ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ឆ្នាំ ក្រសួង​ទទួល​បានការ​ចុះបញ្ជី​យានយន្ត​តាម​អន​ឡាញ​ជាង​៥​លាន​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ដាក់​អោយ​ដំណើរការ​នូវ​ការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ គេ​កត់សម្គាល់​ឃើញ​ថា ត្រឹម​រយៈពេល​តែ​១​ឆ្នាំ ក្រសួង​ទទួល​បានការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ថ្មី​នេះ​បាន​ចំនួន ជាង​៥​លាន​គ្រឿង ដែល​ភាគច្រើន​ជាងគេ​គឺ ទោចក្រយានយន្ត…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ដាក់​អោយ​ដំណើរការ​នូវ​ការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ គេ​កត់សម្គាល់​ឃើញ​ថា ត្រឹម​រយៈពេល​តែ​១​ឆ្នាំ ក្រសួង​ទទួល​បានការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ថ្មី​នេះ​បាន​ចំនួន ជាង​៥​លាន​គ្រឿង ដែល​ភាគច្រើន​ជាងគេ​គឺ ទោចក្រយានយន្ត ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ​លោក ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា « ក្នុង​ចំណោម​យានយន្ត​ទាំង​ជាង​៥​លាន​នោះ មាន​ទោចក្រយានយន្ត​រហូត​ដល់​ជាង​៤​លាន​គ្រឿង ហើយ​រថយន្ត​វិញ គឺ​ទទួល​បាន​ជាង​១​លាន​គ្រឿង​ដែល​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ » ។ លោក​បាន​បន្ត​ថា ការ​ចុះបញ្ជីរ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ទើបតែ​ដាក់​ឱ្យ​អនុវត្តន៍​បាន​ជាង​១​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​ការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​នេះ គឺជា​របៀប​ថ្មី​របស់​ក្រសួង ដែល​មាន​ភាព​ងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទិញ​ផ្លា​ក​លេខ រឺ​ចុះបញ្ជី​យក​លេខ​ណាមួយ​ទៅ​ប្រើប្រាស់​នោះ ពលរដ្ឋ​មិន​ចាំបាច់​រត់ការ​ច្រើន​ដូច​កាលពីមុន និង​មិន​ត្រូវការ​ចំណាយ​ក្រៅផ្លូវការ​អី​ដែរ ពោល​គឺ​តម្លៃ​សេវាកម្ម​នៅ​ក្នុង​ប្រព័ន្ធ​ស្រាប់ ។ ​

លោក អូ​តា ម៉ាសា​យ៉ា ប្រធាន​ទីប្រឹក្សា​គម្រោង JICA/MVRI ក៏​បានអោយ​ដឹង​ដែរ​ថា ដោយសារ​តែ​វឌ្ឍនភាព​នៃ​ការ​កើនឡើង​នូវ​ចំនួន​យានយន្ដ​យ៉ាង​ឆាប់រហ័ស ប្រទេស​កម្ពុជា បាន​ប្រឈម​មុខ​នឹង​កត្តា​ជា​ច្រើន ជា​ពិសេស បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។ បញ្ហា​នេះ ទីប្រឹក្សា​គម្រោង JICA/MVRI នឹង​ធ្វើ​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុង​ការ​ដោះស្រាយ ដោយ​ការ​ប្រើ​នូវ​បទ​ពិសោធន៍​ល្អ​ៗ និង​ចំណេះដឹង​របស់​ជប៉ុន ធ្លាប់​បាន​ធ្វើ​កន្លង​មក ដូច្នេះ គម្រោង​នេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យាន​ជិ​និះ និង​ដោះស្រាយ​បញ្ហា ដែល​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដូច​ជា ការ​ធ្វើ ប្រព័ន្ធ​សុវត្ថិភាព និង​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ ជាដើម​។

​លោក Sugano Yuichi ប្រធាន​តំណាង​ការិយាល័យ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA ប្រចាំ​កម្ពុជា​ដែល​បាន​គាំទ្រ និង​ផ្ដល់​នូវ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​ចុះបញ្ជី​តាម​អន​ឡាញ​នេះ​ដែរ បាន​លើក​ឡើង​ថា JICA បាន​ចាប់ផ្ដើម​គម្រោង MVRI នេះ​ដែល​មានឈ្មោះ​ថា គម្រោង​ទំនើប​កម្ម​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ដ ដូច្នេះ គម្រោង​នេះ មាន​៣​ផ្នែក​សំខាន់ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​លើ​ការ​ចុះបញ្ជី​យានជំនិះ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ការ​គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា ។ ​

លោក ពៅ ម៉ា​លី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ការ​ចុះបញ្ជី​និង​ទូទាត់ ការ​ចំណាយ​មក​កាន់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​វិញ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​និង​បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ការ​ជួប​ផ្ទាល់​រវាងមន្ត្រី​និង​ម្ចាស់​យានយន្ត ដូច្នេះ​វា​នឹង​កាត់​បន្ថយ​បាន​ច្រើន​នូវ ការ​ចំណាយ​ក្រៅផ្លូវការ ជា​ពិសេស​អំពើ​ពុក​រលួយ​ដែល​រដ្ឋាភិបាល​ក៏​បាន​និង​កំពុងធ្វើការ​យ៉ាង​សកម្ម​ផង​ដែរ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក​វ៉ា ស៊ឹ​ម​សូ​រិ​យា បានអោយ​ដឹងផង​ដែរ​ថា ក្រសួង​ក៏​បាន​និង​កំពុង​រៀបចំ​ឱ្យ​មានការ​ទិញ​ផ្លា​ក​លេខ​ពិសេស​ៗ ដែល​ម្ចាស់​យានយន្ត​ចង់បាន​ផង​ដែរ ហើយ​ការងារ​នេះ​កំពុង​ប្រជុំ​រក​ដំណោះស្រាយ​ជា​រួម​មួយ​រវាង​អន្តរក្រសួង ដើម្បី​ចេញ​ជា​សេចក្តីសម្រេច​មួយ ឱ្យ​ពលរដ្ឋ​ដែល​ចង់​ទិញ​ផ្លា​ក​លេខ​ពិសេស​ៗ អាច​ជ្រើសរើស​ផ្លា​ក​លេខ​ដែល​ខ្លួន​ចង់បាន ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​កំណត់​ផង​ដែរ​ពី​ការ​ផ្លាស់​ប្តូរ​ប្រើ​សាច់ប្រាក់​សុទ្ធ ងាក​មក​ប្រើ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​ជំរុញ​ដល់​ដំណើរការ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល អោយ​កាន់តែ​មាន​ភាព​រីក​លូតលាស់ ដូច​បណ្ដា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ