ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​កាណូត​ទេសចរណ៍​នឹង​តម្រូវ​ឲ្យ​អនុវត្ត​ការ​បង់ពន្ធ​ជូន​រដ្ឋ ខណៈ​ភ្ញៀវ​បរទេស​ធ្លាក់​ចុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា​ដើម្បី​ជំរុញ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍ ចូល​បង់ពន្ធ​នាំ​ចូល​យានយន្ត​របស់​ពួក​គេ ឱ្យ​ដូច​ទៅ​នឹង​អ្នក​ប្រកប​អាជីវកម្ម​ដទៃ អន្តរក្រសួង​-​ស្ថាប័ន​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​គណៈ​ការ​អន្តរក្រសួង​មួយ​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ ដើម្បី​ចុះ​ដោះស្រាយ​បញ្ហា​ពន្ធ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ។ ​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន​មួយ…

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា​ដើម្បី​ជំរុញ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍ ចូល​បង់ពន្ធ​នាំ​ចូល​យានយន្ត​របស់​ពួក​គេ ឱ្យ​ដូច​ទៅ​នឹង​អ្នក​ប្រកប​អាជីវកម្ម​ដទៃ អន្តរក្រសួង​-​ស្ថាប័ន​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​គណៈ​ការ​អន្តរក្រសួង​មួយ​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ ដើម្បី​ចុះ​ដោះស្រាយ​បញ្ហា​ពន្ធ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ។

​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន​មួយ ដែល​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ លោក ជា បូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អង្គប្រជុំ បាន​លើក​ឡើង​ថា សមាសភាព​ដែល​នឹង​ចូលរួម​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​នេះ រួម​មាន​៖ ក្រសួងទេសចរណ៍ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​គយ​កម្ពុជា និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បើ​តាម​ការ​បញ្ជាក់​ពី​ផ្នែក​ជំនាញ បច្ចុប្បន្ន​មាន​កាណូត​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស ១២៤​គ្រឿង (​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​) ក្នុង​នោះ​គ្មាន​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម ១៦​គ្រឿង និង​មាន​អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន​ចំនួន ៣៥​គ្រឿង ប៉ុន្តែ​កាណូត​ទេសចរណ៍​ទាំងនោះ សុទ្ធតែ​មិន​ទាន់​បាន​បង់ពន្ធ​នៅឡើយ​ទេ​។ អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន គឺ​ផ្ដល់​ឱ្យ​អាជីវកម្ម​ដែល​មិន​ទាន់​មាន​ឯកសារ​ស្របច្បាប់​គ្រប់គ្រាន់ ដោយ​ទុក​រយៈពេល​តែ​៩០​ថ្ងៃ​ទេ តែបើ​នៅ​តែ​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ទៀត ក្រសួង​មិន​បន្ត​សុពលភាព​ឱ្យ​ទៀត​ឡើយ​។

លោក ជា បូ​រ៉ា បាន​លើក​ឡើង​ថា «​លើក​នេះ​នឹង​មានការ​រឹត​បន្ដឹង​ធ្វើ​យ៉ាងណា​ឱ្យ​អាជីវ
ករ​ទាំងនោះ​ត្រូវ​តែ​មក​បង់ពន្ធ​នាំ​ចូល​យានយន្ត​របស់​ខ្លួន ពីព្រោះ​កន្លង​មក​មានការ​សម្របសម្រួល​ទន់ភ្លន់​ច្រើន​លើក​ហើយ តែ​អាជីវករ​នៅ​តែ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​។ ចំពោះ​អាជីវកម្ម​កាណូត​ទេសចរណ៍​ដែល​ចង់​បង្កើត​ថ្មី ឬ​អាជីវករ​ចាស់​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ត្រូវ​តែ​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ពី​ស្ថាប័ន​គយ និង​ពន្ធដារ និង​ត្រូវ​មាន​លិខិត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ពី​ក្រសួង​សាធារណការ ទើប​ក្រសួងទេសចរណ៍​ផ្ដល់​ជូន​អាជ្ញា​បណ្ណទេសចរណ៍ និង​លិខិត​វាយតម្លៃ​ស្ដង់ដា​សេវាកម្ម​ទេសចរណ៍ ដែល​មាន​ន័យ​ថា​អនុញ្ញាត​ឱ្យ​អាជីវករ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​បាន​» ។

លោក ស៊ឹ​ម រ៉ា​វី ម្ចាស់​កាណូត​រ៉ា​វី​ទេសចរណ៍ បានអោយ​ដឹង​ថា លោក​គាំទ្រ​អោយ​មានការ​បង់ពន្ធ​ត្រឹមត្រូវ ព្រោះ បច្ចុប្បន្ន​មាន​កាណូត​ខ្លះ​មិន​បង់ពន្ធ មិន​មាន​ឯកសារ​ត្រឹមត្រូវ ដូច្នេះ​ធ្វើ​អោយ​ការ​រកស៊ី​មិន​ស្មើភាព​គ្នា តែ​សូម​អោយ​អាជ្ញាធរ​រក​ចំណតទូក​អោយ​ពួក​យើង​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​អោយ​ភ្ញៀវ​ទេសចរ ស្វែងរក​ទូក​របស់​ពួក​យើង ពោល​គឺ​គាត់​ចង់​ជិះ​គឺ​មក​កន្លែង​តែ​មួយ​គឺ​អាច​ជិះ​បាន​ហើយ ។ លោក​បាន​បន្ត​ថា កាលពី​ចុងឆ្នាំ ២០១៨​មក​ដល់​ដើមឆ្នាំ ២០១៩ អាជីវកម្ម​ទូក​ទេសចរណ៍ ហាក់​មាន​ភាព​មមាញឹក​ខ្លាំង ទាំង​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ក្នុងស្រុក តែ​រហូត​ដល់​ក្រោយ​ចូល​ឆ្នាំ​អាជីវកម្ម​នេះ​ក៏​ស្ងាត់​ទៅ​វិញ​បាត់​ទាំង​ភ្ញៀវ​អឺរ៉ុប​និង​ភ្ញៀវ​ចិន ។ ​លោក​បន្ត​ថា «​រាល់​ថ្ងៃនេះ បើ​កុំ​តែ​បាន​ភ្ញៀវ​ខ្មែរ​ជួល​ជិះ​កម្សាន្ត​តាម​ដង​ទន្លេ ដោយ​ក្នុង​ម្នាក់​យក​៥០០០​រៀល ម្ល៉េះ អាជីវកម្ម​ពួក​យើង​ប្រហែលជា​រក​ប្រាក់​ទប់ទល់​ការ​ចំណាយ​មិន​បាន​នោះ​ទេ » ។

យ៉ាងណាមិញ​នៅ​ក្នុង​អង្គប្រជុំ​របស់​អន្តរក្រសួង​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍ ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដែល​តម្រូវ​ឱ្យ​អន្តរក្រសួង​-​ស្ថាប័ន​រួម​គ្នា​ដោះស្រាយ​ឱ្យ​បាន ក្នុង​នោះ​រួម​មាន​៖១)- កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​ពន្ធ​នាំ​ចូល និង​លិខិត​ស្នាម​ត្រឹមត្រូវ​។ ២)- កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​សៀវភៅ​ត្រួតពិនិត្យ​បច្ចេកទេស ដែល​ចេញ​ដោយ​ក្រសួង ឬ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​។ ៣)- កាណូត​មួយ​ចំនួន​ផលិត និង​ដំឡើង​ក្នុងស្រុក​គ្មាន​ស្ដង់ដា​គុណភាព​។ ៤)- កាណូត​ទេសចរណ៍​មួយ​ចំនួន​មិន​គោរព​តាម​ច្បាប់​ចរាចរណ៍​ផ្លូវទឹក និង​ដឹក​លើស​កម្រិត ព្រមទាំង​គ្មាន​អាជ្ញា​បណ្ណ​។ ៥)- កំពង់​ផែ​ចំណត​គ្មាន​គ្រប់​តម្រូវការ​សម្រាប់​កាណូត​ទេសចរណ៍ និង​មិន​គ្រប់​បំពេញ​តាម​តម្រូវការ​ស្ដង់ដា​សុវត្ថិភាព ជា​ហេតុ​ធ្វើ​ឱ្យ​កាណូត​ចត​ដោយ​គ្មាន​សណ្ដាប់ធ្នាប់ និង​ពិបាក​គ្រប់គ្រង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ