ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន​-​រឿង សោ​ភ័​ណ្ឌ ឡើង​ដណ្ដើម​ប្រាក់​​លាន​ជាមួយ​កីឡាករ​បរទេស​ស្អែក​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៩​មិថុនា ស្អែក​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​ស៊ី​អិន​ស៊ី នឹង​បន្ត​បើក​​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​រឿង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៩​មិថុនា ស្អែក​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​ស៊ី​អិន​ស៊ី នឹង​បន្ត​បើក​​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​បរទេស ។ អ្នក​និយម​ទស្សនា​កីឡា​ប្រដាល់​​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​ដណ្ដើម​ប្រាក់​លាន​បាន​ដែរ​ឬ​យ៉ាងណា ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

កីឡាករ​ឡុ​ង ជិន ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កិ​ឡាករ​ថៃ ភិត​ងិ​ន​ថង ប្រាណ​សង ហុ​ក ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ចំណែក រឿង សោ​ភ័​ណ្ឌ ប្រកួត​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល ឈ្មោះ​Paulo Sergio​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម​។

ឡុ​ង ជិន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​គ្រាន់បើ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទេ ។ អ្នក​ប្រដាល់​ជើង​ចាស់​ម្នាក់​នេះ មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​គួរសម​គ្រាន់តែ​ចិត្ត​រាង​តូច​បន្តិច ។ លើក​នេះ​ត្រូវ​មក​ប៉ះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​រាប់​ភ្លេច ថែម​ទាំង​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​មិន​តិច​នាក់​ទេ ។ ចាំ​មើល ឡុ​ង ជិន​មានសំណាង​ដណ្ដើម​ប្រាក់​លាន​លើក​នេះ​បាន​ឬ​អត់​។

រឿង សោ​ភ័​ណ្ឌ សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្ដើម​ប្រាក់​លាន​លើក​នេះ ព្រោះ​អី​គេ​ប៉ះ​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល​ដែល​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ។ បើ​ទោះជា​គេ​មិន​ធ្លាប់​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​ក៏​ដោយ ក៏​គេ​មិនសូវ​ជា​បារម្ភ​នោះ​ដែរ ដោយសារ តែ​គេ​ដឹង​ច្បាស់​ថា រាល់​លើក​ដែល​មាន​វត្តមាន​កីឡាករ​ប្រេ​ស៊ី​លម​ក​ប្រកួត មិន​ដែល​ឆ្លង​ផុត​ពី​ទឹក​ទី​៣​ឡើយ គឺ​តែង​សន្លប់​ក្រោម​កណ្ដាប់ដៃ​រឿង សោ​ភ័​ណ្ឌ រហូត ។

ក្រៅពី​គូ​ដណ្ដើម​ប្រាក់​លាន​ក៏​មាន​គូប្រកួត​មិត្តភាព​អម​ផង​ដែរ​ដូច​ជា​កីឡាករ ធី ម៉ា​និ​ត មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ផា​ន់ សុ​ផាត មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន ជ័យ និង​កីឡាករ សែត ពិសិដ្ឋ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ លី​ន សេង​ហុង មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ​។

រីឯ​សមាសភាព​គូប្រកួត​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​វិញ​ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ​និង​បរទេស​ចំនួន​៣​គូ ។ កីឡាករ មុត ខ្លឹម​ខ្មៅ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ​ប្រ​ស៊ី​ល Adayiton ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ អេ​លី​ត សាន់ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ថៃ ឃុំ​ភិ​ឈិ​ត គាត​បាន​ឌី​ត យី​ម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ យ៉​ត​កុង​ស៊ុន ច​.​ថា​ក់​វិ​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

ចំណែក​គូ​ចុង​ក្រោយ​កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ខាំ សាបាន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ