សហរដ្ឋអាមេរិក-អុីរ៉ង់ ៖ បន្ទាប់ពីសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីអុីរ៉ង់លោកហាសាន់រ៉ូហានី ដែលរៀបរាប់ពីបញ្ហាសរសៃប្រសាទរបស់សេតវិមាន ប្រធានាធិបតីអាមេរិកក៏មានប្រតិកម្មតបវិញភ្លាមៗដែរ ។
នាថ្ងៃទី២៥ មិថុនា និងខណៈលោក ដូណាល់ ត្រាំ ចេញបញ្ជានាពេលមុននេះ ឲ្យដាក់ទណ្ឌកម្ម ប្រឆាំងមេដឹកនាំកំពូលអុីរ៉ង់លោក អាយ៉ាតុលា អាលីខាមេនី ក្រុងតេហេរ៉ង់បានចោទប្រកាន់ក្រុងវ៉ាស៊ិនតោនជាពិសេសថា ជាមេភូតដោយនិយាយថាចង់ចរចា។ អុីរ៉ង់ក៏ចោទប្រកាន់អាមេរិកដែរថា កាត់ផ្ដាច់ជាអចិន្ត្រៃយ៍ផ្លូវការទូត ។
ជាការតបតវិញលោកត្រាំបានអះអាងតាម Twitter នារសៀលថ្ងៃទី២៥ មិថុនា ដោយវាយតម្លៃថា ប្រតិកម្មរបស់អុីរ៉ង់ចំពោះសំណើចរចារបស់លោកគឺការអុជអាល ហើយវាបង្ហាញពីភាពល្ងង់ខ្លៅរបស់ក្រុងតេហេរ៉ង់ ដែលមិនយល់ថារាល់ការវាយប្រហារ នឹងមានការសងសឹកវិញយ៉ាងខ្លាំងក្លារបស់អាមេរិក ។
តាម Twitter លោក ត្រាំ សរសេរថា សេចក្ដីថ្លែងការណ៍ដែលអុជអាលរបស់អុីរ៉ង់ បងា្ហញពីភាពល្ងង់ខ្លៅរបស់ខ្លួន ហើយបង្ហាញយ៉ាងច្បាស់ថាអុីរ៉ង់មិនយល់ពីអ្វីដែលជាការពិត ។ លោកបន្តថា រាល់សកម្មភាពរបស់អុីរ៉ង់វាយប្រហារមិនថា ផលប្រយោជន៍ណាមួយទេរបស់អាមេរិក នឹងនាំឲ្យមានការតបតវិញយ៉ាងខ្លាំងក្លាបំផុត ។ ក្នុងករណីមួយចំនួន ពាក្យថាវាយប្រហារខ្លាំងក្លាបំផុតនោះមានន័យថាកម្ទេចអុីរ៉ង់តែម្ដង ។
ចំណែកប្រធានាធិបតីអុីរ៉ង់លោក ហាសាន់ រ៉ូហានី នាថ្ងៃទី២៥ មិថុនា ក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ បានជះសម្ដីដាក់លោក ត្រាំ វិញថាលោក ត្រាំ មានបញ្ញាអន់ ។ លោកក៏ចាត់ទុកទណ្ឌកម្មប្រឆាំងលោក អាយ៉ាតុលា អាលីខាមេនី និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ឯទៀតៗ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស លោកMOHAMMAD JAVAD ZARIF ថា ជាអំពើអាស្រូវនិងឆ្កួតលីលា ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ