ខេត្តកណ្តាល ៖ គួរឱ្យខ្លោចចិត្តណាស់ ដោយសារជំងឺសរសៃប្រសាទបានធ្វើឱ្យចៅលើកដៃកាប់ជីដូនខ្លួនឯងដែលកំពុងបោសសំរាមនៅខាងមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័មបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះខាងលើឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ៨១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ចំណែកចៅដែលកាប់ជីដូនឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរគ្មាន (មានជំងឺសរសៃប្រសាទ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។
បើតាមនគរបាលស្រុកស្អាងបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែចៅបង្កើតបានដើរសំដៅមកជនរងគ្រោះ ហើយទាញកាំបិតពីក្នុងថង់ខ្មៅនៅនឹងដៃ រួចកាន់មកកាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។
ក្រោយពេលកើតហេតុ ចៅស្រីដែលកាប់ជីដូនខ្លួននោះ បានបោះកាំបិតចោល រួចរត់គេចខ្លួនបាត់តែម្ដង។ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តតាមរកចៅស្រីនោះ ដើម្បីចាប់ខ្លួនមកចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ