ខេត្តកណ្តាល ៖ គួរអោយភ័យខ្លាចណាស់ មួយរយៈនេះនៅក្នុងក្រុងតាខ្មៅ បន្ទាប់ពីមានការបើកទីតាំងលក់ស្រាក្រឡុកមក គឺបទល្មើសកើនឡើងយ៉ាងខ្លាំងជាពិសេសអំពើហិង្សា និងដេញកាប់គ្នាជារៀងរាល់យប់បង្កឱ្យអសន្តិសុខយ៉ាងអាណាធិបតេយ្យ។
ដូចករណីនេះ គឺយុវជន៣នាក់ត្រូវជនមិនស្គាល់មុខជិះម៉ូតូដេញកាប់រហូតរងរបួសធ្ងន់-ស្រាលឈាមស្រោចពេញខ្លួននៅនឹងកន្លែងកើតហេតុ ចំណែកក្រុមជនបង្ករត់គេចខ្លួនបាត់ស្រមោលដែលកើតឡើងកាលពី១២និង៣០នាទីយប់ឈានចូលនៅថ្ងៃទី១ កក្កដា ២០១៩ ចំណុចផ្លូវជាតិលេខ២ នៅមុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ជនរងគ្រោះ៣នាក់ ១-ឈ្មោះ ស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ របួសស្រាល ២-ឈ្មោះ ធី ភេទប្រុស អាយុ២៤ឆ្នាំ របួសធ្ងន់ និង៣-ឈ្មោះ កោក ភេទប្រុស អាយុ១៩ឆ្នាំ របួសធ្ងន់ អ្នកទាំង៣មានទីលំនៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងមានម៉ូតូ១គ្រឿង ម៉ាក wave100 ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1V-5161 របស់ជនរងគ្រោះឈ្មោះកោក និងដាវ១ដើមប្រវែង៧០cm របស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ
ហើយជនសង្ស័យ២០នាក់(មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ១០គ្រឿង មានម៉ាក nex ពណ៌សលាយទឹកក្រូច១គ្រឿង, nex ពណ៌សលាយខៀវ១គ្រឿង, let ២គ្រឿង, សង់ពណ៌ក្រហម ស៊េរី២០១៩មួយគ្រឿង ហើយក្រៅពីនោះមិនចាំម៉ាក បានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុកនៅមាត់ស្ទឹង ក្បែររោងអ្នកតាថៃជឺតាខ្មៅ នៅពេលជិះដល់ស្តុបក្រពើហា ស្រាប់តែឃើញជនសង្ស័យខាងលើជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សី ខណៈនោះជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែរសង្កាត់ព្រែកឬស្សី
ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់នឹងរបងសាលាសង្កាត់ បណ្តាលឲ្យជនរគ្រោះឈ្មោះធី និងឈ្មោះកោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះស្រ៊ន វិសាល រត់ចោលម៉ូតូ ហើយនៅសល់ជនរងគ្រោះ២នាក់ក៏ត្រូវក្រុមជនល្មើសយកដាវសាម៉ូរ៉ៃកាប់លើក្បាល បណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យជិះគេចខ្លួនបាត់ទៅ រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត ហើយករណីនេះសមត្ថកិច្ចក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរកមុខជនសង្ស័យហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ