រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមប្រារព្ធខួប៦៨ឆ្នាំ ខួប៦៨ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅមជ្ឍមណ្ឌលកោះពេជ្រ ដែលមានសមាជិកសមាជិការរាប់ម៉ឺននាក់ ។
គណបក្សប្រជាជនកម្ពុជាបានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខែ្មរ» ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា ។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងនឹងកាន់តែរីកចម្រើនលឿនទៅមុខ ។ នេះបើតាមបណ្តាញសង្គមរបស់សម្តេចតេជោ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ