រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតអ្នកនាំពាក្យគណបក្សកាន់អំណាចបានអះអាងថា គ្មានការចរាចរអ្វីដូចជា ការចង់បានរបស់ទណ្ឌិត សម រង្ស៊ី នោះទេ គឺបើកចូលស្រុកមានតែអនុវត្តច្បាប់ តែប៉ុណ្ណោះ គឺចាប់ដាក់គុកដោយមិនឲ្យសកម្មជនឃើញមុខនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីលោកសម រង្ស៊ី បានដឹកនាំ គណៈប្រតិភូទៅជួបសមាជិកសភារបស់សហភាពអឺរ៉ុប ហើយថា នឹងមា នចូលស្រុកវិញ ដោយ មានសមាជិកសមាជិកសភាអឺរ៉ុបអមដំណើរមកកម្ពុជាទៀតផង ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី៣០ មិថុនានេះ តាមប្រព័ន្ធតេឡេក្រាមថា ទណ្ឌិតសម រង្ស៊ី ចង់ចូលទៅចង់រកការចរចាជាមួយអ្នកកាន់អំណាចនោះ កុំអាលនិយាយបោកគេពីការចរចា ត្រូវនិយាយថា ចូលទៅហើយអនុវត្តច្បាប់ ជាមុនសិន គឺចូលគុកសិន ។ លោកបញ្ជាក់ថា «ការបិទផ្លូវចរចា គឺទណ្ឌិតរត់ចោលស្រុកទេ ជាអ្នក បំផ្លាញវប្បធម៌សន្ទនា ហើយចុងក្រោយបង្អស់ទណ្ឌិតនេះបាននិយាយជាសាធារណៈថា អត់ចរចាជាមួយហ៊ុន សែន ទេ ទុកឲ្យហ៊ុន សែន ចរចាជាមួយអន្តរជាតិចុះ ។ ឥឡូវដល់ទាល់ច្រក ស្រាប់ តែងាកមកចង់រកការចរចាដែលខ្លួនឯងបំផ្លាញចោលទៅហើយនោះវិញ » ។
អ្នកនាំពាក្យដដែលបានបន្តថា ការចង់ចរចា តែដោយដាក់សម្ពាធចង់ចាប់បង្ខំឲ្យមានការចរចានោះ គឺជាក្បួនចាស់ដែលគេបានប្រើតាំងពីទសវរត្សរ៍ឆ្នាំ៧០មកម្ល៉េះ ហួសសម័យហើយ កុំចង់សាក នៅខ្ចីនយោបាយណាស់ ។ ជាមួយគ្នានោះ លោក សុខ ឥសាន ក៏បានលើកឡើងថា ៖« ចង់រកកម្លាំងពីក្នុងស្រុកផង និងពីក្រៅស្រុកផង ដើម្បីយកឈ្នះបក្សកាន់អំណាចនោះមិនអាចទៅរួចទេ ព្រោះនៅក្នុងស្រុកជារបស់ស៊ីភីភីអស់ទៅហើយនោះ ឯអ្នកនៅក្រៅស្រុកម្នាក់ៗទឹកនោមផ្អែម ថ្លើមយោងតែខ្លួនមិន រួចផងទៅរកច្បាំងអីបានតែស្រែកពីក្រៅមកទេតើ បានការអី ?» ។
លោកក៏បានគូសបញ្ជាក់ថា បើមានអ្ន្ចកចង់ទៅទទួលទណ្ឌិតរត់ចោលស្រុកនៅពេលចូលស្រុកនោះមិនអាចបានជួបមុខទណ្ឌិតនោះទេ បានត្រឹមនៅខាងក្រៅព្រលានយន្តហោះប៉ុណ្ណោះ ។ នៅពេលយន្តហោះចុះភ្លាមសមត្ថកិច្ចនឹ ងទៅយកទណ្ឌិតពីក្នុងយន្តហោះមុនគេ ហើយជំលៀសចេញតាមផ្លូវណាមួយដែលសមត្ថកិច្ចយល់ឃើញថា ងាយស្រួលយកចេញដោយគ្មានអ្នកណាដឹងសោះឡើយ ។
លោកសុខ ឥសានក៏បានលើកឡើងថា ការប្រើពាក្យស្លោកថា មិនចាត់ទុកខ្មែរណាជាសត្រូវ បានតែនិយាយនោះទេ ព្រោះនៅពេល ដែលចូលទៅក្នុងស្រុក គឺ ដើម្បីចាប់អ្នកដែ លកំពុងកាន់អំណាច និងផ្តួលរំលំរបបសព្វថ្ងៃចោល ។ តើចាត់ទុកខ្មែរកាន់អំណាចជាសត្រូវឬ ជាខ្មាំងឬ? ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ