ខេត្តតាកែវ ៖ បញ្ហាចំបង៣ចំណុចត្រូវបានក្រុមប្រឹក្សាខេត្តតាកែវអាណត្តិទី៣ស្នើទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវមានវិធានការដោះស្រាយនិងទប់ស្កាត់ក្នុងកម្រិតខ្ពស់បំផុត។
ការលើកជាសំណើទៅលោកអភិបាលខេត្តតាកែវដើម្បីដោះស្រាយ និងមានវិធានការនោះមាន៖ ទី១-សូមជួយរកទីតាំងថ្មីដើម្បីសម្រួលដល់ការប្រជុំក្រុមប្រឹក្សាខេត្តលើកក្រោយៗ ព្រោះទីតាំងចាស់មិនអាចប្រើការបាន ទី២-ត្រូវមានវិធានការទប់ស្កាត់ឲ្យខាងតែបានរាល់ការលួចលាក់នាំចូលសត្វជ្រូកពីប្រទេសវៀតណាម ដើម្បីសុខភាពប្រជាពលរដ្ឋ និងទី៣-ត្រូវទប់ស្កាត់ការនេសាទដោយខុសច្បាប់តាមគ្រប់រូបភាព នារដូវបិទការនេសាទខាងមុខនេះ។
ការលើកឡើងពីសំណាក់ក្រុមប្រឹក្សាខេត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងមានការចូលរួមដោយលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ នៅសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្ត(ផអ៣)។
ស្ថិតនៅចំពោះមុខ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលតាកែវ សមាជិកសមាជិការនៃក្រុមប្រឹក្សាខេត្តដែលទើបនិងជាប់ឆ្នោតថ្មី បានស្នើសុំរកកន្លែងប្រជុំថ្មី ពិសេសត្រូវមានវិធានការទប់ស្កាត់រាល់បទស្មើសនាសាទតាមគ្រប់រូបភាពពីសំណាក់ប្រជាពលរដ្ឋនិងការលួចនាំសត្វជ្រូកពីប្រទេសវៀតណាមពីឈ្មួញទុច្ចរិតឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ