រាជធានីភ្នំពេញ៖សមាគមសិល្បករខ្មែរបានរួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានសម្រេចចេញថ្លៃព្យាបាលទាំងស្រុងចំពោះអតីតតារាចម្រៀងលោកសែម សង្វាត នៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ។
អតីតតារាចម្រៀងបាត់មុខពីសិល្បៈទាំងស្រុងអស់រយៈពេលជាច្រើន ខណៈពេលដែលស្ថានភាពរស់នៅរបស់លោកយ៉ាងណាក៏មិនត្រូវបានគេរំលឹកឡើងវិញនោះដែរ។ បន្ទាប់ពីមហាជនមួយចំនួនបានប្រទះឃើញ ជាមួយនឹងការចុះផ្សាយពីសារព័ត៌មានស្តីពីភាពលំបាក និងការធ្លាក់ខ្លួនឈឺស្គមស្ទើរមើលមិនស្គាល់នោះ ក៏មានសប្បុរសជន ជាពិសេសអ្នកសិល្បៈរួមជំនាន់បានខ្នះខ្នែងជួយដល់រូបលោកផងដែរ ។
លោកសែម សង្វាត បានទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជន ក្នុងនោះអតីតសមាជិកក្នុងក្រុមចម្រៀងEV មានលោកឃុំ ប៉ុណ្ណាដែត អ្នកនាងយក ់ឋិតរដ្ឋា និងអ្នកនាងឱក សុគន្ធកញ្ញា ក៏បានចូលរួមឧបត្ថម្ភផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សមាគមសិល្បករខ្មែរក៏បានចេញមុខជួយថ្លៃព្យាបាលជូនលោកសែម សង្វាត ដែលធ្វើឲ្យអតីតតារាចម្រៀងរូបនេះកាន់តែមានភាពកក់ក្តៅលែងឯកាបន្តទៀត ។
អតីតតារាចម្រៀងនៅក្នុងផលិតកម្មEV លោកសែម សង្វាត បានធ្លាក់ស្គមមើលស្ទើរមិនស្គាល់ បន្ទាប់ពីលោកបានចាកឆ្ងាយពីសិល្បៈអស់ច្រើនឆ្នាំ ។ ម្ចាស់បទ«សំបុត្រស្នេហ៍ក្នុងសៀវភៅអូន»រូបនេះបានសម្ងំព្យាបាលជំងឺនៅក្នុងបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ ដោយមិនបានចេញមុខសុំជំនួួយ ។ លោកបានចាប់ផ្តើមឈឺស្គមខ្លាំងដោយសារបញ្ហាក្រពះ និងពោះវៀនអស់រយៈពេលប្រមាណជាង៣ឆ្នាំមកហើយ ។ បើទោះជាមានជំងឺរ៉ាំរ៉ៃក៏ដោយ ប៉ុន្តែនៅតែតស៊ូធ្វើការងារនៅក្នុងក្រុមហ៊ុនមួយ ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ និងបង់ថ្លៃបន្ទប់។
បើទោះជួបភាពលំបាក និងជំងឺរួមរឹតក៏ដោយ លោកសែម សង្វាត នៅតែតស៊ូទៅធ្វើការ និងមិនបានចេញមុខសុំជំនួួយនោះឡើយ។ លោកថា មិនហ៊ានចេញមុខក្នុងសិល្បៈអស់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារលោកមានជំងឺ និងមានស្គមស្គាំងខុសពីមុន ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោកនៅតែអាចច្រៀងបានដដែល បើទោះបីជាលោកមានបញ្ហាច្រមុះអស់ជាច្រើនឆ្នាំក៏ដោយ ។
លោកសែម សង្វាត គឺជាតារាចម្រៀងមួយដួងក្នុងផលិតកម្មEVក្នុងផលិតកម្មរស្មីស្ទឹងសង្កែកាលពីជាង១០ឆ្នាំមុន ។ បទរបស់លោកដែលមានការគាំទ្រខ្លាំងបំផុតនោះ គឺបទ«សំបុត្រស្នេហ៍ក្នុងសៀវភៅអូន» ដែលបានចេញក្នុងវ៉ុលរួមគ្នាជាមួយតារាចម្រៀងឱក សុគន្ធកញ្ញា យក់ ឋិតរដ្ឋា និងលោកឃុំ ប៉ុណ្ណាដែត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ