រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានកំណត់ថ្ងៃទី៤ ខែកក្កដា បើកសម័យប្រជុំពេញអង្គរដ្ឋស ភា ដើម្បីសួរដេញដោលលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ការកំណត់ថ្ងៃ ដើម្បីសួរដេញដោលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បន្ទាប់ពីគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំពិនិត្យសំណើរសុំអញ្ជើញលោកអ ង្គវង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយសំណួរក្នុងសម័យប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី៦ របស់លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមតំណាងរាស្ត្រ ទី៦ នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ ។
លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់អ្នកសារព័ត៌មាន ថា តាមរដ្ឋមន្ត្រីរដ្ឋធម្មនុញ្ញសមាជិកសភាអាចអញ្ជើញរដ្ឋមន្ត្រីមកធ្វើការសួរដេញដោលនៅក្នុងសម័យប្រជុំរដ្ឋសភា ហើយតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺកំណត់យកថ្ងៃទី៤ កក្កដានេះ ដើម្បី សួរដេញដោលលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ លោកឈាង វុន បានបញ្ជាក់ថា៖«អ្នកតំណាងរាស្ត្រ ក៏ដូចជា ប្រជាពលរដ្ឋយើងបានដឹងថា នៅក្នុងកាលៈទេសៈនេះ វិស័យយុត្តិធម៌កំពុងតែកែមុខមាត់ រូបភាពទៅតាមការកែទម្រង់ យុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលគិតថា ត្រូវផ្តល់យុត្តិធម៌ដល់សង្គមឲ្យបានខ្លាំងបន្ថែមទៀត ។ អីញ្ចឹងហើយវិស័យយុត្តិធម៌នេះវិវត្តន៍លឿនណាស់ »។
លោកក៏បានលើកឡើងថា អ្វីដែលអ្នកតំណាងរាស្ត្រសួរនាំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះគឺពាក់ព័ន្ធមានការងារជាច្រើន ដែលក្រសួងយុត្តិធម៌កំពុងដំណើរការទៅមុខ និងធ្វើយ៉ាងណាទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ បំពេញតម្រូវការដល់ប្រជាពលរ ដ្ឋដល់កម្រិតណា និងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ។ លោកបញ្ជាក់ថា«យើងអញ្ជើញរដ្ឋមន្ត្រីមក គឺយើងដាក់ជាសំណួរឯកសារ លិខិត ។ រាល់សំណួរទាំងអស់យើងដាក់ក្នុងនឹង ។ ក៏ប៉ុន្តែយើងមិនអាចចប់ត្រឹមនឹងទេ គឺនៅពេលរដ្ឋមន្ត្រីបក្សស្រាយ ហើយ អ្នកតំណាងរាស្ត្រយល់ថា នៅមានខ្វះចន្លោះ ប្រធានរដ្ឋសភាមានសិទ្ធិផ្តល់ការសួរចេញដោលបន្ត ឬមិនផ្តល់សិទ្ធិក្នុងការសួរបន្ត ។ បើប្រធានផ្តល់នោះនឹងមានការតស៊ូមតិគ្នា»។
ជាមួយគ្នានោះដែរគ្នានោះដែរលោកឈាង វុន បានអះអាងថ្វីត្បិតរដ្ឋសភា មានតែសភាមកពីគណបក្សតែមួយ ទោះបីមានបក្សច្រើនចូលរួមបោះឆ្នោតក្តី ក៏យើងនៅតែគិតផងដែរ មិនមែនជិះសេះលែងដៃនោះទេ ។ លោកបញ្ជាក់ថា ៖« ១ឆ្នាំកន្លងមកនេះយើងបានរៀបចំការងាររដ្ឋសភាឡើងវិញ ព្រោះការងាររដ្ឋសភាផ្លាស់ប្តូរតាមអាណត្តិនីមួយៗ ហើយអាណត្តិថ្មីនេះយើងលំបាកជាងអាណត្តិមុន ដោយសារតែ រចនាសម្ព័ន្ធអាណត្តិមុនៗ ការងារបែងចែកផ្សេងៗ គឺយើងទៅតាមកៅអីដែលមាននៅក្នុងរដ្ឋសភា តែពេលនេះយើងមានតែគណបក្សប្រជាជនកម្ពុជា។ យើងបានពង្រឹងដើម្បីរបបគ្រប់គ្រងស្របតាមច្បាប់»។ ជាមួយគ្នានោះដែរលោកឈាង វុនក៏បានឲ្យដឹងថារដ្ឋសភាអាចនឹងកោះហៅរដ្ឋមន្ត្រីផ្សេង ដើម្បីមកសួរនាំក្នុងរយៈពេល១ ឬ២សប្តាហ៍ម្តងផងដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ