ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ករណី​ទៀត​ហើយ​! ទិញ​ដី​ហ្វ្រ៊ី​គ្រាប់កាំភ្លើង​ត្បាល់ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាប់កាំភ្លើង​ត្បាល់​១​គ្រាប់​ត្រូវ​បាន​ក្រុម​ជាងសំណង់​ប្រទះឃើញកប់​នៅក្នុង​ដី ពេលកំពុង​កាយ​ដី​ពង្រាប​ដើម្បី​ចាក់សាប​មុខ​ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភិតភ័យ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ផ្ទុះ ហើយ​ក៏​បាន​ផ្អាកការ​​កាយ​ដីវិញ​ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​​ដើម្បី​ឱ្យ​ចុះមក​​ពិនិត្យ​មើល​ភ្លាម​ៗ​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ គ្រាប់កាំភ្លើង​ត្បាល់​១​គ្រាប់​ត្រូវ​បាន​ក្រុម​ជាងសំណង់​ប្រទះឃើញកប់​នៅក្នុង​ដី ពេលកំពុង​កាយ​ដី​ពង្រាប​ដើម្បី​ចាក់សាប​មុខ​ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភិតភ័យ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ផ្ទុះ ហើយ​ក៏​បាន​ផ្អាកការ​​កាយ​ដីវិញ​ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​​ដើម្បី​ឱ្យ​ចុះមក​​ពិនិត្យ​មើល​ភ្លាម​ៗ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មុខ​ឃ្លាំង​លក់​រថយន្ត​ISUZU ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​នរណា​ស្គាល់​គ្រាប់កាំភ្លើង​ត្បាល់​នោះ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ប្រភេទ​គ្រាប់​ផ្លោង​៦០​មី​ល្លី​ម៉ែត្រ ដែល​កប់​ក្នុង​ដី​ច្រើន​ឆ្នាំ​មក​ហើយ​តាំងពី​សម័យ​សង្គ្រាម​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៧០ និង​១៩៧៥​មក​ម្ល៉េះ ព្រោះ​វា​ត្រូវ​ច្រែះ​ចាប់​អស់​ទៅ​ហើយ ។ ប៉ុន្តែ​មើលទៅ​គ្រាប់កាំភ្លើង​ត្បាល់​នោះ​នៅ​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ទុះ​បង្ក​គ្រោះថ្នាក់ ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ព្រោះ​គ្រាប់កាំភ្លើង​ត្បាល់​នោះ​ត្រូវ​ច្រែះ​ចាប់​តែ​ខាងក្រៅ​ប៉ុណ្ណោះ ចំណែក​គ្រឿងក្នុង​របស់​វា​មិន​ទាន់​មានការ​ខូចខាត​នៅឡើយ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជាងសំណង់​បាន​កាប់ និង​កាយ​ដី​ចេញ​ដើម្បី​ពង្រាប និង​ដាក់​ថ្ម​ចាក់សាប​សម្អាត​ទីធ្លា​ខាង​មុខ​ឃ្លាំង​លក់​រថយន្ត ISUZU ខណៈនោះ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​នោះ​កប់​នៅ​ក្នុង​ដី ។ ប៉ុន្តែ​ដី​នោះ​ពុំ​មែន​ជា​ដី​ចាស់​នៅ​ទីនោះ​ឡើយ គឺជា​ដី​ថ្មី​ដែល​ម្ចាស់​ឃ្លាំង​ទើបនឹង​ទិញ​យក​ទៅ​ចាក់​នៅ​ទីនោះ​ប៉ុណ្ណោះ ហើយ​ក៏​សង្ស័យ​ថា​គ្រាប់កាំភ្លើង​ត្បាល់​នេះ​គឺ​បាន​ដោយ​តាម​រថយន្ត​ដឹក​ដី​ពី​កន្លែង​ផ្សេង​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កាយ​ដី​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​មួយ​គ្រាប់​បែប​នេះ ធ្វើ​ឲ្យ​ក្រុម​ជាងសំណង់​ដែល​ជា​អ្នក​កាប់​និង​កាយ​ដី​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ផ្អាក​ការ​កាប់ និង​កាយ​ដី​ជា​បណ្ដោះអាសន្ន ព្រោះ​សំណាងល្អ​ណាស់ ដែល​ពួក​គាត់​កាប់​ដី​មិន​ត្រូវ​ចំ និង​មិន​បណ្ដាល​ឲ្យ​ផ្ទុះ​។

បន្ទាប់​មក ក្រុម​ជាង​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ភ្លាម​ៗ​តែ​ម្តង ហើយ​នគរបាល​បាន​ឲ្យ​បុគ្គលិក​នៅ​ឃ្លាំង​លក់​រថយន្ត​នោះ​យក​ខ្សែ​ទៅ​ចង​ហ៊ុម​ព័ទ្ធ​ជុំវិញ​កន្លែង​ប្រទះ​ឃើញ​គ្រាប់ ការពារ​ខ្លាច​អ្នក​មិនដឹង​ចូល​ទៅ​មាន​គ្រោះថ្នាក់ បន្ទាប់​មក​នគរបាល​បាន​រាយការណ៍​បន្ត​ទៅ​កាន់​មន្ត្រី​អង្គការ​កំចាត់​មីន​ស៊ី​ម៉ាក់ ដើម្បី​ចុះ​មក​​ដោះ​យក​គ្រាប់​នេះ​ចេញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ