ពាក្យថាស្រីគ្រប់លក្ខណ៍ លោកសំដៅលើស្ត្រីដែលមានចរិតល្អបូករួមនឹងឥរិយាបថសុភាពរាបសា ចរិយាស្លូតបូតរម្យទមដើម្បីរក្សាវប្បធម៌ ប្រពៃណីតាំងពីដូនតារបស់យើងឱ្យបានគង់វង្សយូរអង្វែងសម្រាប់បច្ឆាជនក្រោយៗទៀត ។
លក្ខណសម្បត្តិទាំង៣១សម្រាប់ស្ត្រីគ្រប់លក្ខណ៍នោះគឺៈ
១-មិនចេះអេចអូច និយាយដើមគេ
២-ចេះរៀបចំផ្ទះសម្បែងឲ្យបានសមរម្យ
៣-ចេះតុបតែងគ្រឿងឧបភោគ គឺសិល្បៈនៃការធ្វើម្ហូបអាហារ
៤-ខ្លាចចិត្តស្វាមី មាតាបិតា ហើយគោរពតាមឱវាទជានិច្ច
៥-មិនចេះគេងពេលថ្ងៃ
៦-មិនវង្វេងភ្លេចមុខភ្លេចក្រោយ
៧-ចេះថែទាំទ្រព្យសម្បត្តិ ដែលស្វាមីរកបានមក
៨-មិនរំសាយសក់ឲ្យគេឃើញ
៩-មានចិត្តអត់ធន់ធ្ងន់ធ្ងរ
១០-មិនទម្រន់ក្នុងការងារ ធ្វើទាល់តែហើយក្នុងការងារនោះ
១១-មានជើងស្រាលមិនទន្ត្រាំក្ដុងក្ដាំង
១២-មិនឈរ ឬអង្គុយសម្ញែងកាយឲ្យគេឃើញតាមចិត្ត
១៣-មិនដើរកាច់ឫក កាច់រាង
១៤-ចេះសង្រួមភ្នែកមិនក្រឡេមក្រឡឺម ក្រឡាប់ចាក់
១៥-មិនផឹតក្បត់ចិត្តស្វាមី
១៦-មិនចេះប្រចណ្ឌស្វាមីដោយគ្មានហេតុផលច្បាស់លាស់
១៧-មានដំណើរល្អមិនគ្រលែងកាយទយគូទ
១៨-មិនបង់បោយញាក់ស្មាវាសជើងដៃឱ្យហួសប្រមាណ
១៩-មានសំឡេងស្រាលពីរោះច្បាស់លាស់
២០-មិនចេះឡេះឡោះលេងសើច
២១-មិននិយាយក្លែមសម្តីផ្ដោះផ្តងចំពោះបុរស
២២-ចេះគួរសមទទួលមាតាបិតា និងស្វាមី
២៣-ដឹងគុណ តបគុណមាតាបិតាញាតិសន្ដានទាំងសងខាង
២៤-មានកិច្ចទៅណាមកណាឆាប់ត្រឡប់មកវិញ
២៥-ចេះរៀបចំទុកដាក់អីវ៉ាន់ឱ្យបានល្អប្រពៃ
២៦-បរិភោគចំណីអាហារក្រោយមាតាបិតា និងស្វាមី
២៧-ឈប់បរិភោគអាហារមុនមាតាបិតា និងស្វាមី
២៨-ចូលគេងក្រោយស្វាមី
២៩-ក្រោកពីដំណេកមុនស្វាមី
៣០-មានមេត្តាករុណាចេះធ្វើបុណ្យសុន្ទរ៍ទាន
៣១-គ្មានកលមាយា ។
សុភាពនារីដែលប្រកបដោយលក្ខណៈ៣១ប្រការពេញលេញបែបនេះ លោកហៅថាស្ត្រីគ្រប់លក្ខណ៍។ តែទោះជាយ៉ាងណាលក្ខណៈគ្រប់លក្ខណ៍ដូចខាងលើនេះ បើធៀបនឹងសម័យបច្ចុប្បន្នវិញឃើញថា ចំណុចខ្លះវាហាក់ដូចជាបុរាណពេកហើយសម្រាប់នារីសម័យថ្មីនេះ ប៉ុន្តែបើស្ត្រីណាធ្វើបានទោះជាមិនគ្រប់ចំណុចទាំងអស់ គឺបានត្រឹមតែប្រការខ្លះក៏គួររាប់ថាជាមនុស្សស្រីគ្រប់លក្ខណ៍ ។
ចែករំលែកព័តមាននេះ