ សាច់មិន​ជាប់​គ្រាប់​)
-ជី​ករណ្តៅ​​ដែលមានទំហំ​​ធំល្មម ​និងដាក់ជី​​លាមក​សត្វ​​ទ្រាប់​បាត​
-​ថែ​ទាំ​ស្រោច​ទឹក​​ពេល​វា​​​នៅតូច និង​នៅ​រដូវ​ប្រាំង
-ដាក់​ជី​ទៅ​តាម​ឆ្នាំ ជីលាមក​សត្វ
-ជំរះ​ស្មៅ​ និង​កាត់​មែក​ងាប់ និង​មែក​ចង្អៀត​​ចោល​ដើម្បី​​ឱ្យ​ពន្លឺ​​ចូល​ដល់គល់
-បេះ​ផ្លែ​​លើក​ទី​១ ចោល​ដោយ​ទុក​ឱ្យ​ដើម​​សាវ​​ម៉ាវ​​លូតលាស់​​​បាន​ធំល្អ ៕​ (ដកស្រង់ចេញពីទស្សនាវដ្តីកសិករ)