ប៉េកាំង-ចិន៖ ក្រុងប៉េកាំងគ្រោងនឹងបើកឱ្យប្រើប្រាស់នូវព្រលានយន្តហោះតម្លៃរាប់ពាន់លានដុល្លារ ដែលមានរាងដូចត្រីផ្កាយដ៏ធំ ដើម្បីសម្រួលចរាចរណ៍ផ្លូវអាកាសនៅចិន និងអបអរខួប70ឆ្នាំនៃការកាន់អំណាចរបស់រដ្ឋាភិបាលកុម្មុយនីស្តចិន។
ព្រលានយន្តហោះអន្តរជាតិ Beijing Daxing ត្រូវបានបញ្ចប់ការសាងសង់ជាផ្លូវការកាលពីថ្ងៃទី៣០ មិថុនានេះ ហើយត្រៀមរួចរាល់សម្រាប់ពិធីសម្ពោធនៅថ្ងៃទី៣០ កញ្ញាខាងមុខ នាថ្ងៃគម្រប់ខួបនៃការបង្កើតនូវសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ១៩៤៩ ដោយលោក Mao Zedong។
ការប្រារព្ធព្រឹត្តិការណ៍នោះនឹងឃើញលោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ក្នុងក្បួនព្យុះហយាត្រាយោធាដ៏ធំមួយនៅកណ្ដាលក្រុងប៉េកាំង ជាមួយនឹងការបើកមជ្ឈមណ្ឌលបច្ចេកវិទ្យាតំណាងឱ្យ «ក្ដីសុបិនរបស់ចិន» ដែលលោកបានផ្ដល់ឱ្យប្រជាជនលោក។
ព្រលានយន្តហោះថ្មីនេះមានចម្ងាយ ៤៦ គីឡូម៉ែត្រ ពីខាងត្បូង Tiananmen Square ហើយនឹងប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៥ ជាមួយនឹងផ្លូវរត់ ៤ និងមានសក្ដានុពលដែលអាចទទួលអ្នកដំណើរបានដល់ទៅ ៧២ លាននាក់ក្នុងមួយឆ្នាំ។
បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិរដ្ឋធានីប៉េកាំង គឺជាព្រលានយន្តហោះធំទីពីររបស់ពិភពលោក គឺបានហៀរទៅហើយដែលអាចទទួលអ្នកដំណើរបានត្រឹមជាង១០០លាននាក់ប៉ុណ្ណោះក្នុង ១ឆ្នាំ ។ ចរាចរណ៍តាមផ្លូវអាកាសកំពុងកើនឡើងនៅប្រទេសចិន តាមកំណើនស្តង់ដារនៃការរស់នៅ ស្របតាមបំណងប្រាថ្នាក្នុងការធ្វើដំណើររបស់ប្រជាជន ។
បើតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានឱ្យដឹងថា ចិននឹងវ៉ាដាច់អាមេរិក ហើយក្លាយទៅជាទីផ្សារអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅពាក់កណ្ដាលឆ្នាំ២០២០នេះ ។ អង្គការប៉ាន់ប្រមាណថា ប្រទេសចិននឹងមាន ១.៦ ពាន់លានអ្នកដំណើរតាមយន្តហោះក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០៣៧ទៅ ដែលវាច្រើនជាង១ពាន់លាននាក់ កាលពីឆ្នាំ២០១៧ ។
រដ្ឋធានីរបស់ចិនមានប្រជាជន២១លាននាក់ ដែលរំពឹងថា នឹងស្វាគមន៍អ្នកដំណើរចំនួន១៧០ លាននាក់ក្នុងឆ្នាំ២០២៥ ដែលចែកគ្នារវាងព្រលានយន្តហោះទាំងពីរ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ