រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកត្រូវគាំទ្រចំពោះការធ្វើកំណែទម្រង់របស់អង្គការនេះ ដើម្បីឲ្យប្រទេសខ្លួនទទួលបានជោគជ័យ ។ ថ្លែងក្នុងបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ ជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោបានបញ្ជាក់ថា ៖«នេះជាយុទ្ធសាស្ត្រ សមារហណកម្មរបស់កម្ពុជា ដែលដាក់ចេញសម្រាប់ការអាន មានរយៈពេលច្រើន ។
ប៉ុន្តែសម្រាប់យើងខ្ញុំ គឺយើងខ្ញុំបានធ្វើរួចមកហើយ ប៉ុន្តែក៏ត្រូវធ្វើនៅផ្នែកដែលទាមទារត្រូវធ្វើ នោះទាក់ទងនឹងការកែទម្រង់ខាងក្នុងផង និងតម្រូវលើកិច្ចការកែទម្រងទាំងឡាយដែលអង្គការពាណិជ្ជកម្មពិភពលោកដាក់ចេញនៅពេលខាងមុខ» ។ សម្តេចបានបន្តថា ប្រសិនបើបណ្តាប្រទេសនានាមិនមានការគាំទ្រកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកទេ យើង គិតថា យើងមិនអាចនាំប្រទេសរបស់យើងទាំងអស់គ្នាទៅកាន់ជោគជ័យនោះទេ ។
ដូច្នេះមួយផ្នែកយើងរួមគ្នា ដើម្បីកែទម្រង់តាមប្រទេសនីមួយៗ ហើយមួយផ្នែកទៀតយើងត្រូវចូលរួមនៅក្នុងកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និងកម្មវិធីនានាដែលដាក់ចេញដោយអង្គការពាណិជ្ជកម្មពិភពលោក ។ សម្តេចបញ្ជាក់ថា ៖«ដូច្នេះសង្ឃឹមថា ឯកសាររបស់កម្ពុជានេះនឹងត្រូវបានក្លាយជាគំនិតត្រឹះរិះពិចារណារបស់សមាជិកបណ្តាប្រទេសនានា ប៉ុន្តែត្រូវបានក្លាយជាប្រទេសមួយដែលត្រូវចាប់បង្ខំព្រោះនេះជាចំណុចដែលកម្ពុជាត្រូវធ្វើដោយខ្លួនឯង» ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ