ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិភាគតិច​នៅតែ​រក្សា​ប្រពៃណី​ទំនៀម​​ទម្លាប់ និង​វប្បធម៌​​​របស់​គាត់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​៖ របត់​សង្គម​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​របៀប​រស់នៅ​របស់​មនុស្ស​ទូ​ទាំង​សាកលលោក ខណៈ​បច្ចេកវិទ្យា​បាន​ផ្សា​ភ្ជាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មិន​អាច​ខ្វះ​បាន តែ​ទោះជា​យ៉ាងណា​ ជនជាតិភាគតិច​នៅ​ខេត្ត មណ្ឌល​គិរី​នៅតែ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ពួក​គាត់​ និង​យក​មក​អនុវត្ត​ជា​រឿយ​ៗ​។​ ជាក់ស្តែង ​ថ្មី​ៗ​កន្លង​ទៅ​នេះ​ គ្រួសារ​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​១​គ្រួសារ…

ខេត្ត​មណ្ឌលគិរី​៖ របត់​សង្គម​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​របៀប​រស់នៅ​របស់​មនុស្ស​ទូ​ទាំង​សាកលលោក ខណៈ​បច្ចេកវិទ្យា​បាន​ផ្សា​ភ្ជាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មិន​អាច​ខ្វះ​បាន តែ​ទោះជា​យ៉ាងណា​ ជនជាតិភាគតិច​នៅ​ខេត្ត មណ្ឌល​គិរី​នៅតែ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ពួក​គាត់​ និង​យក​មក​អនុវត្ត​ជា​រឿយ​ៗ​។​ ជាក់ស្តែង ​ថ្មី​ៗ​កន្លង​ទៅ​នេះ​ គ្រួសារ​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​១​គ្រួសារ នៅ​ក្រុង​សែន​មនោ​រម្យ បាន​ធ្វើ​ពិធីសែនព្រេន​លើករាសី​យ៉ាង​អធិកអធម និង​មានការ​ចូលរួម​ពី​សំណាក់​ជនជាតិ​ព្នង​រាប់រយ​នាក់ ។

លោក ណ​យ ច័​ន្ឋ​ដា​រ៉ា ជា​ម្ចាស់​កម្មវិធី​សែនព្រេន​មាន​ឈាមជ័រ​ជា​ជនជាតិ​ព្នង និង​ជា​មន្ត្រីរាជការ​មួយ​រូប
​ក្នុង​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ថា នេះ​ជា​ពិធីសែនព្រេន​លើករាសី​កាប់​ក្របី​និង​ផឹកស្រា ជនជាតិ​ព្នង​ដែល​ធ្វើ​ពិធី​នេះ គឺ​ចង់​រំ​ឮ​ក​គុណ​ដល់​ដូនតា និង​អន្ទង​ហៅ​វិញ្ញាណក្ខន្ធ​ដូនតា​ម្ចាស់​ទឹក​ម្ចាស់​ដី​មក​ទទួលយក​ការ​សែន ព្រេន បន្ត​ថែរក្សា​ជួយ​ជ្រោ​ម ជ្រែង​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ជោគជ័យ​បន្ថែម​ទៅ​មុខ​ទៀត ។​ពិធី​នេះ​គេ​ធ្វើ​ម្ដងម្កាល​មិន​ចាំបាច់​ធ្វើ​រៀង​រាល់​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ប្រ​សិន​យើង​ចង់​ធ្វើ​ពិធី​នេះ គឺ​អាច​ធ្វើ​ប៉ុន្មាន​ដង​ក៏​បាន​ក្នុង​មួយ​ឆ្នាំ ។

លោក ណ​យ ច័​ន្ឋ​ដា​រ៉ា បន្ត​ថា ការ​សែនព្រេន​ក្នុង​ពិធី​លើករាសី​នេះ តម្រូវ​ឲ្យ​មាន​បូជា​សត្វ​ក្របី​១​ក្បាល ជ្រូក​១ ក្បាល មាន់​៣​ក្បាល និង​ស្រា​៣​ពាង ក្នុង​នោះ​មាន​ស្រា​ពាង​រលូង​១​ពាង ជា​ស្រា​ពាង​បូរាណ ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង គោរព​សម្រាប់​ផឹក​ស្បថស្បែ ឬ​សន្យា​អ្វីមួយ មិន​ហ៊ាន​បំពាន​ពាក្យ​នោះ​ទេ ។

​ក្រៅពី​ការ​សែនព្រេន​នោះ ក្នុង​ពិធី​នេះ ក៏​តម្រូវ​ឲ្យ​មានការ​ច្រៀង​រាំរែក​ជាមួយ​របាំ​ប្រពៃណី ដូច​ជា​របាំ​ដាំ​ស្រូវ របាំ​បេះ​ផ្លៃ​ឈើ និង​របាំ​ជា​ច្រើន​ទៀត ។ ពិធី​នេះ​ដែរ ពី​បុរាណ​គេ​ប្រារព្ធ​៣​ថ្ងៃ ថ្ងៃ​ទី​១​សែន​សុំ​បើកផ្លូវ ថ្ងៃ​ទី​២​ជា​ថ្ងៃ​ពិសេស​មានការ​កាប់​ក្របី​ជ្រូក​មាន់ ចំណែក​ថ្ងៃ​ទី​៣​គឺ​សែន​បញ្ចប់​កម្មវិធី​ផ្កាប់​ពាង​ស្រា ប៉ុន្តែ​មក​ដល់​បច្ចុបន្ន​ពុំ​សូវ​បាន​ធ្វើ​គ្រប់​៣​ថ្ងៃ​នោះ​ទេ គឺ​ធ្វើ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។

ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី លោក សី ទូច បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​ពិធីសែនព្រេន​លើក រាសី​នេះ លោក​សង្កេត​ឃើញ​ថា គេ​បាន​ធ្វើ​ជា​រឿយ​ៗ និង​ជា​រឿង​ល្អ​មួយ​ដែល​ជនជាតិ​ព្នង​នៅ​តែ​ប្រកាន់​ភ្ជាប់​ជាមួយ ប្រពៃណី​បាន​យ៉ាង​ល្អ ។

លោក​កត់​សម្គាល់ថា ជនជាតិ​ព្នង​ភាគច្រើន​នៅ​ខេត្ត​មណ្ឌល​គិរី​បាន​អនុវត្ត​តាម​សាសនា​ប្រពៃណី​របស់
​ពួក​គាត់​បាន​ល្អ លើកលែង​ជនជាតិ​ដើម​មួយ​ចំនួន​ដែល​ចូល​សាសនា​ផ្សេង គឺ​មិន​អនុវត្ត​តាម​ប្រពៃណី​ទៀត​ទេ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ