ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វេជ្ជបណ្ឌិត​ព្យាករ​ថា ជំងឺគ្រុនឈាម ក្នុង​ឆ្នាំ​2019​ ​អាច​កើន​ដល់​5​ម៉ឺន​ករណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​វេជ្ជបណ្ឌិត​ជំនាញជំងឺគ្រុនឈាម​បាន​អះអាង​ថា ករណី​គ្រុនឈាម​បាន​កើតឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ​ មាន​ចំនួន​១.៣០០​ករណី ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ ​មាន​អ្នកជំងឺ​ស្លាប់​ចំនួន​២៤​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រុម​វេជ្ជបណ្ឌិត​ជំនាញជំងឺគ្រុនឈាម​បាន​អះអាង​ថា ករណី​គ្រុនឈាម​បាន​កើតឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ​ មាន​ចំនួន​១.៣០០​ករណី ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ ​មាន​អ្នកជំងឺ​ស្លាប់​ចំនួន​២៤​នាក់ ។ តាម​ការ​ប៉ាន់ស្មាន រហូត​ដល់​ដំណាច់ឆ្នាំ​២០១៩​នេះ​ ជំងឺគ្រុន ឈាម​អាច​មាន​ដល់​៥​ម៉ឺន​ករណី ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹ​ម អង្គា​បុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់​ថា​ជំងឺគ្រុនឈាម​កើតឡើង​ចំពោះ​ក្មេង មនុស្ស​ធំ និង​មនុស្ស​ចាស់​ផង​ដែរ​។ «​អ្នកជំងឺ​គ្រុនឈាម​ជាង​៣០០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​» ។

លោក​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​បន្ត​ថា ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ក្នុង​ឆ្នាំ​២០១៨ មាន​អ្នកជំងឺ​គ្រុនឈាម​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ចំនួន​១.០៦៨​ករណី ចំណែក​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​៤.១១២​ករណី​បាន​ចូល​មក​សម្រាក​ព្យាបាល ។ មន្ទីរពេទ្យ​កុមារ​ជាតិ​ទទួល​តែ​អ្នកជំងឺ​កុមារ​ប៉ុណ្ណោះ ។ លោក​បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ​ដែល​មានកូន​ក្តៅខ្លួន សង្ស័យ​មាន​ជំងឺគ្រុនឈាម ត្រូវ​នាំ​យក​មក​កាន់​មន្ទីរពេទ្យ​រដ្ឋ​ជា​បន្ទាន់​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ។

លោក​វេជ្ជបណ្ឌិត បាន​ហាម​ប្រើ​ថ្នាំ​ផ្សេង​ៗ ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ព្រោះថ្នាំ​ខ្លះ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​ដូច​ជា​ថ្លើម តម្រងនោម​ជាដើម ។ លោក​បន្ត​ថា ក្រសួងសុខាភិបាល​បាន​បណ្តុះបណ្តាល​គ្រូពេទ្យ​ប្រមាណ​១.០០០​នាក់​ទូ​ទាំង​ប្រទេស ដើម្បី​ចូលរួម​តាមដាន​ពី​ករណី​ជំងឺគ្រុន​ឈាម​ព្រោះថា បើ​គ្មាន​ជំនាញ​ផ្នែក​គ្រុនឈាម​ទេ​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ឡើយ​។

ចំណែក​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុ​ល ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​ថ្លែង​ថា ជំងឺគ្រុនឈាម​កើត​ពី​មូស​ខ្លា​និង​វីរុស ។ មូស​ខ្លា​នេះ​បន្ត​ពូជ​នៅ​ក្នុង​ទឹក គ្មាន​ក្លិនស្អុយ ជា​ពិសេស​ទឹក​ដក់​នៅ​សម្បក​កង់​រថយន្ត កំប៉ុង សម្បក​ដូង ជាដើម ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ក្រសួងសុខាភិបាល​បាន​ត្រៀម​ថ្នាំ​អា​បែ​ត​ចំនួន​១៦៨​តោន ដើម្បី​ដាក់ ក្នុង​ពាងទឹក​ពលរដ្ឋ​តាម​ភូមិ ថ្នាំ​បាញ់​ជាង​៧០០​លី​ត្រ​នៅ​តំបន់​តាម​ជនបទ ។

នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ឲ្យ​អត្រា​អ្នក​ស្លាប់​ថយ ចុះ​៥០% ។ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុ​ល បន្ត​ថា​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​លុប​បំបាត់​ជម្រក​មូស​ខ្លា ។ ទឹក​ដក់​ថ្លា​ជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅ​ក្នុង​សម្បក​កង់​រថយន្ត កង់​ម៉ូតូ សម្បក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង​ជា​ជម្រក​មូស​ខ្លា​) ។

លោក​ក៏​បាន​អំពាវនាវ​ថា «​យើង​រួម​គ្នា​លុបបំបាត់​ជម្រក​មូស​ខ្លា​នៅ​ក្នុង​សហគមន៍​របស់​យើងដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម​»​។ មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាម​មិនមែន​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ទេ ។ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុ​ល បន្ត​ថា ការ​ទុកដាក់​សម្បក​កង់​រថយន្ត​-​ម៉ូតូ ហាលភ្លៀង​នៅ​ក្នុង​សហគមន៍ គឹ​ជា​ការ​បង្កើត​ជម្រក​មូស​ខ្លា​ក្រោយ​ពេល​ភ្លៀង​ធ្លាក់ ។ ការ​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាង​និង​អាង​ទឹក ដើម្បី​សម្លាប់​ដង្កូវ​ទឹកជា​ការ​រួមចំណែក​ទប់ស្កាត់​ការ​កកើត​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺគ្រុនឈាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​១​ម៉ឺន​ករណី​ហើយ​។ ចំនួន​នេះ​បាន​កើនឡើង​ច្រើន បើ​ធៀប​នឹង​រយពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ។ ក្រសួងសុខាភិបាល​បាន​អះអាង​ថា កត្តា​ដែលបណ្ដាល​ឲ្យ​មាន​ករណី​គ្រុនឈាម​ច្រើន​ដូច្នេះ គឺ​ដោយសារ​តែ​កត្តា​បម្រែបម្រួល​អាកាសធាតុ និងកត្តា​វត្តមាន​ជម្រក​មូស​ខ្លា​នៅ​តាម​ផ្ទះសម្បែងឬ​ទីធ្លា​សាធារណៈ ។

មួយវិញទៀត គឺ​ដោយសារ​តែ​ឆ្នាំ​២០១៩​នេះ គឺជា​វដ្ត​របស់​ជំងឺ​គ្រុនឈាម ដែល​តែងតែ​ផ្ទុះ​ឡើង​រៀង​រាល់​៤​ទៅ​៥​ឆ្នាំ​ម្ដង ។ យ៉ាងណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុ​ល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រនៃ​ក្រសួងសុខាភិបាល បាន​អះអាង​ថា ស្ថានភាព​នៃ​ជំងឺគ្រុន​ឈាម​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​អាចគ្រប់គ្រង​បាន មិន​ទាន់​ឈាន​ចូល​ដល់​កម្រិតប្រកាស​​​អាសន្ន​នៅ​ឡើយ ​៕