ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​មួយ​រយៈ​ជើង​ខ្លាំង​កម្ពុជា​ ត្រឡប់​វិញ​​ប៉ះ​ជើង​ខ្លាំង​ថៃ​​​ថ្ងៃ​នេះហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​សង្វៀន​តែ​មួយ​រយៈ ពេល​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង បាង កា​យ៉ាក របស់​កម្ពុជា ត្រូវ​គេ​ឃើញ​មាន មុខ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ…

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​សង្វៀន​តែ​មួយ​រយៈ ពេល​នេះ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង បាង កា​យ៉ាក របស់​កម្ពុជា ត្រូវ​គេ​ឃើញ​មាន មុខ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ កោ​ថាប់ វ​.​ស៊ូ​ង​និ​ន ដែល​ជា​ជើង​ខ្លាំង​មិន​ធម្មតា​​នៅ​ក្នុង​ប្រទេស​ថៃ ដែរ​នោះ ។

មួយគូ​នេះ ត្រូវ​គេ​រំពឹង​ថា ពិតជា​ធ្វើ​ឱ្យ​រញ្ជួយ​សង្វៀន​នា​ថ្ងៃ​សៅរ៍​ទី​២៩ មិថុនា ក្នុង​ព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ដែល​ជា​ព្រឹត្តិការណ៍​សំខាន់ ស្ថិត​ក្នុង​ដំណាក់កាល​កាន់តែ​កៀក​នឹង​ឈាន​ទៅ​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស​ផង​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ កោ​ថាប់ វ​.​ស៊ូ​ង​និ​ន ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ បាង កា​យ៉ាក ដ្បិតថា​គេ​មិនសូវ​មានឱកាស​ឡើង​ប្រកួត​អន្តរជាតិ ។ លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ​គេ​មាន​សមត្ថភាព​ខ្លាំង​ជា​យូរ​មក​ហើយ និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។

លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ កោ​ថាប់ វ​.​ស៊ូ​ង​និ​ន លោក​ចង់​ផ្ដល់​ឱកាស​ឱ្យ​បាង កា​យ៉ាក ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ម្ចាស់​ជើងឯក​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ ព្រោះ​គេ​ស្ងាត់​ប្រកួត​មួយ​រយៈ​ក្ដី ។ លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា ហ្វឹកហាត់​ជាប់លាប់​មិន​តិច ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​។

លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ