រាជធានីភ្នំពេញ ៖ វៀតណាមបានអះអាងថា រោងចក្រកែច្នៃជៀជ័រកៅស៊ូរបស់ខ្លួន នៅកម្ពុជាបានកំពុងដើរតួនាទី និងលើកស្ទួយជីវភាពពលរដ្ឋខ្មែរលើឆាកជាតិ និងអន្តរជាតិ ។ នេះបើតាមប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធកៅស៊ូវៀតណាម VRG លោក ជិន ង៉ុកធួក ។ ក្នុងជំនួបជាមួយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកក្កដានេះ នៅទីស្តីការក្រសួងលោក ជិន ង៉ុកធួក បានថ្លែងថា សព្វថ្ងៃសម្ព័ន្ធកៅស៊ូវៀតណាម ជៀជ័រកៅស៊ូបានជាង៥០% លើផ្ទៃដីដាំដុះសរុប ។
លោកបន្តថា «ការសាងសង់រោងចក្រកែច្នៃជ័រនៅជនបទ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលសមិទ្ធផលទាំងអស់នោះវាបាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់វិនិយោគ និងជាពិសេសជួយលើកតម្កើងមុខមាត់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការនាំចេញផលិតផលជ័រដែលផលិតនៅកម្ពុជា» ។ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធកៅស៊ូវៀតណាមបញ្ជាក់ថា សមិទ្ធផលដែលសម្ព័ន្ធកៅស៊ូសម្រេចបាននេះ គឺបានមកពីការជួយគាំទ្រ លើកទឹកចិត្ត និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរ ពីសំណាក់មន្ត្រីជំនាញ អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា និងថ្នាក់ដឹកនាំទទួលបន្ទុកកៅស៊ូ និងជាពិសេសលោករដ្ឋមន្ត្រីក្រសួងផ្ទាល់នាពេលកន្លងមក ។
លោកនឹងបន្តអនុវត្តផែនការសកម្មភាពឲ្យបានពេញលេញ តាមអ្វីដែលសម្ព័ន្ធបានឯកភាព ជាមួយក្រសួង និងជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនៃការអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជានាពេលអនាគត ។ ក្នុងជំនួបនោះដែរលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្ព័ន្ធកៅស៊ូវៀតណាមសម្រេចបាន ពិសេសបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងអគ្គនាកដ្ឋានកៅស៊ូក៏ដូចជា ជាមួយអាជ្ញាធរដែនដី ក្នុងរយៈពេលកន្លងមក ។
ដោយសម្ព័ន្ធកៅស៊ូបានអនុវត្តតាមផែនការមេ ក្នុងការដាំដុះ ការបំពេញបានតាមនីតិវិធីរដ្ឋបាល ច្បាប់ និងបច្ចេកទេសដែលបានឯកភាពជាមួយក្រសួង និងបានចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗដែលបានបង្កលក្ខណយ៉ាងល្អប្រសើរសម្រាប់ជីវភាព រស់នៅរបស់បុគ្គលិក កម្មកររបស់ក្រុមហ៊ុន ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ